Header Ads

ជំងឺរលាកក្រពះ(Gastritis)

១‑ អ្វី​ទៅ​ជា​ជំងឺ​រលាក​ក្រពះ?
រលាក​ក្រពះ ជា​ជំងឺ​​កើត​ឡើង​ដោយ​សារ​ការ​រលាក ឬ​ហើម​ស្រទាប់​កម្រាល​នៃ​ក្រពះ។ ជំងឺ​នេះ អាច​កើត​ឡើង​ភ្លាមៗ ឬ​កើត​មាន​រាប់​ឆ្នាំ​ហើយ​ដោយ​យើង​មិន​បាន​ដឹង​ជា​មុន។ យ៉ាង​ណា រលាក​ក្រពះ មិន​មែន​ជា​ជំងឺ​ធ្ងន់​ធ្ងរ​នោះ​ទេ អាច​ព្យាបាល​ជា​ក្នុង​ពេល​ខ្លី បើ​សិន​ជា​ព្យាបាល​បាន​ត្រឹម​ត្រូវ។ តែ​ករណី​ខ្លះ ជំងឺនេះ​អាច​នឹង​​វិវត្ត​ជា​ដំបៅ​ក្រពះ នាំ​ឲ្យ​ប្រឈម​មុខ កើត ជំងឺ​មហារីក​ក្រពះ​ ទៀត​ផង​។
២‑ រលាក​ក្រពះ​កើត​ញឹកញាប់​ដែរ​អត់?
ជំងឺ​នេះ កើត​មាន​ជា​ញឹក​ញាប់​ណាស់ ហើយ​កាន់​តែ​សម្បូរចំពោះ​គ្នា​យើងប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ និង​ផឹក​ស្រា។

រោគសញ្ញា

៣‑ រោគសញ្ញា​ជំងឺ​រលាក​ក្រពះ​មាន​អ្វី​ខ្លះ?
អ្នក​ជំងឺ ភាគ​ច្រើន​មិន​មាន​រោគ​សញ្ញា​នោះ​ទេ ប៉ុន្តែរោគ​សញ្ញា​ឧស្សាហ៍​ជួប​បំផុត​រួម​មាន៖
– មិន​ឃ្លាន​អាហារ
– ក្អួត​ចង្អោរ
– ចុក​ពោះ​ផ្នែក​ខាង​លើ (ចុង​ដង្ហើម​ជាដើម)
– ណែន​ពោះ​ក្រោយ​ពេល​ញ៉ាំ។
បើ​សិន​ជា​មាន​ហូរ​ឈាម​ក្នុង​ស្រទាប់​កម្រាល​ក្រពះ យើង​អាច​នឹង​មាន​រោគ​សញ្ញា​ដូច​ខាង​ក្រោម៖
– លាមក​ខ្មៅ
– ក្អួត​ឈាម ឬ​ក្អួត​ពណ៌​កាហ្វេ
ជំងឺ​នេះ អាច​មាន​រោគ​សញ្ញា​ផ្សេងៗ​មិន​បាន​រៀប​រាប់​នៅ​ខាង​លើ។ បើ​​មាន​ការ​ក្តី​បារម្ភ​ពី​រោគ​សញ្ញា​ណា​មួយ​នោះ ​សូម​ទៅ​ពិគ្រោះជា​មួយ​គ្រូពេទ្យ។
៤‑ ពេល​ណា​ត្រូវ​ទៅ​ជួប​ពេទ្យ?
បើ​សិន​ជា​អាការៈ​មិន​បាន​ធូរ​ស្រាល គួរ​ទៅ​ជួប​ពិ​គ្រោះ​ជាមួយ​គ្រូពេទ្យ​ពី​បញ្ហា​ទាំង​នេះ។ ប្រាប់​ពេទ្យ​រាល់​បញ្ហាយើង​កំពុង​ជួប​ប្រទះ ពិសេស​ថ្នាំ​មួយ​ចំនួន​យើង​កំពុង​ប្រើ ដូចជា អាស្ពេរីន និង​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ផ្សេងៗ។ លើស​ពី​នេះ បើ​មាន​ឈាម​ក្នុង​លាមក ឬ​ក្អួត​ឈាម​នោះ ត្រូវ​ទៅ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​​រក​មូល​ហេតុ​ពិត​ប្រាកដ​ឲ្យ​ឃើញ។

មូលហេតុបង្ក

៥‑ មូលហេតុ​នាំ​ឲ្យ​រលាក​ប្រពះ
មូលហេតុ​ឧស្សាហ៍​កើត​មាន​បំផុត ដូច​ជា៖
– ប្រើ​ថ្នាំ​មួយ​ចំនួន មាន​ថ្នាំ អាសេ្ពរីន ឬ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ផ្សេងៗ
– ផឹក​ស្រា
– មាន​មេរោគ Helicobacter pylori ក្នុង​ក្រពះ
មូល​ហេតុ​ផ្សេង៖
– ជំងឺ​ប្រព័ន្ធ​ការពារ (ដូច​ជា​ជំងឺ​ស្លេក​ស្លាំង​ជា​ដើម)
– ច្រាលអាស៊ីដ​ក្រពះ
– ប្រើ​គ្រឿង​ញៀន (កូកាអ៊ីន)

កត្តាប្រឈម

៦‑ កត្តា​ប្រឈម​កើត​ជំងឺ​រលាក​ក្រពះ
កត្តា​ប្រឈម​រួម​មាន៖
– ឧស្សាហ៍​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់
– អាយុ​ច្រើន
– ស្រ្តេស
– ផឹក​ស្រា
– ជំងឺឆ្លង​ផ្សេងៗ ដូចជា ជំងឺ​អេដស៍ (HIV) ជំងឺ Crohn’s Disease និងជំងឺ​បង្ក​ដោយ​បាក់តេរី​ផ្សេងៗ។

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាន​នេះ មិន​អាច​យក​ទៅ​ប្រើ​ប្រាស់​គ្រប់​ប្រភេទ​ជំងឺ​ទេ។ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យជំ​នាញ​សម្រាប់​ព័ត៌មាន​បន្ថែម។
៧‑ ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​វិធី​ណា?
ជា​ធម្មតា រោគ​វិនិច្ឆ័យ អាស្រ័យ​លើ​អាការៈ​ជំងឺ តែ​ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់​នោះ គ្រូពេទ្យ​នឹងធ្វើ​តេស្ត​មួយ​ចំនួន​ដូច​ជា៖
– ឆ្លុះ​មើល​ក្រពះ
– ច្រឹប​សាច់​រកមើល​មេរោគ​ H. pylori ក្នុង​ក្រពះ
– ពិនិត្យ​ឈាម ឬ​លាមក​រក​មើល​មេរោគ។
៨‑ ព្យាបាល​ដោយ​វិធី​ណា?
ថ្នាំផ្សះ និ​ងថ្នាំ​ទប់​ទល់​អាស៊ីដ​ក្រពះ ត្រូវ​គេ​ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​រលាក​ក្រពះ​រ៉ាំ​រ៉ៃ ដោយ​សារ​មេរោគHelicobacter pylori។ យើង​ខ្លួន​ឯង ត្រូវ​ចៀស​វាង​ផឹក​ស្រា ក៏​ដូច​ជា​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ផ្សេងៗ អំឡុង​ពេល​ព្យាបាល ខណៈ​ថ្នាំ​បន្ថយ​អាស៊ីដ​ក្រពះ​អាច​ប្រើ​បាន​រួម​មាន៖
– ក្រុមថ្នាំ Antihistamine-2 (H2)៖ Famotidine, Cimetidine, Ranitidine និង​ថ្នាំ Nizatidine។
– ក្រុមថ្នាំ Proton pump inhibitors (PPI)៖ Omeprazole, Esomeprazole, Iansoprazole, Rabeprazole និង Pantoprazole។
បើ​​ជំងឺ​ស្ថិត​ក្នុង​កម្រិត​ធ្ងន់​ធ្ងរ យើង​អាច​ប្រើ​ថ្នាំ​ចាក់​តាម​សរសៃ និង​ថ្នាំ​បន្ថយ​អាស៊ីត​ក្រពះ​ផ្សេងៗ​ទៀត។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩‑ ផ្លាស់ប្តូរ​ទម្លាប់​រស់​នៅ
ផ្លាស់​ប្តូរ​ទម្លាប់​រស់​នៅ និងវិធី​ព្យាបាល​ដោយ​ខ្លួន​ឯង អាច​ជួយ​ព្យាបាល និង​បង្ការ​ជំងឺ​បាន​ដូច​ជា៖
– ញ៉ាំ​អាហារ​តិចៗ តែ​ច្រើន​ដង
– ញ៉ាំ​អាហារ​បាន​ចម្អិន​ត្រឹម​ត្រូវ
– លាង​សម្អាត​ដៃ​មុន​ញ៉ាំ​អាហារ ដើម្បី​ការពារ​ករណី​ឆ្លង​មេរោគ
ធ្វើ​តាម​ការ​ណែ​នាំ​របស់​គ្រូពេទ្យ មិន​ត្រូវ​ប្រើ​ថ្នាំ​ដោយ​គ្មាន​វេជ្ជ​បញ្ជា ឬ​ឈប់​ដោយ​គ្មាន​ការ​អនុញ្ញាត​នោះ​ទេ។

No comments

Theme images by Nikada. Powered by Blogger.