ការបាក់ក្បាលឆ្អឹងភ្លៅ(Femoral Neck Fracture)
១– អ្វីជាការបាក់ក្បាលឆ្អឹងភ្លៅ?
ការបាក់ក្បាលឆ្អឹងភ្លៅ ឬកឆ្អឹងភ្លៅគឺជាការបាក់ឆ្អឹងនៅតំបន់ភ្លៅ (femur) ដែលស្ថិតនៅត្រគាក។ សន្លាក់ឆ្អឹងត្រគាកមានរូបរាងដូចគ្រាប់បាល់នៅក្បាលរបស់ឆ្អឹង និងប្រឡង់របស់វា។ ការបាក់នៅករបស់ឆ្អឹងភ្លៅគឺបាក់នៅក្រោមក្បាលឆ្អឹងដែលមានរាងមូលដូចបាល់នោះ។ ការបាក់ឆ្អឹងភ្លៅដែលមានដាច់សរសៃឈាម ជាធម្មតាគឺមានបញ្ហាក្នុងការព្យាបាល តែភាគច្រើនអាចជាសះស្បើយវិញបានក្រោយពីការវះកាត់។
២– តើការបាក់ក្បាលឆ្អឹងភ្លៅកើតច្រើនដែលឬទេ?
ការបាក់ក្បាលឆ្អឹងភ្លៅនេះកើតលើស្ត្រីមានវ័យចំណាស់ និងមានហានិភ័យខ្ពស់ដោយសារតែឆ្អឹងមានភាពទន់ខ្សោយ (ជំងឺពុកឆ្អឹង)។ ការបាក់ឆ្អឹងភ្លៅនេះក៏ងាយកើតលើអ្នកដែលមានឆ្អឹងតូចស្តើង និងខ្សោយ។ ២៥ភាគរយនៃស្ត្រីដែលមានអាយុលើសពី ៧៥ឆ្នាំអាចមានការបាក់ឆ្អឹងគល់ភ្លៅបានបណ្តាលមកពីមានជំងឺពុកឆ្អឹង។
រោគសញ្ញា
១– រោគសញ្ញាបាក់ក្បាលឆ្អឹងភ្លៅ
រោគសញ្ញានៃការបាក់ក្បាលឆ្អឹងភ្លៅគឺមានការឈឺចាប់នៅត្រង់ត្រគាក
គូទឬនៅថ្ងាសក្រោម ពិសេសពេលដែលត្រគាក ឬជើងមានចលនា។
ជើងដែលរបូសតែងខ្លីជាងជើងដែលអត់របួស ហើយកជើងងាកចូលក្នុង
ក្រោយមកអាចមានជាំ សម្រាប់មនុស្សស្គម។
ការបាក់ក្បាលឆ្អឹងភ្លៅអាចមានរោគសញ្ញាមួយចំនួនដែលមិនបានរៀបរាប់ខាងលើ។ ប្រសិនបើអ្នកទាំងអស់គ្នាមានកង្វល់អំពីរោគសញ្ញាសូមពិគ្រោះជាមួយគ្រូពេទ្យ។
២– ពេលណាដែលយើងត្រូវទៅជួបគ្រូពេទ្យ?
បើយើងមានរបួស ឬមានឃើញមានរោគសញ្ញាធ្ងន់ធ្ងរ ឬមានអារម្មណ៍នៃការបាក់ឆ្អឹងដែលបានរៀបរាប់ខាងលើ យើងគួរតែទៅជួបគ្រូពេទ្យភ្លាមដែរ។ ការព្យាបាលលើស្ត្រីហាក់មានការពិបាក ប៉ុន្តែបើយើងធ្វើការវះកាត់អ្នកអាចជាសះស្បើយវិញទាំងស្រុង។ យើងគួរតែទាក់ទងទៅគ្រូពេទ្យប្រសិនបើអ្នកមានបញ្ហាដូចខាងក្រោម៖
-
ឈឺចាប់នៅក្នុងត្រគាកក្រោយវះកាត់។ ការឈឺចាប់នេះអាចបណ្តាលមកពីការបង្ករោគ ហូរឈាម ឬរលុងនៅដែកដាក់តឆ្អឹង។
-
មានបញ្ហាក្នុងការដើរ អាចជាសញ្ញានៃការរលុងនៅដែកដាក់តឆ្អឹង។
-
មានរោគសញ្ញានៃការឆ្លងរោគដូចជា គ្រុនក្តៅ ហើម ឬក្រហមនៅកន្លេងដែលវះ។
មូលហេតុ
១– មូលហេតុនៃការបាក់ក្បាលឆ្អឹងភ្លៅ
មូលហេតុនៃការបាក់ឆ្អឹងនៅត្រគាកអាចបណ្តាលមកពីការដួលធ្ងន់ធ្ងរ
ឬមានគ្រោះថ្នាក់ចរាចរណ៍ លើអ្នកដែលមានឆ្អឹងទន់ខ្សោយ។
កត្តាប្រឈម
១– កត្តាប្រឈមនៃការបាក់ក្បាលឆ្អឹងភ្លៅ
កត្តាប្រឈមនៃការបាក់ក្បាលឆ្អឹងភ្លៅមាន៖
- អាយុ៖ អត្រានៃការបាក់ក្បាលឆ្អឹងភ្លៅគឺកើនឡើងទៅតាមអាយុដោយសារតែមានការថយចុះនៃដង់ស៊ីតេឆ្អឹង និងម៉ាសសាច់ដុំ ជាមួយនឹងមូលហេតុនៃការដួល
-
ភេទ៖ ប្រហែលជា ៧០ភាគរយនៃការបាក់ឆ្អឹងនៅត្រគាកកើតមានលើស្ត្រី ដោយសារតែការបាត់បង់ដង់ស៊ីតេឆ្អឹងរបស់ស្ត្រីមានល្បឿនលឿនជាងបុរស ដែលបណ្ដាលមកពីការធ្លាក់ចុះនូវកម្រិតអ័រម៉ូនអឺស្ត្រូសែនរបស់ស្រ្តីក្រោយពេលអស់រដូវ។ តែបុរសក៏អាចមានកម្រិតទាបនៃដង់ស៊ីតេឆ្អឹងធ្ងន់ធ្ងរដែរ។
-
មានជំងឺរ៉ាំរ៉ៃ៖ អ្នកជំងឺដែលមានបញ្ហាលើក្រពេញអង់ដូគ្រីនដូចជា ការបញ្ចេញអ័រម៉ូនទីរ៉ូអ៊ីតច្រើនពេកអាចធ្វើនាំឆ្អឹងផុយស្រួយបាន។ អ្នកមានជំងឺពោះវៀនដែលអាចកាត់បន្ថយនូវការស្រូបយកវីតាមីន D និងជាតិកាល់ស្យូម ក៏អាចធ្វើឱ្យឆ្អឹងទន់និងអាចបាក់បាន។ ចំពោះអ្នកមានបញ្ហាបញ្ញាស្មារតីក៏បង្កើនហានិភ័យនៃការដួលដែរ។
-
ការប្រើប្រាស់ថ្នាំមួយចំនួន៖ ថ្នាំ Cortisone ដូចជាថ្នាំ prednisone រយៈពេលយូរអាចធ្វើឲ្យឆ្អឹងចុះខ្សោយបាន។ ឯការផ្សំថ្នាំមួយចំនួនអាចធ្វើឲ្យយើងវិលមុខនិងងាយនឹងដួល។
-
បញ្ហាអាហារូបត្ថម្ភ៖ កង្វះជាតិកាល់ស្យូម និងវីតាមីន D ក្នុងរបបអាហារ កាលនៅវ័យក្មេងអាចកាត់បន្ថយទំហំឆ្អឹង និងបង្កើនហានិភ័យនៃការបាក់ឆ្អឹងនៅពេលអនាគតបាន។ គ្នាយើងដែលជួបបញ្ហាជំងឺបាត់បង់ចំណង់អាហារ និងការស្រកគីឡូដោយសារបញ្ហាផ្លូវចិត្ត អាចធ្វើឱ្យខូចឆ្អឹងដោយបំផ្លាញសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់ការកសាងឆ្អឹងក្នុងរាងកាយ។
-
ភាពអសកម្មលើរាងកាយ៖ លំហាត់ប្រាណ ដូចជាការដើរអាចជួយពង្រឹងឆ្អឹង និងសាច់ដុំពីការដួល និងការបាក់ឆ្អឹងបានកាន់តែតិច។ ប្រសិនបើយើងមិនបានធ្វើលំហាត់ប្រាណទៀងទាត់ យើងអាចមានដង់ស៊ីតេឆ្អឹងទាប និងឆ្អឹងខ្សោយ។
-
ការប្រើប្រាស់ថ្នាំជក់ និងគ្រឿងស្រវឹង៖ វាអាចរំខានដល់ដំណើរការធម្មតានៃការកសាង និងលំនឹងឆ្អឹងដែលជាលទ្ធផលធ្វើឲ្យឆ្អឹងបាក់។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ជំងឺនោះទេ។ អ្នកគួរតែពិភាក្សាជាមួយគ្រូពេទ្យជំនាញសំរាប់ព័ត៌មានបន្ថែម។
១– រោគវិនិច្ឆ័យការបាក់ក្បាលឆ្អឹងភ្លៅ
ជាទូទៅគ្រូពេទ្យធ្វើរោគវិនិច្ឆ័យដោយការពិនិត្យលើរាងកាយ។
ក្នុងករណីដែលឃើញរោគសញ្ញាមិនច្បាស់
ឬងាយយល់ច្រឡំនឹងជំងឺដទៃទៀតគ្រូពេទ្យនឹងធ្វើការថតកាំរស្មី X ដើម្បីបញ្ជាក់ពីកន្លែងដែលឆ្អឹងបានបាក់។
២– ការព្យាបាលការបាក់ឆ្អឹងគល់ភ្លៅ
ការព្យាបាលគឺតម្រូវឲ្យធ្វើការវះកាត់។
ការវះកាត់ដោយដាក់រណបនៅកន្លែងដែលបាក់ ឬដាក់វីស
និងបន្ទះទប់ឆ្អឹងដើម្បីប្រមូលផ្តុំបំណែកឆ្អឹងឲ្យចូលគ្នាវិញ។
ការវះកាត់មូយផ្សេងទៀតគឺការដាក់ឆ្អឹងសប្បនិមិត្ត
នៅក្បាលឆ្អឹងតែមួយ ឬទាំងក្បាលឆ្អឹងនិងប្រហោងក្បាលឆ្អឹង។ ពេលខ្លះការវះកាត់មិនអាចធ្វើឱ្យសន្លាក់មានសភាពល្អឡើងវិញបាន ក៏មកពីឆ្អឹងដែលនៅសល់គឺស្តើងពេក។ចំពោះអ្នកជំងឺដែលមានជំងឺធ្ងន់ធ្ងរ ការព្យាបាលគឺសម្រាកនៅលើគ្រែដើម្បីឱ្យឆ្អឹងដែលបាក់អាចជាប់គ្នាវិញ។
វិធីបង្ការការបាក់ក្បាលឆ្អឹងភ្លៅដែលល្អបំផុតគឺការពារ និងព្យាបាលកុំឲ្យមានជំងឺពុកឆ្អឹងជាមួយនឹងរបបអាហារ ការហាត់ប្រាណ និងការប្រើថ្នាំ ជាមួយនឹងបរិយាកាសល្អនៅក្នុងផ្ទះ។
ការផ្លាស់ប្តូររបៀបរស់នៅ និងការព្យាបាលនៅផ្ទះ
តើការផ្លាស់ប្តូររបៀបរស់នៅនិងការព្យាបាលនៅផ្ទះអ្វីខ្លះដែលអាចជួយគ្រប់គ្រងការបាក់ក្បាលឆ្អឹងភ្លៅបាន?
របៀបរស់នៅខាងក្រោមនិងការព្យាបាលតាមផ្ទះអាចជួយយើងឱ្យទប់ទល់នឹងការបាក់ឆ្អឹងនៅត្រគាកមាន៖
- ប្រើថ្នាំតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ
- ប្រើថ្នាំបំបាត់ការឈឺចាប់ដើម្បីជួយដល់ការជាសះស្បើយ
- ញ៉ាំអាហារដែលសម្បូរប្រូតេអ៊ីន និងជាតិកាល់ស្យូម ដើម្បីជួយឲ្យឆ្អឹងឆាប់ជាសះស្បើយ។
- ធ្វើលំហាត់ប្រាណតាមលំនាំការព្យាបាលរាងកាយ។
- ប្រយ័ត្នកុំឲ្យដួលនៅផ្ទះ ដោយដាក់ភ្លើងបំភ្លឺឲ្យបានល្អនៅកន្លែងណាដែលងងឹតត្រូវដើរកាត់ និងជៀសវាងគ្រោះថ្នាក់ពីការប្រើប្រាស់ព្រំ និងស្បែកជើងដែលមិនសមនឹងជើងជាដើម។
No comments