Header Ads

វ៉ាក់សុំាងបង្ការជំងឺរាគ ដែលបង្កឡើងដោយ ROTAVIRUS

 ១. ហេតុអ្វីអ្នកត្រូវទទួលវ៉ាក់សុំាងប្រភេទនេះ ?
រ៉ូតាវីរុស ( Rotavirus )ជាមេរោគម្យ៉ាងដែលអាចបណ្តាលអោយកើតជំងឺរាគ ជាពិសេសចំពោះទារក និងកុមារតូចៗ ។ ស្ថានភាពរាគនេះអាចធ្ងន់ធ្ងរដែលនាំអោយមានការខ្សោះជាតិទឹក ។ ការក្អូត និងក្តៅខ្លួន ត្រូវបានជួបជាញឹកញាប់ផងដែរ ក្នុងករណីរាគដែលបណ្តាលមកពីរ៉ូតាវីរ៉ុសនេះ ។
នៅមុនពេលដែលវ៉ាក់សុំាងបង្ការរ៉ូតាវីរុសត្រូវបានបង្កើតឡើង ជំងឺរាគដែលបង្កឡើងដោយរ៉ូតាវីរុស គឺជាបញ្ហាដ៏ចំបងមួយ នៅសហរដ្ធអាមេរិក ។ ស្ទើរគ្រប់ក្មេងទាំងអស់ត្រូវបានឆ្លងមេរោគនេះ យ៉ាងហោចណាស់មួយដង មុនពេលពួកគេអាយុ ៥ឆ្នាំ ។
វ៉ាក់សុំាងបង្ការជំងឺរាគដែលបង្កឡើងដោយរ៉ូតាវីរុសត្រូវបានផលិតឡើង ក្នុងឆ្នាំ២០០៦ ។ ចាប់តាំងពីពេលនោះមក ដោយសារប្រសិទ្ធភាពរបស់ថ្នាំបង្ការនេះ ចំនួនកុមារដែលចូលសំរាកពេទ្យ និងចំនួនកុមារដែលត្រូវសង្គ្រោះបន្ទាន់ ដែលបណ្តាលមកពីការបង្ករោគដោយសារមេរោគនេះមានការធ្លាក់ចុះគួរអោយកត់សំគាល់ នៅក្នុងសហរដ្ធអាមេរិក ។

២. វ៉ាក់សុំាងបង្ការជំងឺរាគបង្កដោយ Rotavirus
វ៉ាក់សុំាងនេះត្រូវផ្តល់ដល់កុមារ ចំនួន ២ដង តាមការណែនាំដូចខាងក្រោម៖
.. ដូសទី១ ៖ នៅពេលកុមារអាយុពី ១ខែកន្លះ ទៅ ២ខែ
.. ដូសទី២ ៖ ពី ១ខែ ទៅ ២ខែ បន្ទាប់ពីដូសទី១
បញ្ចាក់៖ ដូសទី២ ដាច់ខាតត្រូវផ្តល់អោយបានមុន កុមារអាយុ៦ខែ ។  

វ៉ាក់សុំាងនេះមានទំរង់ជាទឹក សំរាប់ផ្តល់តាមមាត់ មិនមែនជាទំរង់ថ្នាំចាក់ឡើយ ។ ថ្នាំបង្ការជំងឺរាគនេះអាចផ្តល់ព្រមពេលជាមួយគ្នានិងថ្នាំបង្ការផ្សេងៗទៀត ។ វ៉ាក់សុំាងបង្ការជំងឺរាគដែលបង្កដោយ Rotavirus នេះ មានប្រសិទ្ធភាពខ្ពស់ប្រឆាំងនិងការរាគ ឬ ក្អួត ដែលបណ្តាលមកពីមេរោគនេះ ។ ស្ទើរតែគ្រប់កុមារទាំងអស់ដែលបានទទួលវ៉ាក់សុំាងនេះអាចជៀសផុតពីអាការះរាគធ្ងន់ធ្ងរ ដែលបណ្តាលមកពី Rotavirus ។ ទោះយ៉ាងណាក៏ដោយ ថ្នាំបង្ការរាគមិនអាចការពារការរាគ ឬ ក្អួត ដែលបណ្តាលមកពីមេរោគផ្សេងៗទៀតបានឡើយ ។

៣. តើកុមារណាខ្លះដែលមិនគួរទទួលវ៉ាក់សុំាងនេះ ?
‌> កុមារដែលធ្លាប់មានប្រវត្តិប្រតិកម្មធ្ងន់ធ្ងរ ជាមួយវ៉ាក់សុំាងប្រភេទនេះពីមុន ឬ ធ្លាប់ប្រតិកម្មធ្ងន់ធ្ងរជាមួយសមាសធាតុផ្សំផ្សេងទៀត ដែលមានក្នុងវ៉ាក់សុំាងនេះ
> កុមារដែលមានប្រព័ន្ទភាពសុាំចុះខ្សោយ
> កុមារដែលធ្លាប់មានប្រវត្តិពោះវៀនលូនចូលគ្នា
>
កុមារដែលកំពុងមានជំងឺ (ការផ្តល់វ៉ាក់សុំាងគួរត្រូវបានពន្យាពេលរហូតដល់កុមារជាសះស្បើយសិន)

៤. ផលវិបាកដែលអាចកើតមានក្រោយទទួលវ៉ាក់សុំាង
ដូចឧសថផ្សេងៗទៀតដែរ វ៉ាក់សុំាងអាចបណ្តាលអោយមានផលវិបាកធ្ងន់ធ្ងរ ដូចជាប្រតិកម្មអាលែកស៊ីជាដើម ។ ប៉ុន្តែលទ្ធភាពដែលថ្នាំបង្ការនេះអាចបណ្តាលអោយមានផលវិបាកធ្ងន់ធ្ងរមានតូចបំផុត ។ ផលវិបាកដែលអាចកើតឡើងរួមមាន ៖
... រាគ ឬ ក្អួត ក្នុងទំរង់ស្រាល រញុាំរញ៉ូវ
... ពោះវៀនលូនចូលគ្នា ៖ វាជាទំរង់មួយនៃការស្ទះពោះវៀនស្រួលស្រាលលើកុមារ ។ ក្នុងករណីនេះ​ កុមារត្រូវសម្រាកពេទ្យជាបន្ទាន់ ហើយនិងអាចត្រូវទទួលការព្យាបាល ដោយការវះកាត់ទៀតផង ក្នុងករណីចាំបាច់ ។
ពោះវៀនលូនចូលគ្នាអាចកើតមានឡើងនៅសប្តាហ៏ ទី១ ក្រោយទទួលវ៉ាក់សុំាងបង្ការជំងឺរាគ​ ។ ក៏ប៉ុន្តែ ហានិភ័យនេះត្រូវបានគេប៉ាន់ប្រមាណថាអាចកើតមានក្នុងចន្លោះ ពី១ ក្នុងចំនោមទារក ២ម៉ឺន អ្នក ទៅ ១១ក្នុងចំនោមទារក ១សែនអ្នក ប៉ុណ្តោះ ៕
*** ប្រសិនបើមានសញ្ញាប្រតិកម្មធ្ងន់ធ្ងរ សូមជូនដំណឹងដល់គ្រូពេទ្យជាបន្ទាន់ ***



 


No comments

Theme images by Nikada. Powered by Blogger.