Header Ads

ជំងឺ​ដំបៅ​ក្រពះ(Peptic Ulcer)

១- អ្វី​ទៅ​ជា ជំងឺ​ដំបៅ​ក្រពះ?

ជំងឺ​ដំបៅ​ក្រពះ (Peptic Ulcer) គឺ​ជា​ដំបៅ​ដែល​កើត​មាន​នៅ​លើ​ផ្ទៃ​ក្រពះ និង​ឌុយអដេនុម (Duodenum – ផ្នែក​ដំបូង​នៃ​ពោះវៀន​តូច​ដែល​ភ្ជាប់​នឹង​ក្រពះ)។ ដំបៅក្រ​ពះ​​គឺ​កើត​ឡើង​នៅ​ពេល​ដែល​ផ្ទៃ​ក្រពះ​និង​ឌុយអដេនុម រង​ការ​ដាច់​រលាត់ ហើយ​ជាលិកា​នៅ​ខាង​ក្រោម​លេច​ចេញ​ឡើង​មក។ ដំបៅ​នៅ​ក្រពះ​កើត​ឡើង​ច្រើន​ជាង​៤ដង​បើ​ធៀប​នឹង​ដំបៅ​នៅ​ឌុយអដេនុម។

២- តើ​ជំងឺ​ដំបៅ​ក្រពះកើត​ឡើង​ញឹក​ញាប់​ឬ​ទេ?

ជំងឺ​ដំបៅក្រពះ​ គឺ​កើត​ឡើង​ញឹក​ញាប់​ណាស់ ជា​ពិសេស​ប៉ះពាល់​ញឹក​ញាប់​ចំពោះ​មនុស្ស​វ័យ​ចំណាស់។ជំងឺ​ដំបៅ​ក្រពះ​​អាច​គ្រប់​គ្រង​បាន​ដោយ​បន្ថយ​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម។

រោគ​សញ្ញា

៣- តើ​រោគ​សញ្ញាជំងឺ​ដំបៅ​ក្រពះមាន​អ្វី​ខ្លះ?

រោគសញ្ញា​ទូទៅ​ដែល​កើត​មាន​ញឹក​ញាប់​នៃ​ជំងឺ​ដំបៅក្រពះ​​គឺ​៖
មាន​អារម្មណ៍​ឈឺ ឬ​ក្រហាយ​នៅ​ក្នុង​ពោះ។ អារម្មណ៍​ឈឺ​ចាប់​គឺ​ញឹក​ញាប់​នៅ​ចន្លោះ​ពី​តំបន់​រន្ធផ្ចិត (umbilical area) និង ចង្អូរ​សន្ទះ​ទ្រូង (Sternum) ហើយ​និង៖
– មាន​អារម្មណ៍​ឈឺ​ពេល​ពោះ​ទទេ ដូច​ជា​អំឡុង​ពេល​បាយ និង​ពេល​យប់​ជា​ដើម
– បាត់​ឈឺ​ពេល​ញ៉ាំ ឬ​ពេល​ប្រើ​ថ្នាំ​ផ្សះ
– ឈឺ​ជាប់​រយៈពេល​ពីរ​បី​នាទី ទៅ​ពីរ​បី​ម៉ោង
– ឈឹ​បាត់ៗ រយៈពេល​ពីរ​បី​ថ្ងៃ ពីរ​បី​អាទិត្យ និង​ពីរ​បី​ខែ
រោគ​សញ្ញា​ដែល​មិន​កើត​មាន​ញឹក​ញាប់​រួម​មាន៖
– ហើម​ពោះ
– ភើរ
– មាន​អារម្មណ៍​មិន​ស្រួល​នៅ​ក្នុង​ពោះ
– មិន​ឃ្លាន​អាហារ
– ចង្អោរ
– ស្រក​ទម្ងន់
អាច​នៅ​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​ដែល​មិន​បាន​រៀប​រាប់​ខាង​លើ ដូច​នេះ​ប្រសិន​បើ​មាន​ការ​ព្រួយ​បារម្ភ​ពី​រោគ​សញ្ញា សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

៤- តើ​ពេល​ណា​ត្រូវ​ទៅ​ជួប​ពេទ្យ?

ជំងឺ​ដំបៅ​ក្រពះ (Peptic Ulcer) នឹង​កាន់​តែ​ធ្ងន់​ធ្ងរ​ប្រសិន​បើ​មិន​ព្យាបាល។ យើង​​ត្រូវ​តែ​ទៅ​ជួប​ពេទ្យ​ភ្លាម បើ​សិន​​មាន​បញ្ហា​ដូច​ខាង​ក្រោម៖
– ខ្សោយ ឬ អស់​កម្លាំង
– ពិបាក​ដក​ដង្ហើម
– ក្អួត​ចេញ​សារធាតុ​រាវ​មាន​ពណ៌​ដូច​ឈាម ឬ​ពណ៌​កាហ្វេ
– លាមក​មាន​ឈាម ឬ មាន​ពណ៌​ខ្មៅ
– ឈឺ​ភ្លាមៗ​និង​ជាប់​រយៈពេល​យូរ
– សញ្ញា​ខាង​លើ​នេះ គឺ​បង្ហាញ​ថា​ជំងឺ​ដំបៅ​ក្រពះ​គឺ​កាន់​តែ​ធ្ងន់ធ្ងរ​ហើយ។
អត្ថបទពាក់ព័ន្ធ៖

មូលហេតុ

៥- តើ​ជំងឺ​ដំបៅក្រពះបង្ក​ឡើង​ដោយ​មូលហេតុ​អ្វី?

ជា​ទូទៅ​ជំងឺដំបៅក្រពះ​បង្ក​ឡើង​ដោយ៖
– ការ​បង្ក​រោគ​ដោយ​បាក់តេរី អេលីកូបាក់ទែ (Helicobacter) នៅ​ក្នុង​ក្រពះ
– ប្រើ​ពពួក​ថ្នាំ​ប្រឆាំង​កំណក​ឈាម ថ្នាំ​អាស្ពៀរីន (Aspirin) ឬ​ពពួក​ថ្នាំ​ប្រឆាំង​រលាក​ដែល​មិន​មែន​ជា​ស្តេរ៉ូអ៊ីត (NSAIDs) ដូច​ជា​ថ្នាំ អ៊ីប៊ុយប្រូហ្វែន (Ibuprofen) ជា​ដើម។
– ជំងឺ​បណ្ដុំ​រោគ​សញ្ញា ហ្ស៊ូឡីនជឺ អេលីសុន (Zollner-Ellison Syndrom) – ជំងឺ​ម្យ៉ាង​ដែល​អាស៊ីដ​ក្រពះ​ចេញ​ច្រើន​ហួស​ហេតុ​ធ្វើ​ឲ្យ​ខូច​ភ្នាស​ផ្ទៃ​របស់​ក្រពះ។
– ដុំ​មហារីក​ក្នុង​ក្រពះ ឌុយអដេនុម (Duodenum) ឬ អណ្ដើក (Spleen)

កត្តាប្រឈម

៦- កត្តា​ប្រឈម​អ្វី​ខ្លះ​​នាំឲ្យ​កើត​​ជំងឺដំបៅក្រពះ?

មាន​កត្តា​ជា​ច្រើន​ដែល​នាំ​ឲ្យ​កើត​មាន​ជំងឺ​នេះ ដូច​ជា៖
– ការ​ជក់​បារី៖ ការ​ជក់​បារី​អាច​បង្កើន​គ្រោះ​ថ្នាក់​ចំពោះ​ជំងឺ​ដំបៅ​ក្រពះ ដែល​បង្ក​ដោយ​បាក់តេរី អេលីកូបាក់ទែ ពីឡូរី (H.Pylori)
– ការ​ទទួល​ទាន​ស្រា៖ ស្រា ឬ​ជាតិ​អាល់កុល អាច​បង្ក​ឲ្យ​មាន​ការ​រលាក និង​ក្រហាយ​ក្នុង​ក្រពះ​ហើយ​បង្កើន​កម្រិត​បញ្ចេញ​អាស៊ីដ​ទៀត​ផង។
– ការ​ដែល​មិន​មាន​កត្តា​ប្រឈម​ទាំង​នេះ មិន​មាន​ន័យ​ថា​យើង​​មិន​អាច​មាន​ជំងឺ​ដំបៅក្រពះនោះ​ទេ។ សញ្ញា​ដែល​លេច​ចេញ​មក​គ្រាន់​តែ​ជាលក្ខណៈ​បង្ហាញ​ដំបូង​ប៉ុណ្ណោះ ដូច​នេះ​ដើម្បី​ដឹង​ច្បាស់​ពី​ព័ត៌មាន​បន្ថែម​សូម​ជួប​ជាមួយ​គ្រូពេទ្យ។

រោគ​វិនិច្ឆ័យ​និង​ការ​ព្យាបាល

ព័ត៌មាន​ដែល​ផ្ដល់​ឲ្យ​នេះ​មិន​មែន​ជា ការ​ផ្ដល់​ប្រឹក្សា​ផ្នែក​វេជ្ជសាស្រ្ដ​នោះ​ទេ​ គប្បី​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម​។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​ដំបៅក្រពះ​ដំបូង​ឡើយ​គ្រូពេទ្យ​នឹង​សាក​សួរ​ពី​ប្រវត្តិ​ជំងឺ​របស់យើង ហើយ​នឹង​ធ្វើ​ការ​ពិនិត្យ​ផ្សេងៗ។ បន្ទាប់​មក​គ្រួពេទ្យ​​នឹង​ប្រើ​តេស្ត​មួយ​ចំនួន​ដូច​ជា៖
  • តេស្ត​ឈាម ដើម្បី​ពិនិត្យ​មើល​ថាយើង​​មាន​ជំងឺ​ស្លេក​ស្លាំង​ឬ អត់
  • តេស្ត​លាមក ដើម្បី​ពិនិត្យ​មើល​ថា​មាន​ឈាម​នៅ​ក្នុង​លាមក​ឬ​អត់
  • EGD ៖ គ្រូពេទ្យ​នឹង​ធ្វើ​តេស្ត​នេះ ដោយ​ស៊ក​ទុយោ ដែល​ភ្ជាប់​ជាមួយ​កាម៉េរ៉ា សុង​តាម​មាត់ ចូល​ក្នុង​ក្រពះ​របស់​អ្នក​ជំងឺ ដើម្បី​ពិនិត្យ​មើល​ភ្នាស​ផ្ទៃ​ក្រពះ ឬ​ដើម​ពោះ​វៀន​តូច (Duodenum)
  • ថត​កាំរស្មី​អិច លើ​ឌុយអដេនុម (Duodenum X ray) ៖ គ្រូពេទ្យ​នឹង​ថត​កាំរស្មី​អិច បន្ទាប់​ពី​ឲ្យ​អ្នក​ជំងឺ​ផឹក​សារធាតុ​ថ្នាំ​

៨- ព្យាបាល​ដោយ​វិធី​ណា?

គោល​ដៅ​នៃ​ការ​ព្យាបាល​គឺ​ត្រូវ​ធ្វើ​ឲ្យ​ដំបៅ​ទាំង​នោះ​ជា​សះស្បើយ ដើម្បី​កុំ​ឲ្យ​វា​កើត​ឡើង​មាន​រោគ​សញ្ញា​ម្ដង​ទៀត និង​ជៀសវាង​ពី​ផល​លំបាក​ផ្សេង ៗ។ បន្ទាប់​ពី​ព្យាបាល​រួច អ្នក​ជំងឺ​នឹង​ធូរ​ស្រាល​នៅ​ក្នុង​អំឡុង​ពេល ២​សប្ដាហ៍។ ជំងឺ​ដំបៅក្រពះ នឹង​រើ​កើត​មាន​ឡើង​វិញ​ប្រសិន​បើ​មូល​ហេតុ​បង្ក​របស់​វា​មាន​រយៈ​ពេល​យូរ។
ការ​ព្យាបាល​ត្រូវ​អាស្រ័យ​លើ​មូល​ហេតុ​បង្ក។ គ្រូពេទ្យ​អាច​នឹង​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ថ្នាំ​បញ្ចុះ​អាស៊ីដ​ក្រពះ​ដូច​ជា​ពពួក​ថ្នាំ​ប្រឆាំង​អាស៊ីដ (antacids) ពពួក​ថ្នាំ​ទប់ស្កាត់​រ៉េស៊ិបទ័រ ហ៊ីស្តាមីន H2 ( histamine receptor inhibitors H2) ដូច​ជា​ថ្នាំ ranitidine ថ្នាំ famotidine ឬ​ពពួក​ថ្នាំ proton pump ដូច​ជា ថ្នាំ Omeprazole។
ថ្នាំ Sulcralfate គឺ​ជា​ថ្នាំ​មួយ​ក្នុង​ចំណោម​ថ្នាំ​ផ្សេង​ទៀត ដែល​អាច​ការពារ​ស្រោប​ពី​លើ​ដំបៅ​ដើម្បី​ឲ្យ​ដំបៅ​ទាំង​នោះ​ឆាប់​ជា។ ពពួក​ថ្នាំ​ផ្សះ និង​ពពួក​ថ្នាំ​ទប់ Proton pump ឬ​ថ្នាំ Bismuth ក៏​អាច​នឹង​ត្រូវ​ប្រើ ដើម្បី​ព្យាបាល​ការ​បង្ក​រោគ​ដោយ​ពពួក​បាក់តេរី អេលីកូបាក់ទែរ ពីឡូរី (H.Pyloria)។
បើ​សិន​មូល​ហេតុ​បង្ក​ជំងឺ​នេះ ដោយ​សារ​តែ​ពពួក​ថ្នាំ​ប្រឆាំង​រលាក​ដែល​មិន​មែន​ជា​ស្តេរ៉ូអ៊ីត នោះ​គ្រូពេទ្យ​អាច​នឹង​ណែនាំ៖
-បញ្ឈប់​ឲ្យ​ប្រើ​ថ្នាំ
-កាត់​បន្ថយ​កម្រិត​ថ្នាំ
-តម្រូវ​ឲ្យ​ប្រើ​ថ្នាំ​ក្រពះ ប្រឆាំង​ proton pump ឬ​ពពួក​ថ្នាំ​ទប់ស្កាត់​រ៉េស៊ិបទ័រ ហ៊ីស្តាមីន H2 ( histamine receptor inhibitors H2)
-ប្ដូរ​ថ្នាំ​ផ្សេង​ដែល​មិន​បង្ក​ឲ្យ​មាន​ដំបៅ​ក្រពះ
-ប្រសិន​បើ​ថ្នាំ​ពេទ្យ​មិន​មាន​ប្រសិទ្ធភាព​ ឬវា​អាច​បង្ក​ឲ្យ​មាន​ផល​វិបាក​អ្វី​នោះ យើង​​អាច​នឹង​តម្រូវ​ឲ្យ​ធ្វើ​ការ​វះកាត់។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​វះ​កាត់​នៅ​មិន​ទាន់​មាន​ករណី​ធ្វើ​ឡើង​ដោយ​សារ​តែ​ដំបៅ​ក្រពះ​នៅ​ឡើយ​ទេ។

ការ​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ និង​ព្យាបាល​នៅ​ផ្ទះ

៨- តើ​ការ​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ​ឬ​ការ​ព្យាបាល​នៅ​ផ្ទះ​អ្វី​ខ្លះ​ ដែល​អាច​ជួយ​គ្រប់​គ្រងជំងឺ​ដំបៅ​ក្រពះ មាន​អ្វី​ខ្លះ?

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺដំបៅក្រពះបាន ដូចជា៖
– ចៀស​វាង​រាល់​ទង្វើរ​ដែល​នាំ​ឲ្យ​កើន​គ្រោះថ្នាក់​មាន​ជំងឺ​នេះ​ដូច​ជា​ប្រើ​ថ្នាំ អាស្ពៀរីន ប្រើ​ពពួក​ថ្នាំ NSAIDs ការ​ជក់​បារី ផឹក​ស្រា​ជា​ដើម។
– សូម​​ទៅរក​គ្រូពេទ្យ​ភ្លាម​បើ​យើង​​មាន​រាករូស
– សូម​ទៅរក​​គ្រូពេទ្យ​ភ្លាម​បើ​យើង​មាន​ក្អួច​ធ្លាក់​ឈាម ឬ​កំអួត​មាន​ពណ៌​ក្រម៉ៅ
– សូម​ទៅ​រក​គ្រូពេទ្យ​ភ្លាម​បើ​​មាន​លាមក​ឈាម ឬ​មាន​ពណ៌​ក្រមៅ
– សូម​ទៅរក​​គ្រូពេទ្យ​ភ្លាម​បើ​មាន​អារម្មណ៍​ថា​ខ្សោយ ឬ​មាន​ស្លេក​ស្លាំង
– បើ​សិន​ការ​ព្យាបាល​មិន​មាន​ប្រសិទ្ធភាព​ទេ សូម​ប្រាប់​ទៅ​គ្រូពេទ្យ​ភ្លាម
– ក្រៅ​ពី​អាហារ​សុខភាព ដែល​អម​ជាមួយ​បន្លែ​ ផ្លែ​ឈើ និង​គ្រាប់​ធញ្ញជាតិ​ច្រើន យើង​​គួរ​តែ​ដឹង​ពី​វិធី​គ្រប់​គ្រង​ស្ត្រេស​របស់​អ្នក ដើម្បី​កុំ​ឲ្យ​រោគ​សញ្ញា​កាន់​តែ​ធ្ងន់​ធ្ងរ។
បើ​សិន​ជាយើង​​មាន​សំនួរ​អ្វី សូម​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ ដើម្បី​អាច​ដឹង​កាន់​តែ​ច្បាស់​ពី​ដំណោះ​ស្រាយ​ល្អ​បំផុត​។

No comments

Theme images by Nikada. Powered by Blogger.