Header Ads

មេរោគក្រពះ Helicobacter Pylori !

១) មេរោគក្រពះអាចបង្កជាជំងឺអ្វីខ្លះ? ហើយវាអាចបង្កជារោគសញ្ញាដូចម្តេច?
- មេរោគក្រពះ H. pylori ត្រូវបានគេរកឃើញនៅឆ្នាំ ១៩៩៤ ហើយមេរោគនេះ ត្រូវបានគេទទួលស្គាល់ថាជាមេរោគដែលអាចបង្កអោយកើតជាដំបៅក្រពះ និងមហារីកក្រពះ។
- មេរោគក្រពះអាចបង្កជាជំងឺមួយចំនួនដូចជា៖
• ជំងឺរលាកក្រពះ (100%)
• ដំបៅក្រពះ (១០%)
• មហារីកក្រពះ (១%)
- រោគសញ្ញារួមមាន៖
• ចុកឆ្អល់ក្នុងពោះ
• តឹងណែនចុងដង្ហើម
• ក្រហាយ ឬក្តៅនៅចុងដង្ហើម
• បត់ជើងមកពណ៌ខ្មៅ ឬមានឈាមជាដើម
២) តើធ្វើយ៉ាងណាដើម្បីអោយដឹងថាអ្នកជំងឺ មានមេរោគក្រពះ?
- ដើម្បីធ្វើរោគវិនិច្ឆ័យថាអ្នកជំងឺមានមេរោគក្រពះឬទេ យើងត្រូវ៖
• យកកោសិកាក្រពះមកពិនិត្យ
• ធ្វើតេស្តដង្ហើម
• ធ្វើតេស្តលាមក
៣) ក្នុងចំណោមវិធីសាស្រ្តទាំងបីនេះ តើវិធីមួយណាដែលល្អប្រសើរជាងគេសំរាប់រកមេរោគក្រពះ?
- វិធីសាស្រ្តទាំង៣ខាងលើនេះ គឺមានប្រសិទ្ធិភាពខ្ពស់ដូចគ្នាក្នុងការរកមេរោគក្រពះ ប៉ុន្តែវាមានលក្ខណៈពិសេសរៀងៗខ្លួន ដូចជាការយករំអិលក្រពះមកពិនិត្យ វិធីនេះតម្រូវចាំបាច់អោយមានការសុងក្រពះដើម្បីយករំអិលក្រពះទៅពិនិត្យ ដែលអ្នកជំងឺភាគច្រើន មានការភ័យខ្លាច ប៉ុន្តែវាក៏មានផលចំណេញជាច្រើនទៀតដែរដូចជា បន្ថែមពីលើការរកមេរោគក្រពះ គឺយើងអាចធ្វើរោគវិនិច្ឆ័យបានថា អ្នកជំងឺមានបញ្ហានៅក្នុងក្រពះផ្សេងទៀតដូចជា រលាកក្រពះ ដំបៅក្រពះ និងមហារីកក្រពះជាដើម។ វាអាចជួយអោយគ្រូពេទ្យធ្វើការព្យាបាលនូវផលវិបាកមួយចំនួនដូចការព្យាបាលការហូរឈាមក្រពះជាដើម។ ចំណែកឯការធ្វើតេស្តលាមក និងតេស្តដង្ហើម វាមិនតំរូវអោយអ្នកជំងឺត្រូវធ្វើការសុងក្រពះនោះទេ គឺការធ្វើតេស្តលាមក អ្នកជំងឺគ្រាន់តែយកលាមកមកអោយគ្រូពេទ្យ ដើម្បីីធ្វើការពិនិត្យជាការស្រេច រីឯការធ្វើតេស្តដង្ហើម អ្នកជំងឺគ្រាន់តែធ្វើតាមការណែនាំរបស់គ្រូពេទ្យ ដោយគ្រាន់តែ ផ្លុំខ្យល់ចូលទៅក្នុងថង់ រួចយកទៅពិនិត្យជាការស្រេច និងអាចទទួលបានលទ្វផលភ្លាមៗបន្ទាប់ពីការផ្លុំ។
៤) តើការធ្វើតេស្តដង្ហើមតម្រូវអោយអ្នកជំងឺត្រៀមអ្វីខ្លះ?
- ការធ្វើតេស្ត តម្រូវអោយអ្នកជំងឺ៖
• តមអាហារយៈពេល៦ម៉ោង
• បញ្ឈប់នូវការប្រើប្រាស់ថ្នាំផ្សះរយៈពេលយ៉ាងតិច១ខែ
• បញ្ឈប់នូវការប្រើប្រាស់ថ្នាំក្រពះរយៈពេលយ៉ាងតិច២សប្តាហ៍
៥) តើអ្នកជំងឺប្រភេទណាខ្លះ ដែលគួរជ្រើសរើសយកការធ្វើតេស្តដង្ហើម?
- ជាទូទៅប្រសិនបើមិនមានការចាំបាច់ក្នុងការសុងក្រពះទេ តេស្តដង្ហើម គឺសាកសមបំផុតសំរាប់ធ្វើរោគវិនិច្ឆ័យ ថាអ្នកជំងឺមានមេរោគក្រពះឬទេ។ ប៉ុន្តែក្នុងករណីចាំបាច់ អ្នកជំងឺត្រូវធ្វើការសុងក្រពះនោះ ការយកកោសិកាក្រពះពិនិត្យ គឺជាមធ្យោបាយល្អបំផុត។
រោគសញ្ញាដែលបញ្ជាក់ថាអ្នកជំងឺគួរសុងក្រពះ រួមមាន៖
- បន្ទោរបង់មកខ្មៅ ឬមានឈាម
- អ្នកជំងឺស្រកទំងន់ខុសធម្មតា
- កង្វះគ្រាប់ឈាមដោយឥតមូលហេតុ
- មានអាយុលើសពី៥០ឆ្នាំ ហើយមានរោគសញ្ញាចុកឆ្អល់ចុងដង្ហើមថ្មីៗ
- ធ្លាប់កាត់ក្រពះ
៦) តើការមើលឈាមអាចបញ្ជាក់បានថា អ្នកជំងឺមានមេរោគក្រពះដែរឬទេ?
- ការមើលឈាមមិនអាចបញ្ជាក់បានថាអ្នកជំងឺមានមេរោគក្រពះនោះទេ។ ការមើលឈាម គ្រាន់តែអាចបញ្ជាក់បានថា អ្នកជំងឺមានប្រព័ន្ធការពារប្រឆាំងនឹងមេរោគ មិនមែនមេរោគនោះទេ។
- ការមើលឈាមឃើញ អាចមានលទ្ធផល២៖
អ្នកជំងឺអាចឆ្លងមេរោគពីមុនរួចជាទៅវិញ ឬអ្នកជំងឺមានមេរោគពិតមែន ដែលយើងមិនអាច បែងចែកដាច់ថាអ្នកជំងឺឈឺ ឬអត់។
៧) បើមិនមានការព្យាបាល អ្នកជំងឺអាចមានបញ្ហាអ្វីខ្លះ?
- ជាទូទៅបើមិនមានការព្យាបាលត្រឹមត្រូវរយៈពេលមួយ អ្នកជំងឺនឹងវិវត្តន៍ទៅជារលាកក្រពះរ៉ាំរ៉ៃ ហើយអាចក្លាយទៅដំបៅក្រពះ និងជាចុងក្រោយមហារីកក្រពះ។
៨) តើបន្ទាប់ពីការព្យាបាល អាចការពារអ្នកជំងឺមិនអោយកើតមហារីកក្រពះបានដែរឬទេ?
- បើការព្យាបាលទាន់ពេលវេលា យើងអាចការពារមិនអោយមានជំងឺមហារីកក្រពះបាន។ ប៉ុន្តែក្នុងករណីយឺតយ៉ាវ ការរលាករ៉ាំរ៉ៃ អាចធ្វើអោយកោសិកាក្រពះមានការផ្លាស់ប្តូរទៅជាស្វិត ការព្យាបាលអាចកាត់បន្ថយអត្រាមហារីកបាន ប៉ុន្តែមិនបាន១០០%នោះទេ។
“ប្រសិនបើលោកអ្នកមានអាការៈ ឬរោគសញ្ញា ដូចដែលបានរៀបរាប់ខាងលើ សូមអញ្ជើញមកជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិនិច្ឆ័យនិងឈានទៅរកការព្យាបាលឲ្យបានត្រឹមត្រូវហើយទាន់ពេលវេលា ជៀសវាងការយឺតពេលដែលអាចឈានដល់ដំណាក់កាលធ្ងន់ធ្ងរ”



No comments

Theme images by Nikada. Powered by Blogger.