Header Ads

គ្រោះថ្នាក់នៃការរៀបការជាមួយអ្នកជាប់សាច់ឈាម

1️⃣ រឿងទី១ គឺមនុស្សម្នាក់ៗមានក្រូម៉ូសូម២៣គូ ដែល២៣បានមកពីម្តាយនិង២៣ទៀតបានមកពីឪពុក។ សែននៅលើគូក្រូម៉ូសូមនីមួយៗជាអ្នកកំណត់លក្ខណៈមួយរបស់សារពាង្គកាយ។ ឧទាហរណ៍ នៅលើក្រូម៉ូសូមនីមួយៗ នៃគូក្រូម៉ូសូមទី១៥ មានសែនដែលកំណត់ពណ៌ភ្នែក។ ដោយសារក្រូម៉ូសូមទាំង២ទទួលបានពីម្តាយ១និងពីឪពុក១ សែនដែលកំណត់ពណ៌ភ្នែកនេះអាចកំណត់ពណ៌ខុសគ្នា។ បើសិនជាពណ៌ភ្នែកកាត់តាមម្តាយ មានន័យថាសែនម្តាយជាសែនលុបហើយសែនឪពុកជាសែនអន់ បើពណ៌ភ្នែកកាត់តាមឪពុកមានន័យថាសែនឪពុកជាសែនលុបហើយសែនម្តាយជាសែនអន់វិញ។

2️⃣ រឿងទី២ សែនដែលកំណត់ជំងឺរឺភាពមិនប្រក្រតីភាគច្រើនជាសែនអន់ មានន័យថាជំងឺរឺភាពមិនប្រក្រតីទាំងនោះលេចឡើងតែនៅពេលដែលសែនអន់ជួបជាមួយសែនអន់ប៉ុណ្ណោះ។

ការរៀបការរវាងអ្នកដែលមានជាប់សាច់ឈាម នាំអោយហានិភ័យដែលសែនអន់ជួបជាមួយសែនអន់កាន់តែខ្ពស់ ព្រោះអ្នកទាំង២មានសែនដែលដូចគ្នាច្រើន។ សាច់ឈាមកាន់តែជិត សែនដូចគ្នាកាន់តែច្រើន ហានិភ័យនៃការលេចឡើងនៃភាពមិនប្រក្រតីក៏កាន់តែច្រើន។

ពន្យល់ពាក្យ៖
ក្រូម៉ូសូម ជាម៉ូលេគុលដែលផ្ទុកADNរបស់ភាវៈរស់។ ក្រូម៉ូសូមនៅក្នុងកោសិកាប្រៀបដុំអំបោះដែលកើតពីសរសៃអំបោះរុំចួលគ្នា (សរសៃអំបោះតំណាងអោយADN)។

ADN (អាសុីតដេអុកសុីរីបូនុយក្លេអិច) ជាម៉ូលេគុលដែលផ្ទុកព័ត៌មានសេនេទិច (ព័ត៌មានកំណត់លក្ខណៈសារពាង្គកាយ)របស់ភាវៈរស់។ ADNគឺជាម៉ូលេគុុលខ្សែវែងដែលកើតពីការតភ្ជាប់គ្នានៃនុយក្លេអូទីត។

សែន គឺជាអង្កត់មួយនៃADNដែលកំណត់សំយោគប្រូតេអុីនយថាប្រភេទ។ ប្រូតេអុីនដែលសំយោគបាននឹងចូលរួមកំណត់លក្ខណៈរបស់ភាវៈរស់។







No comments

Theme images by Nikada. Powered by Blogger.