ទឹកដក់ក្នុងសន្លាក់ ?
តើអ្វីទៅជា ទឹកដក់ក្នុងសន្លាក់ ?
ទឹកសន្លាក់គឺជាសារធាតុរាវ មួយប្រភេទដែលផលិតដោយកោសិកាសន្លាក់ ហើយមានតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការកកិតរវាងផ្ទៃសន្លាក់ ជាពិសេសនៅតាមសន្លាក់ធំៗ ដូចជាសន្លាក់ជង្គង់ សន្លាក់ត្រកៀក ល និង ល ។ នៅក្នុងល័ក្ខខ័ណ្ឌសន្លាក់ធម្មតា បរិមាណទឹកសន្លាក់មានតិចតួចតែប៉ុណ្ណោះ សម្រាប់បំពេញតួនាទីការងាររបស់វា ។ នៅពេលដែលសន្លាក់មួយមានបញ្ហា កោសិកាសន្លាក់ក៏ចាប់ផ្តើមបញ្ចេញនូវបរិមានមួយលើសលប់ នឹងបង្ករឲ្យមាន ទឹកដក់នៅក្នងសន្លាក់ ។ សន្លាក់ដែលតែងតែមានបញ្ហាជាញឹកញយជាងគេ គឺសន្លាក់ជង្គង់ ។
#តើធ្វើដូចម្តេចទើបអាចដឹងថាមាន ទឹកដក់ក្នុងសន្លាក់ ?
នៅពេលដែលមានទឹកដក់ក្នុងសន្លាក់ អ្នកជម្ងឺអាចមានអាការះឈឺចាប់ ហើម ឬក៏ប៉ោងនៅតាមសន្លាក់ដែលមានបញ្ហា ។ គ្រូពេទ្យអាចពិនិត្យដឹងតាមរយះការពិនិត្យ តាមរយះ X-ray និងតាមរយះ Ultrasound ល និង ល ។
#ទឹកដក់ក្នុងសន្លាក់បង្ករមកពីមូលហេតុអ្វីខ្លះ ?
ទឹកដក់ក្នុងសន្លាក់បង្ករមកពីមូលហេតុជាច្រើនដូចជា ៖
បញ្ហាមេកានិក ៖ ជម្ងឺសឹកសន្លាក់ឆ្អឹង របួសសរសៃពួរ ( ACL or PCL injury) ល និង ល ។
បញ្ហាការរលាក ៖ ការលើសជាអាស៊ីត ជម្ងឺប្រព័ន្ធភាពសុំាប្រឆាំងខ្លួនឯង មេរោគក្នុងសន្លាក់ ល និង ល ។
#ការវិភាគទៅលើពណ៌ទឹកសន្លាក់ ៖
ដោយសារតែមូលហេតុបង្ករមានច្រើន ទឹកសន្លាក់ដែលមានបញ្ហាក៏មានរូបសណ្ឋាន និង ដោយឡែកៗពីគ្នាដែរ ។ ប្រភេទទី១ ពណ៌ទឹកតែថ្លា ភាគច្រើន បង្កមកពីបញ្ហាមេកានិក ដូចជា ជម្ងឺសឹកសន្លាក់ឆ្អឹង របួសសរសៃពួរ ( ACL or PCL injury) ល និង ល ។ ប្រភេទទី២ ពណ៌ទឹកតែចាស់ ភាគច្រើន បង្កមកបញ្ហាការរលាកដូចជាជម្ងឺប្រព័ន្ធភាពសុំាប្រឆាំងខ្លួនឯង ។ ប្រភេទទី៣ ពណ៌សស្រអាប់ដូចទឹកបាយឬខ្ទុះ ភាគច្រើន បង្កមកបញ្ហា ការលើសជាអាស៊ីត និង មេរោគក្នុងសន្លាក់ ។ ប្រភេទទី ៤ ពណ៌សស្រអាប់ និងមានលាយឈាម ភាគច្រើន បង្កមកបញ្ហា ការលើសជាអាស៊ីត និង មេរោគក្នុងសន្លាក់ ជម្ងឺប្រព័ន្ធភាពសុំាប្រឆាំងខ្លួនឯង និង ជម្ងឺឈាមក្រកក ជាដើម ។
ប្រសិនបើលោកអ្នកមានបញ្ហា ឬសង្ស័យថាមានបញ្ហាទឹកដក់ក្នុងសន្លាក់ សូមរួសរាន់ប្រញាប់ពិគ្រោះជាមួយគ្រូពេទ្យឯកទេសរបស់អ្នក។
No comments