Header Ads

ជំងឺចុកថង់ទឹកប្រមាត់(Gallbladder Pain)

១- អ្វី​ជា​​ជំងឺ​ចុក​ថង់​ទឹក​ប្រមាត់?
ជា​ជំងឺ​បង្ក​ឲ្យ​ឈឺ​ចាប់​ខ្លាំង ​បណ្ដាល​មក​ពី​ការ​ប៉ះពាល់​លើ​ថង់​ទឹកប្រមាត់។ មូលហេតុ​ធំៗ​នាំឲ្យ​ ​ឈឺ​ចុក​ខ្លាំង ​មាន​ដូច​ជា​ការ​ឈឺ​នៅ​ម្ដុំ​ថ្លើម​ពេល​មាន​​ការ​ប៉ះពាល់​លើ​បំពង់​ទឹកប្រមាត់ ​ការ​រលាកថង់ទឹក​ប្រមាត់ ក្រួស​ក្នុង​ថង់​ទឹក​ប្រមាត់ ​រលាក​លំពែង និង​រលាក​បំពង់​ទឹក​ប្រមាត់​តូចៗ​ជាដើម។
២- កើតញឺកញាប់ដែរទេ?
បើមានចម្ងល់​ពាក់ព័ន្ធ​ជំងឺ​នេះ គួរសាក​សួរ​គ្រូពេទ្យ​សម្រាប់ព័ត៌​មាន​បន្ថែម។



រោគសញ្ញា

៣- រោគសញ្ញាមានអ្វីខ្លះ?
រោគសញ្ញា​អាច​ប្រែប្រួល​ និង​ញោច​ឲ្យ​ឈឺ​ខ្លាំង​តាមរយៈ​ចំណី​ណា​មួយ​យើង​បាន​ញ៉ាំ។ អាការៈ ​ឈឺ​មាន​លក្ខណៈ ​ឈឺ​បាត់ៗ​ ឈឺ​ចុក​នៅ​ហ្នឹង​ ឬ​រាល​ដាល​ទៅ​ខ្នង អាស្រ័យ​លើ​កត្តា​បង្ក​របស់ជំងឺ។ ជា​ធម្មតា​បើ​យើង​មានជំងឺ​ក្រួស​ក្នុង​ថង់​ទឹក​ប្រមាត់​ ​មិន​មាន​រោគសញ្ញា​ជាក់​ស្ដែង​នោះ​ទេ​ ប៉ុន្តែ​រោគ​សញ្ញា និង​មូលហេតុ ​អាច​កំណត់​បាន​តាមរយៈ​ទីតាំង​បង្ក​ឲ្យ​ការ​ឈឺ​ចាប់​ដូចជា៖
– ស្ទះ​បំពង់​ទឹក​ប្រមាត់៖ ឈឺ​ម្ដុំ​ថ្លើម​ដោយ​សារ​ការ​ស្ទះ​បំពង់​ទឹក​ប្រមាត់​ ធ្វើឲ្យឈឺ​ចុក​កើន​ឡើង​ភ្លាមៗ ​ផ្នែក​ពោះ​ខាង​ស្ដាំ ឬ​នៅ​ចុង​ដង្ហើម​ ពេល​ខ្លះ​អាច​រាល​ដាល​ទៅ​ខ្នងបង្ក​ទៅ​ជា​ចង្អោរ​ ឬ​ក្អួត​ជាដើម​ ហើយ​ការ​ឈឺ​ចាប់​នេះ​អាច​ធូរ​ស្រាល​វិញ​ប្រហែល​ពី​ ១-៥ ​ម៉ោង ​ឬ​ពេល​ខ្លះ​អាច​ឈឺមួយ​ថ្ងៃ​ពេញ​ក៏​មាន។
– រលាក​ថង់​ទឹក​ប្រមាត់​៖ បន្ទាប់​ពី​ស្ទះ​ អាច​មាន​ករណី​ឈឺ​ចុក​សៀត​ណែន​ខ្លាំង​ដូច​ខាង​លើ និង​ប្រែ​ទៅជា​បែក​ញើស​ ក្ដៅ​ខ្លួន​ ព្រឺ​ និង​ហើម​ពោះ​ ​ហើយ​ជាទូទៅ​ឈឺ​រយៈ​ពេល​យូរ ​ពិបាក​ទ្រាំ។
– រលាក​ប្រមាត់​៖​ ​អាការៈ​ដូច​រលាក​ថង់ទឹក​ប្រមាត់ ​ប៉ុន្តែ​ភាគ​ច្រើន​កើត​ឡើងនៅពេលយើង​មាន​ការ​ប៉ះ​ទង្គិច​ធ្ងន់ធ្ងរ​ ឬ​មាន​ជំងឺ​រលាក។
– រលាក​លំពែង៖ ​ដោយ​សារ​ផ្លូវ​បញ្ចេញ​រស់​លំពែង ​និង​ទឹក​ប្រមាត់​រត់​កាត់​គ្នា​ ពេល​មាន​ក្រួស ​អាច​ឲ្យ​មាន​ការ​ស្ទះ អាច​បង្ក​ឲ្យ​លំពែង​រលាក។ ជា​ទូទៅ ​គឺ​មាន​លក្ខណៈ​ឈឺ​​ខ្លាំង​បំផុត ឈឺ​ដូច​ត្រូវ​កាំបិត​ចាក់​ទម្លុះ​ទៅ​ក្រោយ​ខ្នង ពិសេស​​ឈឺ​កាន់​តែ​ខ្លាំង​ក្រោយ​ពេល​បាយ​រួច​ ថែម​ទាំង​មាន​ចង្អោរ ​ឬ​ក្អួត​ទៀត​ផង។
– រលាក​បំពង់​ទឹក​ប្រមាត់​តូចៗ៖ ភាគ​ច្រើន​ដោយ​សារ​ការ​ឆ្លង​រោគ​ ចេញ​ជា​សញ្ញា ​ដូចជា​ ក្ដៅ​ខ្លួន ឈឺ​ពោះ​ ឡើង​លឿង ​និង​ចុះ​សម្ពាធឈាម​ជាដើម។ ​ករណី​មាន​សភាព​វង្វេងវង្វាន់​លេច​ឡើង​ត្រូវ​ទៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់។
៤- ពេលណាគួរទៅជួបពេទ្យ?
បើសិនយើងប្រទះឃើញរោគសញ្ញាដូចខាងលើ ឬរោគសញ្ញាណាមួយគួរឲ្យសង្ស័យ ត្រូវពិភាក្សាជាមួយគ្រូពេទ្យជំនាញ ព្រោះរាងកាយមនុស្សម្នាក់ៗមានភាពខុសគ្នា រោគសញ្ញាក៏ខុសគ្នាដែរ។

មូលហេតុបង្ក

៥- អ្វីខ្លះជាមូលហេតុបង្ក?
មូលហេតុ​ធំៗ​នាំឲ្យ​ ​ឈឺ​ចុក​ខ្លាំង ​មាន​ដូច​ជា​ការ​ឈឺ​នៅ​ម្ដុំ​ថ្លើម​ពេល​មាន​​ការ​ប៉ះពាល់​លើ​បំពង់​ទឹកប្រមាត់ ​ការ​រលាកថង់ទឹក​ប្រមាត់ ក្រួស​ក្នុង​ថង់​ទឹក​ប្រមាត់ ​រលាក​លំពែង និង​រលាក​បំពង់​ទឹក​ប្រមាត់​តូចៗ​ជាដើម។ ប៉ុន្តែ​មូលហេតុ​ចម្បង​បង្ក​ឲ្យមា​នជំងឺ​នេះ គឺាមាន ២ ករណី​ពាក់ព័ន្ធបញ្ហា​ថង់​ទឹក​ប្រមាត់​ផ្ទាល់​តែ​ម្តង​ដូចជា៖
– ករណី​ស្ទះថង់​ទឹក​ប្រមាត់​ ឬអាច​បង្ក​ឲ្យ​សារ​មាន​ក្រួស​ក្នុង​ថង់​ទឹក​ប្រមាត់
– ករណីមា​នក្រួស​ក្នុង ឬ​រលាក​ថង់ទឹក​ប្រមាត់ អាចបណ្តាល​ឲ្យរលាក ឬឆ្លងរោគ​ទៅលើជា​លិការថង់ទឹក​ប្រមាត់​ ហើយ​ពេល​មាន​ការស្ទះ នឹង​ធ្វើ​ឲ្យ​លំហូរ​ឈាម​ទៅ​ចិញ្ចឹម​ជាលិកា​ផ្សេង​ៗ​ទៀត​ នៅជុំវិញនោះ រង​សម្ពាធធ្ងន់​ធ្ងរ ឬ​ខូច​ខាត​តែ​ម្តង។

កត្តាប្រឈម

៦- កត្តាប្រឈមមានអ្វីខ្លះ?
សាកសួរ​គ្រូពេទ្យសម្រាប់​ព័ត៌មានបន្ថែម។

រោគវិនិច្ឆ័យ និងការព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
គ្រូពេទ្យ នឹង​សួរ​ប្រវត្តិ​ជំងឺ និង​ពិនិត្យ​រាង​កាយ ព្រោះ​ជួយ​ពេទ្យ​អាច​ធ្វើ​រោគវិនិច្ឆ័យ​បែប​សន្និដ្ឋាន​ ​ពឹង​ផ្អែក​លើ​សញ្ញា Murphy ដោយ​ឲ្យ​យើង​ដក​ដង្ហើម​ចូល​វែង​មួយ​ រួច​ទប់​ប៉ុន្មាន​វិនាទី ទើប​យក​ម្រាម​ដៃ​សង្កត់​ត្រង់​ចំណុច​ម្ដុំ​ថ្លើម​ក្រោម​ឆ្អឹង​ជំនីរ​ បើ​សិន​ជា​ឈឺ​ គឺ​ច្បាស់ ៩៥ភាគរយ ថា​មាន​ការ​រលាក​ស្រួច​ស្រាវ។ ពេទ្យ​នឹង​ធ្វើ​តេស្ត​ឈាម​ដើម្បី​វាស់​ជាតិ​ លីប៉ាស​ និង​អាមីឡាស ​បូក​រួម​ទាំង​ថត​កាំរស្មី​អ៊ិច ដើម្បី​ធ្វើ​ការ​អង្កេត​វិភាគ​បន្ត។ ក្រៅ​ពី​វិធី​ទាំង​នេះ​ពេទ្យ​អាច​មើល​អេកូ ថត​ស៊ីធី​ និង​ថត​ អឹម​រ៉ាយ ( MRI ) ​ដើម្បី​ទទួល​រូបភាព​កាន់​តែ​ច្បាស់ ​ងាយ​ស្រួល​មើល​សរីរាង្គ​ជាប់​ពាក់ព័ន្ធ ​និង​កំណត់​ច្បាស់​ពី​មូលហេតុ។
៨- ព្យាបាលដោយវិធីណា?
ក្នុង​ករណី​មិន​មាន​ការ​ឈឺ​ចាប់ ​ឬ​ធ្លាប់​មាន​ការ​ឈឺ​ចាប់​ប្រភេទ​ចុក​ប្រមាត់​ ក្រោម ២ដង និងឈឺតិចៗ ​មិន​តម្រូវ​ឲ្យ​ព្យាបាល​នោះ​ទេ ​ប៉ុន្តែ​​ករណី​​ធ្វើ​ទុក្ខ​ម្ដងៗ​ឈឺ​ខ្លាំង ​ត្រូវ​ព្យាបាល​ដូច​ខាង​ក្រោម៖
– ព្យាបាល​ដោយ​ទឹកអំបិល ​មាន​ប្រសិទ្ធភាព​តិច​ជាង​ ៥០ភាគរយ
– ប្រើ​សារធាតុ Ursodiol (ថ្នាំព្យាបាលរំលាយក្រួស)
– ព្យាបាល​ដោយ​រំលាយ​ក្រួស
– បាញ់​កម្ទេចក្រួស​ពី​ខាង​ក្រៅ​ដោយ​រលកសំឡេង​​ពិសេស ( Shock Waves )
​ទោះ​ជា​យ៉ាង​ណា​ វីធី​ព្យាបាល​ឲ្យ​ជា​ដាច់ ​មាន​តែ​មួយ​ប៉ុណ្ណោះ គឺ​វះកាត់​យក​ថង់​ទឹក​ប្រមាត់​នោះ​ចេញ ដោយសារ​វិស័យ​វេជ្ជសាស្ត្រ​សម័យ​នេះជឿនលឿន​ គេ​មិន​ចាំ​បាច់​វះ​ពោះ​ទេ គឺ​គ្រាន់​តែ​ចោះ​ពោះ​ និង​ស៊ក​ឧបករណ៍​ប៉ិន​កូនដៃ​ចូល ដើម្បី​កាត់​ថង់​ប្រមាត់​ចេញ។ ប៉ុន្តែ​អាច​លាប់​វិញ​បើ​សិន​ជា​មាន​ការ​ប៉ះពាល់​លើ​សាច់​ដុំ​ខ្ជឹបប​ណា​មួយ​លើ​ផ្លូវ​ទឹក​ប្រមាត់​ក្រោយ​ពេល​វះកាត់។ ករណី​នេះ​តម្រូវ​ឲ្យ​មាន​ការ​វះកាត់​កែ​លម្អ​ឡើង​វិញ។
ចំពោះ​ស្ត្រី​​មាន​ផ្ទៃ​ពោះ​វិញ គឺ​ព្យាបាល​ដូច​គ្នា ​​គេ​សង្កេត​ឃើញ​ថា​ការ​វះកាត់​យក​ទឹក​ប្រមាត់​ចេញ​ គឺ​ញឹកញាប់​ជាង​គេ ​បន្ទាប់​ករណី​វះកាត់​រលាក​ខ្នែង​ពោះ​វៀន។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– រក្សា​តុល្យភាព​ទម្ងន់ ​និង​របប​អាហារ​មាន​សារ​ធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់ ​ដូចជា ​បន្លែ​ ផ្លែឈើ​ស្រស់ៗ​គ្មាន​ជាតិគីមី។ ហាត់​ប្រាណបង្ហាញ​ថា អាចជួយបំបាត់​​ឈឺ​ចាប់ ប៉ុន្តែ​មាន​ឥរិយាបថ​ខ្លះ យើង​មិន​ត្រូវ​ធ្វើ​នោះ​ទេ ព្រោះ​អាច​បណ្តាល​ឲ្យ​ឈឺ​កាន់​តែ​ខ្លាំង។ ក្នុង​ករណី​នេះ​បើ​មិន​ច្បាស់​អាច​ទៅ​សួរ​គ្រូពេទ្យ​បន្ថែម​។
– ស្អំ​ទឹក​ក្ដៅ​ឧណ្ហៗ​បាន​ពេល​ធ្វើ​ទុក្ខ​ម្ដង​ៗ
– ជាតិ ​ម៉ុងតុល ​មាន​នៅ​ក្នុង​ ជីរអង្កាម​ បង្ហាញ​ថា​មាន​ប្រសិទ្ធភាព ជួយ​សម្រួល​ការ​ឈឺ​ចាប់​ ឬ​អាច​ផឹក​តែ​ជីអង្កាម​រៀង​រាល់​ថ្ងៃ​កាន់​តែ​ប្រសើរ។

No comments

Theme images by Nikada. Powered by Blogger.