Header Ads

ជំងឺ​ប្រមេះ​ទឹក​បាយ(Gonorrhoea)

១- អ្វី​ទៅ​ជា​ជំងឺ​ប្រមេះទឹកបាយ?
ប្រមេះទឹកបាយ សំដៅ​លើ​ជំងឺ​កាម​រោគ ឆ្លង​តាម​ការ​រួមភេទ​ បង្ក​ដោយ​បាក់តេរី​ឈ្មោះ Neisseria gonorrhoeae ឬ Gonococcus។ ជំងឺ​នេះ ងាយ​ឆ្លង​បំផុត​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​តាមរយៈ៖
– ​រួមភេទ​តាម​ ទ្វារមាស ​មាត់ ​និង​រន្ធ​គូទ
– ចែក​រំលែក​ឧបករណ៍​បង្កើន​ចំណង់​ផ្លូវ​ភេទ ដោយ​មិន​បាន​លាង​សម្អាត ឬ​មិន​បាន​ប្រើប្រាស់​ស្រោម​អនាម័យ​ពេល​រួមភេទ​ជាមួយ​ឧបករណ៍​ទាំង​នោះ។
២- ជំងឺ​ប្រមេះទឹកបាយ​កើត​ឡើង​ញឹកញាប់​ដែរ​ទេ?
ជំងឺ​ប្រមេះទឹកបាយ គឺ​ងាយ​នឹង​ឆ្លង​បំផុត ​វា​កើត​ទៅ​លើ​ប្រុសៗ ច្រើន​ជាង​ស្រីៗ យ៉ាង​ណា យើង​នៅ​តែ​អាច​គ្រប់គ្រង​ហានិភ័យ​ឆ្លង​ជំងឺ​នេះ​បាន។ សូម​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត សម្រាប់​ព័ត៌មាន​បន្ថែម។

រោគសញ្ញា

៣- រោគសញ្ញា​ប្រមេះ​ទឹកបាយ​មាន​អ្វី​ខ្លះ?
រោគសញ្ញា​ដែល​តែង​ជួប​ប្រទះ​មាន​ដូចជា :
– សារធាតុរាវ​ពណ៌​បៃតង​ចាស់ ឬ​ក៏​ពណ៌​លឿង​ចេញ​ពី​ប្រដាប់​ភេទ
– ឈឺចាប់​ពេល​នោម
– ធ្លាក់​ឈាម​ចន្លោះ​ពេល​មាន​រដូវ (ចំពោះ​ស្រ្ដី)
– បង្ក​មេរោគ​ធ្ងន់ធ្ងរ ទៅ​លើ​ភ្នែក​ទារក​ទើប​កើត ប្រសិន​បើ​ម្ដាយ​មិន​បាន​ព្យាបាល​ជំងឺ​ប្រមេះទឹកបាយ​ត្រឹម​ត្រូវ។
បើ​មាន​មន្ទិល​សង្ស័យ​ចំពោះ​រោគសញ្ញា​ណា​មួយ​ សូម​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត។
៤- គួរ​ទៅ​ជួប​ពេទ្យ​នៅពេល​ណា​?
គួរ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត បើសិន​ជា​មាន​អការៈ​ដូច​ខាង​ក្រោម៖
– ឈឺ​ចុកចាប់​ពេល​នោម
– ការ​ធ្លាក់​ស​ច្រើន
– រដូវ​មិន​ទៀងទាត់
– រមាស់​រន្ធគូទ
– ដំបៅ​រន្ធគូទ (មាន​ទាំង​ប្រុសៗ និង​ស្រីៗ)
– មាន​ឈាម​ហូរ​ចេញ​ពី​រន្ធគូទ (មាន​ទាំង​ប្រុសៗ និង​ស្រីៗ)
– ឈឺ​ចុកចាប់​ពេល​បន្ទោរបង់ (មាន​ទាំង​ប្រុសៗ និង​ស្រីៗ)
បើសិន​ជា​អ្នក​មាន​រោគសញ្ញា​ណា​មួយ​តាម​ចំណុច​ខាង​លើ ឬ​មាន​មន្ទិល​សង្ស័យ សូម​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​លក្ខណៈ​ខុសៗ​គ្នា អ្វី​ល្អ​បំផុត​ត្រូវ​ជួបគ្រូ​ពេទ្យ​ដើម្បី​ប្រឹក្សា និង​ពិនិត្យ​ឲ្យ​បាន​ទាន់​ពេល។

មូលហេតុបង្ក

៥- មូលហេតុ​អ្វី​ខ្លះ​បង្ក​ឲ្យ​កើត​ជំងឺ​ប្រមេះទឹកបាយ?
ជំងឺ​ប្រមេះទឹកបាយ បង្ក​ដោយ​បាក់តេរី​ឈ្មោះ Neisseria Gonorrhoeae ឬGonococcus ងាយ​ឆ្លង​បំផុត​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​តាមរយៈ៖
– រួមភេទ​តាម​ ទ្វារមាស ​មាត់ ​និង​រន្ធ​គូទ
– ចែក​រំលែក​ឧបករណ៍​បង្កើន​ចំណង់​ផ្លូវ​ភេទ ដោយ​មិន​បាន​លាង​សម្អាត ឬ​មិន​បាន​ប្រើប្រាស់​ស្រោម​អនាម័យ​ពេល​រួមភេទ​ជាមួយ​ឧបករណ៍​ទាំង​នោះ។

កត្តាប្រឈម

៦- កត្តា​ប្រឈម​មាន​អ្វី​ខ្លះ?
មាន​កត្តា​ហានិភ័យ​ច្រើន​ណាស់​សម្រាប់​ជំងឺ​ប្រមេះទឹកបាយ ប៉ុន្តែ​កត្តា​មួយ​មាន​ហានិភ័យ​ខ្ពស់​បំផុត​នោះ​ គឺ​ការ​រួមភេទ​ដោយ​មិន​ប្រើ​ស្រោម​អនាម័យ​ឲ្យ​បាន​ត្រឹម​ត្រូវ។

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាន​នេះ មិន​អាច​យក​ទៅ​ប្រើប្រាស់​គ្រប់​ប្រភេទ​ជំងឺទេ​។ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​សម្រាប់​ព័ត៌មាន​បន្ថែម។
៧- គួរ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​វិធី​ណា?
ការ​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​ប្រមេះទឹកបាយ​មាន​ដូច​ជា៖
– ធ្វើ​តេស្ត​គ្លីនិក ឬ​មណ្ឌល​សុខភាព​យ៉ាង​យក​ចិត្ត​ទុកដាក់ ​ដោយ​ផ្អែក​ទៅ​លើ​ប្រវត្តិជំងឺ និង​កំណត់​ឲ្យ​ច្បាស់​ទៅ​លើ​រោគសញ្ញា​កើត​មាន
– ពិនិត្យ​សារធាតុ​រាវ​ចេញ​ពី​អវយវៈ​ភេទ​ ដោយ​ប្រើ​សំឡី Swab ផ្ដិត​យក​ទៅ​ពិសោធ
– ពិនិត្យ​ទឹកនោម។
៨- ព្យាបាល​ដោយ​វិធី​ណា?
ជា​ធម្មតា គ្រូពេទ្យ​និង​ប្រើ​ថ្នាំ​ផ្សះ ដើម្បី​ព្យាបាល​ជំងឺ​ប្រមេះ​ទឹកបាយ ឬ​អាច​ជា​ថ្នាំ​ផ្សះ​តែ​មួយ​គ្រាប់។
ប៉ុន្តែ យើង​ត្រូវ​មក​តាម​ដាន តាម​ការ​ណាត់​ជួប​របស់​គ្រូពេទ្យ សម្រាប់​សប្ដាហ៍​ទី ១ ឬ​ទី ២ បន្ទាប់​ពី​ការ​ព្យាបាល​ ដូច្នេះ​ទើប​ការ​ធ្វើ​តេស្ត​លើក​ក្រោយ អាច​អនុវត្ត​ទៅ​បាន ដើម្បី​ប្រាកដ​ថា​យើង​គ្មាន​ឆ្លង​ជំងឺ​នេះ​ទេ។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ផ្លាស់​ប្តូរ​ទម្លាប់​រស់​នៅ
ទម្លាប់​​រស់នៅ​ និង​វិធី​ព្យាបាល​នៅ​ផ្ទះ​ខ្លះ អាច​ទប់ទល់​ បង្ការ នឹង​ជំងឺ​ប្រមេះទឹកបាយ​បាន​ដូច​ជា៖
– ប្រើប្រាស់​ស្រោម​អនាម័យ​បុរស និង​ស្រ្ដី​ គ្រប់​
 ពេល​រួមភេទ​តាម​ទ្វារមាស ឬក៏​តាម​រន្ធ​គូទ។
– ប្រើ​ស្រោម​អនាម័យ​គ្រប​លើ​លិង្គ ឬក៏ ​ថង់​ប្លាស្ទិក​គ្រប​ពី​លើ​អវយវៈ​ភេទ​របស់​ស្រ្ដី​ បើ​សិន​ជា​មាន​ការ​រួមភេទ​តាម​មាត់​ ។
– កុំ​ចែក​រំលែក​ឧបករណ៍​បង្កើន​ចំណង់​ផ្លូវ​ភេទ ឬ​លាង​សម្អាត​ និង​ប្រើ​ស្រោម​អនាម័យ​មុន​ប្រើ​ឧបករណ៍​ទាំង​នោះ។
– តម​រួមភេទ​រហូត​ដល់​យើង​ប្រាកដ​ថា ជាសះ​ស្បើយ​ពី​ជំងឺ។

No comments

Theme images by Nikada. Powered by Blogger.