Header Ads

ជំងឺដុំសាច់ពណ៌ខ្មៅក្នុងភ្នែក(Eye Melanoma)

១- អ្វី​ជាដុំសាច់​ពណ៌​ខ្មៅ​នៅ​លើ​ភ្នែក?
Melanoma ជា​ប្រភេទ​មហារីក​ វិវត្ត​នៅ​ក្នុង​កោសិកា ផលិត​ជាតិ​ពណ៌​មេឡានីន ដែល​ជា​សារធាតុ​​ផ្តល់​ពណ៌​ឲ្យ​ស្បែក។ ភ្នែក​យើងផ្ទាល់ ​ក៏​មាន​កោសិកា​ផលិត​ជាតិ​មេឡានីន​ដូចគ្នា​ និង​អាច​វិវត្តទៅ​ជា​ដុំ​សាច់​ពណ៌​ខ្មៅ។ ជំងឺ​ដុំសាច់​ពណ៌​ខ្មៅ​ក្នុង​ភ្នែក Eye melanoma ​ហៅម្យ៉ាងទៀតថា​ Ocular melanoma។
ភាគ​ច្រើន​ដុំ​សាច់​ក្នុង​ភ្នែក​ កើត​នៅ​កន្លែង​​យើង​មិន​អាច​មើល​ឃើញ​ក្នុង​កញ្ចក់ ហេតុ​នេះ​ហើយ​នាំឲ្យ​ពិបាក​រក​មើល​សញ្ញា ពិសេស​ជំងឺ​នេះ​មិន​បង្ក​រោគ​សញ្ញា​ទៀត​ផង។
យ៉ាង​​ណា យើង​នៅ​តែ​អាច​ព្យាបាល​បាន ហើយ​ពេល​ដុំ​សាច់​នៅ​តូច គឺ​មិន​ប៉ះ​ពាល់​ដល់​​ការ​មើល​ឃើញ​ទេ ប៉ុន្តែ​បើដុំសាច់រីក​ធំ ​អាច​បណ្ដាល​ឲ្យ​មើល​លែង​ឃើញ​តែម្តង។
២- កើតឡើង​ញឹកញាប់​ដែរ​ទេ?
ដុំ​សាច់​លើ​ភ្នែក​ច្រើន​កើត​លើ​មនុស្ស​ពេញ​វ័យ ហើយ​នៅ​​អាមេរិក​​​ ត្រូវ​ចាត់​ទុក​ជា​ជំងឺ​ទើ​បរក​ឃើញ ដោយ​មាន​កើត​ប្រមាណ ​​២០០០​ ករណី​​ក្នុង​មួយឆ្នាំ​ៗ។

រោគសញ្ញា

៣- ​រោគសញ្ញាមានអ្វី​ខ្លះ?
រោគសញ្ញា​កើត​មាន​ជា​ញឹកញាប់​​ដូចជា៖
– ស្នាម​អុជៗ​ខ្មៅ​នៅ​លើ​ប្រស្រី​ភ្នែក
– ចាញ់​ពន្លឺ​ថ្ងៃ​
– កូនក្រមុំ​ប្រែ​ជា​ពណ៍​ខ្មៅ
– ភ្នែកម្ខាង​មើល​​មិន​ច្បាស់
– បាត់​គំហើញ​កៀនៗ
– មាន​អារម្មណ៏​ថា​មានព​ន្លឺ​ និង​មាន​ដី​ក្នុង​ភ្នែក​ (អណ្តែត)។
អាច​មាន​រោគសញ្ញា​ខ្លះ​មិន​បាន​រៀបរាប់​ខាង​លើ ហេតុនេះ​មាន​ចម្ងល់ ឬ​ប្រទះ​​រោគសញ្ញា​សង្ស័យ​ណា​មួយ​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។
៤- ​គួរ​ទៅ​ជួប​ពេទ្យ​ពេល​ណា?
បើ​មាន​សញ្ញា​ដូចបាន​រៀបរាប់​ខាង​លើ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ម្យ៉ាង​ទៀតមនុស្ស​គ្រប់​រូប​ពុំ​មាន​រោគ​សញ្ញា​ដូចៗ​គ្នា​ទេ វិធី​​ល្អ​បំផុត​ត្រូវ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។

មូលហេតុបង្ក

៥- អ្វីខ្លះជាមូលហេតុបង្ក?
នៅ​មិន​ដឹង​ច្បាស់ពី​វិវត្តជំងឺ​ច្បាស់​នៅ​ឡើយ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា កត្តា​ផ្លាស់​ប្ដូរ​ហ្សែន​ភាគ​ច្រើន មាន​លើ​អ្នក​ជំងឺ​ប្រភេទ​នេះ នាំ​ឲ្យ​មាន​ការ​វាយ​តម្លៃ​ កត្តា​សេនេទិច (ជំងឺតំណពូជ) ​ជា​ផ្នែក​មួយ​កើត​ជំងឺនេះ។
ដុំសាច់​ពណ៌​ខ្មៅ​ក្នុង​ភ្នែក ​កើត​ឡើង​នៅ​ពេល​ DNA របស់​កោសិកា​ភ្នែក ​វិវត្តខុស​ប្រក្រតី ​បណ្ដាល​មក​ពី​ ការ​ផលិត​កោសិកា​មិន​អាច​គ្រប់គ្រង​បាន។ ការ​ផ្លាស់ប្ដូរ​កោសិកា​ភ្នែក នាំ​ឲ្យ​ក្លាយ​ទៅ​ជាជំងឺ​ដុំសាច់​ពណ៌​ខ្មៅ​ក្នុង​ភ្នែក។

កត្តា​ប្រឈម

៦- កត្តាប្រឈមមានអ្វីខ្លះ?
កត្តា​ប្រឈម​ជា​ច្រើន​​ដូចជា៖
– ប៉ះពាល់​ពន្លឺ​ព្រះអាទិត្យធម្មជាតិ​ ឬពន្លឺ​សប្បនិ​ម្មិតយូរពេក
– មាន​ភ្នែក​ពណ៍​ស្រាល (បែតង ឬ​ខៀវ)
– មនុស្ស​ចាស់
– ជនជាតិ​ស្បែកស
– មានជំងឺ​ស្បែក​តំណ​ពូជ ​ដូចជា​ Dysplastic nevus symdrome ​នាំ​ឲ្យ​កើត​ប្រជ្រុយ​ខុស​ប្រក្រតី
– ពណ៍​ស្បែក​ខុស​ប្រក្រតី ធ្វើឲ្យកើន​ឡើង​នៅ​សារធាតុ​កំណត់​ពណ៌របស់​ស្បែក​នៅ​លើ​ស្រទាប់​ត្របក​ភ្នែក។

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌​មាន​នេះ​មិន​អាច​យក​ទៅ​ប្រើ​ប្រាស់​គ្រប់​ប្រភេទជំងឺ​ទេ។ គួរ​​ពិភាក្សា​ជា​មួយ​គ្រូ​ពេទ្យ​ជំនាញ​សម្រាប់ព័ត៌មាន​បន្ថែម។
៧- គួរ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​វិធី​ណា?
ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​គ្រូពេទ្យ​អាច​នឹង​ណែនាំ​ដូចខាងក្រោម៖
– ពិនិត្យ​ភ្នែក៖ គ្រូពេទ្យ​នឹង​ពិនិត្យ​ផ្នែកខាងក្រៅ​ភ្នែក ​រកមើល​សសៃ​ឈាម​ឡើងធំ ​ដែល​ជា​​សញ្ញា​បង្ហាញ​ថា​មាន​ដុំសាច់​នៅ​ក្នុង​ភ្នែក។ បន្ទាប់មក ​គ្រូពេទ្យ​ប្រើ​ឧបករណ៍ជំនួយ​ដើម្បី​ពិនិត្យ​ក្នុង​ភ្នែក​។
វិធី​មួយហៅ​ថា Ophthalmoscopy គេ​ប្រើ ​Lenses និង​អំពូល​ភ្លើង​ពាក់​លើ​ថ្ងាស់​គ្រូពេទ្យ ស្រដៀង​ចង្កៀង ដើម្បី​ធ្វើ​ការ​ពិនិត្យ​ឲ្យ​ច្បាស់។ វិធី​ផ្សេង​ទៀត​ដូច​ជា Slit-lamp biomicroscopy គឺ​មីក្រូ​ស្កុប ផលិត​កាំរស្មី​ពន្លឺ ​ដើម្បី​បំ​ភ្លឺ​​ផ្ទៃ​ខាង​ក្នុង​ភ្នែក។
– ប្រើរលកសំឡេង Eye ultrasound៖ វិធី​នេះ​ប្រើ​រលក​សំឡេង​ខ្ពស់​ពីឧបករណ៍​តូចមួយ កាន់នឹងដៃអាច​បង្កើត​រូបភាព។ ឧបករណ៍​នេះ​គេ​ដាក់​នៅ​ជិត​ត្របកភ្នែក ឬ​នៅ​ខាងមុខ​ផ្ទៃ​ភ្នែក។
Angiogram ជា​រូបភាព​​សសៃឈាម​ក្នុង​ និង​ជុំវិញ​ដុំសាច់ ទទួលបានដោយ​ប្រើ​កាំរស្មីអ៊ិច។ នៅ​ពេលពិនិត្យបែបនេះ គេ​ប្រើសារធាតុ​ពណ៌​ចាក់​ចូលសរសៃ​វ៉ែន​តាម​ដៃ​។ សារធាតុ​នោះ​ជ្រាប​ចូល​តាម​សរសៃឈាម​ទៅ​ក្នុង​ភ្នែក​ ហើយកាមេរ៉ា មាន​តម្រង​ពិសេស​ដើម្បី​ចាប់យក​សារធាតុ​ពណ៌ និង​ថត​រូបភាព​រាល់ ២-៣ ​វិនាទី​ម្តង រយៈ​ពេល ៣-៤ នាទី។
– ចាប់​យក​​ជាលិកា​​សង្ស័យ​មក​ធ្វើ​តេស្ត៖ ករណី​ខ្លះ គ្រូពេទ្យក៏​​អាច​ណែនាំ​វិធី​នេះ​ ដើម្បី​ចាប់​យក​ជាលិកា​ ដោយ​ប្រើ​ម្ជុល​តូច​ចាក់ចូល​ក្នុង​ភ្នែក និងច្រឹប​យក​ជាលិកា។ គេ​យក​ជាលិកា​​ទៅ​ធ្វើ​តេស្ត​ក្នុង​មន្ទីរ​ពិសោធន៍ ​រកមើល​កោសិកា​ ដុំសាច់ Melanoma ប៉ុន្តែ​វិធី​នេះ​ក៏​មិន​សូវ​ជា​ចាំបាច់​ប្រើ​ប៉ុន្មាន​ដែរ។
កំណត់​តើ​​មហារីក​រាលដាលឬ​ទេ?
គ្រូពេទ្យ​នឹង​ណែនាំ​តេស្ត​បន្ថែម ​ដើម្បី​រកមើល​ថាដុំសាច់ ​Melanoma ​រាលដាល​ទៅ​ផ្នែក​ផ្សេងៗ​ទៀត ឬ​នៅ ខណៈ​តេស្ត​ទាំង​នោះ​រួមមាន៖
– តេស្ត​ឈាម​រក​មើល​មុខងារថ្លើម
– ថតកាំ​រស្មី​អ៊ិចនៅ​ទ្រូង
– ថត CT ស្កេន
– ថត MRI
– ថតអេ​កូពោះ
៨- ព្យាបាល​ដោយវិធី​ណា?
ព្យាបាល​ដុំសាច់​ពណ៌​ខ្មៅ​ក្នុង​ភ្នែក ​គឺ​អាស្រ័យ​លើ​ទីតាំង​និង​ទំហំ​ដុំសាច់​នោះ​ផ្ទាល់។ ពេលដុំ​សាច់នៅ​តូច មិន​ត្រូវ​ការ​ព្យាបាល​ភ្លាមៗ​ទេ ពិសេសពេលដុំសាច់​មិន​លូតលាស់ ​យើងត្រូវ​រង់ចាំ​ និង​តាមដាន​សញ្ញា​លូតលាស់​របស់​ដុំសាច់។​​ តែ​បើ​ដុំសាច់​លូតលាស់ ​បង្ក​ផល​វិបាក​ ត្រូវ​តែ​ព្យាបាល​ភ្លាម​តាម​រយៈ​វិធីសាស្ត្រ​មួយ​ចំនួន៖
– ព្យាបាល​ដោយ​វះកាត់៖ វះកាត់​ប្រើ​សម្រាប់​ព្យាបាល​ដុំសាច់​នៅ​ក្នុង​ភ្នែក​ដោយ​វិធី​វះកាត់​អាច​មាន​ដូច​ជា៖
– វះកាត់​យក​ដុំ ​Melanoma និង​ជាលិកា​តូច​ៗ មាន​សុខភាព​ល្អចេញ ព្រោះ​ធ្វើ​បែបនេះ​អាច​ព្យាបាល​ដុំ​ Melanoma តូចៗ។ ឧទាហរណ៍ ការ​វះកាត់​យក​ដុំសាច់​តូចៗ ​​​ប៉ះពាល់​ដល់​ប្រស្រី​ភ្នែក​​ហៅថា (iridectomy)។ ការ​វះកាត់​យកដុំសាច់​នៅ​ក្នុងស្រោមភ្នែក (​Choroid) ហៅ​ថា​(Choroidectomy)។
– Enucleation ជា​ការ​វះកាត់​យក​ភ្នែក​ទាំង​មូល​ចេញ វិធី​នេះប្រើ​​សម្រាប់​យក​ដុំសាច់​ធំៗក្នុង​ភ្នែកចេញ​ ត្រូវ​ប្រើ​​បើ​ជា​មូលហេតុ​​នាំ​ឲ្យ​ឈឺ​ភ្នែក។
បន្ទាប់ពី​យកដុំចេញ​ហើយ ជាលិកា​ផ្សាំត្រូវបាន​ដាក់ចូលទៅ​កន្លែងយកដុំ​ចេញ យើង​តភ្ជាប់​​សាច់ដុំ បញ្ជា​​ចលនា​​ភ្នែក​ទៅ​នឹង​ជាលិកា​ផ្សាំនោះ ដើម្បី​ឲ្យ​ជាលិកា​អាច​ធ្វើ​ចលនា​បាន។
បន្ទាប់​ពី​ជា​សះស្បើយ​ គេ​ធ្វើ​ភ្នែក​សប្បនិម្មិត ហើយផ្ទៃ​ខាងមុខ​​ភ្នែក​ថ្មី ​នឹង​ត្រូវ​លាប​ពណ៍​ឲ្យ​ដូច ​ភ្នែក​ពិត​ប្រាកដ។
– ​ព្យាបាល​ដោយ​ប្រើ​ធាតុ​វិទ្យុសកម្ម៖ វិធី​នេះ គឺ​ប្រើ​កាំរស្មី​មាន​កម្លាំង​ខ្ពស់ដូចជា ​កាំ​រស្មី​ប្រូតុង ឬកាំរស្មី​ហ្គាម៉ា ​ប្រើ​សម្លាប់​មហារីក ​ប្រើ​ក្នុងករណី​ដុំ​សាច់​មាន​ទំហំពី​​តូច​ទៅ​ល្មម។ ជាធម្មតា ​ត្រូវ​​បញ្ជូន​ទៅ​ដុំនោះ​តាមរយៈបន្ទះ​វិទ្យុ​សកម្មផ្ទាល់​នៅលើ​ភ្នែក វិធី​នោះ​ហៅថា Brachytherapy។ ​គេទុក​បន្ទះ​នោះ​នៅ​កន្លែង​ដេរ​មួយ​រយៈ​ដោយ​បន្ទះ​ស្រដៀង​គម្រប​ដប វា​មាន​ផ្ទុក​សារធាតុ​វិទ្យុ​សកម្ម ៣-៤ គ្រាប់។ បន្ទះ​នោះ​ពេទ្យ​អាច​នឹង​រក្សា​ទុក ​៤-៥ ​ថ្ងៃ​ ទើប​យក​ចេញ។
សារធាតុ​វិទ្យុ​សកម្ម​ខ្លះទៀត ​អាច​ទទួល​បាន​ពីម៉ាស៊ីន ​សារធាតុ​វិទ្យុ​សកម្ម​ផ្ទាល់​ដូចជា Proton Beams។ វិធី​នេះ​នឹង​ធ្វើ​ញឹកញាប់​អាច​ ៣- ៤ ​ដង​ក្នុង​មួយ​ថ្ងៃ។
– បាញ់​ឡា​សែរ៖ ការ​ប្រើ​ឡា​សែរ ដើម្បី​សម្លាប់​កោសិកា Melanoma​ ឲ្យ​ត្រូវ​នឹង​ស្ថានភាព។ វិធី​នេះ​ឈ្មោះ​ថា Thermotherapy ប្រើ Infrared Laser ពេល​ខ្លះ​ប្រើ​ជាមួយ​សារធាតុ​វិទ្យុសកម្ម។
– ​ព្យាបាល​ដោយ​ប្រើ​សារធាតុ​ត្រជាក់៖ វិធី​នេះ​ប្រើ​ដើម្បី​បំផ្លាញ​កោសិកា​ Melanoma តូចៗ​ក្នុង​ភ្នែក ប៉ុន្តែ​វាមិន​សូវ​ជ្រើស​ប្រើ​ប្រាស់​ទេ។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
បើ​ការ​ព្យាបាល​ធ្វើ​ឲ្យ​យើង​មើល​លែង​គំហើញ​ភ្នែក​ខាង​ដូចជា​ យក​ភ្នែក​ចេញ​ក៏​ដោយ យើង​នៅ​អាច​ធ្វើ​ការងារ​ដូច​ធម្មតា ហើយ​ត្រូវ​ចាំថា ​២-៣ ​ខែ​ក្រោយ​ ការ​មើល​របស់​យើង​នឹង​ស៊ាំឡើងវិញ។
មាន​ភ្នែកតែ​ម្ខាង​ពិបាក​​ស្ទង់ចំងាយ​ និង​ពិបាក​ដឹងអ្វីនៅ​ជុំវិញ​ខ្លួន ពិសេស​អ្វី​កើត​ឡើង​នៅ​ខាង​ យើង​មើល​មិន​ឃើញ។ សូមសុំគ្រូពេទ្យ​ឲ្យ​បញ្ជូន​អ្នក​ទៅ​ក្រុម​អ្នក​ឯកទេស ដែល​អាច​មាន​យុទ្ធសាស្ត្រ​ថ្មី​ជួយ​ដោះស្រាយ ​និង​ជួយ​កែ​ឆ្នៃ​គំហើញ ​(ការមើលឃើញ) របស់​យើង។


No comments

Theme images by Nikada. Powered by Blogger.