Cetirizine + Pseudoephedrine (ឱសថ Cetirizine + Pseudoephedrine)
១- គេប្រើ Cetirizine + Pseudoephedrine ព្យាបាលជំងឺអីខ្លះ?
ថ្នាំ Cetirizine + Pseudoephedrine
សម្រាប់ព្យាបាលបញ្ហាអាលែកហ្ស៊ី មួយចំនួន រួមមាន ហូរទឹកភ្នែក
ហៀរសំបោរ ឬតឹងច្រមុះ រមាស់ភ្នែក ច្រមុះ និងកណ្តាស់។
ថ្នាំនេះមានសារធាតុពីរមុខរួមបញ្ចូលគ្នាគឺ Cetirizine និង
Pseudoephedrine។ Cetirizine ជាថ្នាំ Antihistamine
មានប្រសិទ្ធភាពប្រឆាំងសារធាតុ Histamine នៅក្នុងខ្លួនយើង
ដែលជាដើមហេតុ បង្កឲ្យមានប្រតិកម្មអាលែកហ្ស៊ី។ Pseudoephedrine
ជាពពួកថ្នាំ Decongestant ជួយឲ្យសរសៃឈាមក្នុងច្រមុះរួមតូច
ដើម្បីកាត់បន្ថយការហើម និងតឹងច្រមុះ។
ថ្នាំនេះមិនត្រូវបានណែនាំឲ្យក្មេងអាយុតិចជាង ១២ឆ្នាំ ប្រើឡើយ ដោយសារតែមានផ្ទុកជាតិ Pseudoephedrine ច្រើនពេក។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
បើទិញថ្នាំនេះនៅតាមឱសថស្ថាន
ត្រូវប្រើប្រាស់ថ្នាំតាមក្រដាសណែនាំមាននៅក្នុងប្រអប់ថ្នាំ។
ករណីមានចម្ងល់ជុំវិញការប្រើប្រាស់ថ្នាំ
អាចពិភាក្សាជាមួយឱសថការី។
បើគ្រូពេទ្យចេញវេជ្ជបញ្ជាឲ្យប្រើថ្នាំមួយនេះ
អាចលេបវាពេលញ៉ាំអាហារ ឬក្រោយញ៉ាំអាហារ ជាទូទៅ អាចលេប ២
ដងក្នុងមួយថ្ងៃ រៀងរាល់ ១២ ម៉ោងម្តង។
មិនត្រូវយកថ្នាំទៅកិន ឬទំពាឡើយ
ព្រោះជាប្រភេទមានប្រសិទ្ធភាពយូរ (Extended-release tablets)
ធ្វើបែបនេះអាចបណ្តាលឲ្យប្រសិទ្ធភាពលឿនត្រូវរាងកាយស្រូបលឿន
នាំឲ្យមានផលរំខានកាន់តែច្រើន។ មិនត្រូវបំបែកថ្នាំជាពីរ
បើគ្មានការណែនាំពីគ្រូពេទ្យ ដោយត្រូវលេប ទាំងមូលចូលតែម្តង។
កម្រិតប្រើប្រាស់ថ្នាំ អាស្រ័យលើអាយុ
ស្ថានភាពជំងឺ និងការឆ្លើយការព្យាបាល។ មិនត្រូវបង្កើនកម្រិតថ្នាំ
ឬលេបថ្នាំលើសកម្រិតណែនាំឡើយ។
ត្រូវប្រញាប់ទាក់ទងទៅគ្រូពេទ្យ
បើរោគសញ្ញាមិនបានធូរស្រាល ១សប្តាហ៍ ក្រោយការព្យាបាល
អាការៈកាន់តែធ្ងន់ធ្ងរ ឬគ្រុនក្តៅខ្លួន។
៣- រក្សាទុកដោយវិធីណា?
Cetirizine + Pseudoephedrine
អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម
ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច
មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូរទឹកកកទេ។
លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Cetirizine + Pseudoephedrine
ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់
ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។
ដើម្បីសុវត្ថិភាព
គួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង
និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ
លើកលែងតែមានការណែនាំពីគ្រូពេទ្យ។
សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ
ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី
សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
កត្តាគួរប្រុងប្រយ័ត្ន
៤- ត្រូវដឹងអីខ្លះមុនប្រើ?មុនពេលប្រើ ត្រូវប្រាប់គ្រូពេទ្យបើយើងមានប្រតិកម្មជាមួយថ្នាំ Cetirizine, Pseudoephedrine, Hydroxyzine ឬមានប្រតិកម្មជាមួយថ្នាំផ្សេងទៀត។ ប្រាប់គ្រូពេទ្យបើអ្នកធ្លាប់មានបញ្ហាប៉ះពាល់ធ្ងន់ធ្ងរបណ្តាលមកពីថ្នាំផ្សេង ស្រដៀងជាមួយថ្នាំនេះ ដូចជាក្រុមថ្នាំ Decongestants ផ្សេងៗ រួមទាំងថ្នាំ Phenylephrine ផងដែរ។ ថ្នាំនេះអាចមានផ្ទុកសារធាតុផ្សំមិនសកម្ម (Inactive ingredients) មួយចំនួន បណ្តាលឲ្យមានប្រតិកម្ម។ សូមពិភាក្សាជាមួយឱសថការី ដើម្បីដឹងព័ត៌មានបន្ថែម។
មុនពេលប្រើថ្នាំនេះ ត្រូវប្រាប់គ្រូពេទ្យ ឬឱសថការី បញ្ហាសុខភាពរបស់យើងពីមុន ជាពិសេសបើមាន ជំងឺទឹកដក់បាតភ្នែក (Glaucoma) ពិបាកនោម បណ្តាលមកពីរីកក្រពេញប្រូស្តាត លើសសម្ពាធឈាម ជំងឺសរសៃឈាមបេះដូង លើសអ័រម៉ូនទីរ៉ូអ៊ីត (Hyperthyroidism) ជំងឺទឹកនោមផ្អែម ជំងឺតម្រងនោម និងជំងឺថ្លើមជាដើម។
ថ្នាំនេះអាចធ្វើអោយអ្នកងងុយ ហេតុនេះមិនត្រូវបើកបរ ឬបញ្ជាម៉ាស៊ីនធំៗ និងត្រូវប្រុងប្រយ័ត្នខ្ពស់គ្រប់សកម្មភាពអាចបង្កគ្រោះថ្នាក់ រហូតទាល់តែច្បាស់ថា អាចធ្វើការងារទាំងនោះដោយ សុវត្ថិភាព និងត្រូវបន្ថយផឹកស្រាផងដែរ។
មុនពេលវះកាត់ សូមប្រាប់ទៅវេជ្ជបណ្ឌិត ឬទន្តពេទ្យ ពីថ្នាំពេទ្យយើងកំពុងប្រើទាំងមាន ឬគ្មានវេជ្ជបញ្ជា ក៏ដូចជាឱសថបុរាណផងដែរ។
មនុស្សចាស់អាចមានផលរំខានច្រើនដូចជា បេះដូងលោតញាប់ និងលោតខុសចង្វាក់ ងងុយគេង ពិបាកនោម គេងមិនលក់ ឬវង្វេងវង្វាន់ជាដើម។
បើកំពុងមានផ្ទៃពោះ អាចប្រើថ្នាំនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ គួរពិភាក្សាពីកត្តាគ្រោះថ្នាក់ដោយសារថ្នាំជាមួយគ្រូពេទ្យជាមុន។
ថ្នាំនេះអាចឆ្លងតាមទឹកដោះ ហេតុនេះគូរពិភាក្សាជាមួយគ្រូពេទ្យមុនពេលប្រើប្រាស់ថ្នាំ បើកំពុងបំបៅដោះកូន។
៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?
មិនមានព័ត៌មានពីសុវត្ថិភាពការប្រើថ្នាំនេះ ទាំងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះបេប៊ីនៅឡើយទេ។ ហេតុនេះពិភាក្សាជាមួយវេជ្ជបណ្ឌិត ពីគុណប្រយោជន៍ និងហានិភ័យមុនពេលប្រើ គឺជារឿងចាំបាច់។ យោងតាមរដ្ឋបាលចំណីអាហារ និងឱសថ នៅអាមេរិក (FDA) ថ្នាំនេះត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីថ្នាំគ្រោះថ្នាក់កម្រិត C សម្រាប់ស្ត្រីមានផ្ទៃពោះ។
ចំណាត់ថ្នាក់កម្រិតគ្រោះថ្នាក់នៃថ្នាំទៅលើស្ត្រីមានផ្ទៃពោះរបស់ FDA មានដូចខាងក្រោម៖
– A = គ្មានគ្រោះថ្នាក់
– B = គ្មានគ្រោះថ្នាក់ ក្នុងការសិក្សាមួយចំនួន
– C = អាចមានគ្រោះថ្នាក់ខ្លះៗ
– D = មានភស្តុតាងជាវិជ្ជមានថាមានគ្រោះថ្នាក់
– X = ហាមប្រើ
– N = មិនមានព័ត៌មាន។
– B = គ្មានគ្រោះថ្នាក់ ក្នុងការសិក្សាមួយចំនួន
– C = អាចមានគ្រោះថ្នាក់ខ្លះៗ
– D = មានភស្តុតាងជាវិជ្ជមានថាមានគ្រោះថ្នាក់
– X = ហាមប្រើ
– N = មិនមានព័ត៌មាន។
ស្វែងយល់ពីផលរំខាន
៦- ផលរំខានមានអ្វីខ្លះ?
ផលរំខាន មានដូចជា ងងុយគេង វិលមុខ អស់កម្លាំង
ស្ងួតមាត់ ចង្អោរ ឈឺក្បាល ឬគេងមិនលក់
អាចជាកត្តាប៉ះពាល់បណ្តាលមកពីការប្រើប្រាស់ថ្នាំ។
បើមានបញ្ហាទាំងអស់នេះ ឬផលរំខានកើតឡើងរយៈពេលយូរ
កាន់តែធ្ងន់ធ្ងរ សូមប្រាប់គ្រូពេទ្យ ឬឱសថការីភ្លាម។
ពេលគ្រូពេទ្យចេញវេជ្ជបញ្ជាឲ្យប្រើថ្នាំនេះ
គាត់បានដឹងពីគុណប្រយោជន៍របស់ថ្នាំ ច្រើនជាងផលរំខាន
ហើយមនុស្សជាច្រើនប្រើថ្នាំនេះ
ក៏មិនមានបញ្ហាប៉ះពាល់អ្វីធ្ងន់ធ្ងរដែរ។
ត្រូវប្រញាប់ទាក់ទងទៅគ្រូពេទ្យជាបន្ទាន់
បើមានបញ្ហាធ្ងន់ធ្ងរ ដូចជា ពិបាកនោម ចង្វាក់បេះដូងលោតញាប់
ឬលោតមិនទៀង ញ័រដៃ អារម្មណ៍ឆាប់ប្រែប្រួល គិតច្រើន វង្វេងរង្វាន់
បារម្ភច្រើន នៅមិនស្ងៀម ឬអស់កម្លាំងជាដើម។
ប្រញាប់ទាក់ទងរកជំនួយ
បើមានបញ្ហាធ្ងន់ធ្ងរជាពិសេសមានអាការៈប្រកាច់។
ផលរំខានធ្ងន់ធ្ងររបស់ថ្នាំមួយនេះ មិនសូវកើតមានច្រើននោះទេ
ប៉ុន្តែយ៉ាងណា ត្រូវប្រញាប់ទាក់ទងទៅគ្រូពេទ្យបើមានបញ្ហាដូចជា
មានប្រតិកម្មស្បែក ឡើងរមាស់ ហើម កន្ទួល ពិសេសនៅលើមុខ មាត់
បំពង់ក វិលមុខខ្លាំង និងពិបាកដកដង្ហើម។
មនុស្សគ្រប់គ្នា
មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត
ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មថ្នាំ
ថ្នាំយើងកំពុងប្រើមួយចំនួន
អាចធ្វើឲ្យប៉ះពាល់ប្រសិទ្ធភាពថ្នាំ Cetirizine + Pseudoephedrine
ថយចុះ ឬបង្កើនផលប៉ះពាល់នៃថ្នាំកាន់តែច្រើន។
ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ
គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន
ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ
យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។
ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ
ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ
និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
ពេលប្រើថ្នាំ MAO inhibitors ជាមួយថ្នាំនេះ
អាចបណ្តាលឲ្យមានបញ្ហាអន្តរកម្មធ្ងន់ធ្ងរ (អាចបណ្តាលឲ្យស្លាប់)។
ត្រូវចៀសវាងកុំប្រើប្រាស់ថ្នាំ MAO inhibitors មួយចំនួន ដូចជា
Isocarboxazid, Linezolid, Methylene Blue, Moclobemide, Phenelzine,
Procarbazine, Rasagiline, Safinamide, Selegiline, Tranylcypromine
អំឡុងប្រើថ្នាំនេះ។ គួរពិភាក្សាជាមួយគ្រូពេទ្យ
ទាំងពេលចាប់ផ្តើម និងពេលឈប់ប្រើ។
ត្រូវប្រាប់គ្រូពេទ្យបើអ្នកមានលេបថ្នាំដទៃ
ហើយធ្វើឲ្យយើងងងុយគេង ដូចជាថ្នាំ បំបាត់ឈឺចាប់ Opioid
ឬថ្នាំបំបាត់ក្អក Codeine, Hydrocodone គ្រឿងស្រវឹង គ្រឿងញៀន
ថ្នាំងងុយគេង ឬថ្នាំព្យាបាលជំងឺគិតច្រើន ដូចជា Alprazolam,
Lorazepam, Zolpidem) ថ្នាំបន្ធូរសាច់ដុំ មាន Carisoprodol,
Cyclobenzaprine) ឬថ្នាំ Antihistamines ផ្សេងទៀត ដូចជា
Chlorpheniramine និង Diphenhydramine ជាដើម។
អាចអានគ្រឿងផ្សំរបស់ថ្នាំ
មានស្រាប់នៅក្នុងប្រអប់ថ្នាំ ដូចជាថ្នាំ អាលែកហ្ស៊ី
ឬថ្នាំក្អកផ្តាសាយ ព្រោះថ្នាំទាំងនេះ
អាចមានគ្រឿងផ្សំធ្វើឲ្យយើងងងុយគេង មានផ្ទុកជាតិ Phenylephrine
ជាដើម។ សាកសួរគ្រូពេទ្យ
ដើម្បីដឹងសុវត្ថិភាពប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវ។
មិនត្រូវប្រើថ្នាំមួយនេះជាមួយប្រភេទថ្នាំ
Antihistamines សម្រាប់លាបលើស្បែក ដូចជា Diphenhydramine Cream,
Ointment និង Spray ដោយសារថ្នាំទាំងនេះអាចបង្កផលប៉ះពាល់របស់ថ្នាំ
កើតឡើងកាន់តែច្រើន។
Cetirizine ស្រដៀងគ្នាជាមួយថ្នាំ Hydroxyzine និង
Levocetirizine ដែរ។ មិនត្រូវប្រើថ្នាំទាំងពីរមុខនេះ
ពេលប្រើថ្នាំ Cetirizine ឡើយ។
ថ្នាំនេះក៏អាចប៉ះពាល់លទ្ធផលពិនិត្យសុខភាព
ដូចជា តេស្តពិនិត្យស្បែករកមើលអាលែកហ្ស៊ី
ធ្វើឲ្យលទ្ធផលតេស្តចេញមកខុស។ ដូចនេះត្រូវប្រាកដថា
បានប្រាប់គ្រូពេទ្យធ្វើតេស្ត និងគ្រូពេទ្យជាមុន
ឲ្យដឹងថាយើងកំពុងប្រើថ្នាំនេះ។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
អាហារ
និងគ្រឿងស្រវឹងអាចធ្វើឲ្យដំណើរការរបស់ថ្នាំ មានការប្រែប្រួល
អាចធ្វើឲ្យមានគ្រោះថ្នាក់ ឬផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។
ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីដើម្បីដឹងពីប្រភេទអាហារ
និងគ្រឿងស្រវឹងទាំងនោះ មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំ។
៩- អន្តរកម្មជាមួយសុខភាព
ថ្នាំនេះអាចមានអន្តរកម្មជាមួយបញ្ហាសុខភាពមួយចំនួន
ធ្វើឲ្យស្ថានភាពសុខភាពកាន់តែធ្ងន់ធ្ងរ
ឬប្រសិទ្ធភាពថ្នាំធ្លាក់ចុះ។ សំខាន់បំផុត
ត្រូវប្រាប់គ្រូពេទ្យគ្រប់បញ្ហាសុខភាពយើងកំពុងមានបច្ចុប្បន្ន។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ
មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។
ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី
មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?
កម្រិតប្រើព្យាបាលជំងឺអាលែកហ្ស៊ីច្រមុះ
លេបថ្នាំម្តង ១គ្រាប់ (៥-១២០ មិល្លីក្រាម) លេប ២ ដង/ថ្ងៃ។
កម្រិតថ្នាំទៅតាមស្ថានភាពតម្រងនោម
CrCl តិចជាង ៣០មិល្លីលីត្រ/នាទី៖ លេបមួយថ្ងៃ ១គ្រាប់។
កម្រិតថ្នាំទៅតាមស្ថានភាពថ្លើម
ជំងឺខ្សោយថ្លើម លេបមួយថ្ងៃ ១គ្រាប់។
គួរប្រុងប្រយ័ត្ន
ដោយសារតែថ្នាំមានផ្ទុកជាតិ Pseudoephedrine
ដូចនេះត្រូវប្រើ ដោយប្រុងប្រយ័ត្នខ្ពស់
ជាមួយអ្នកជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម
ជំងឺស្លោកសាច់ដុំបេះដូង (Ischemia Heart Disease)
ឡើងសម្ពាធក្នុងគ្រាប់ភ្នែក លើសអ័រម៉ូនទីរ៉ូអ៊ីត ខ្សោយតម្រងនោម
និងហើមក្រពេញប្រូស្តាត។
ក្នុងការពិសោធន៍រកឃើញថា
ក្រោយពេលលេបថ្នាំនេះបណ្តាលឲ្យងងុយគេង។ ដូចនេះអ្នកមិនត្រូវបើកបរ
ឬបញ្ជាគ្រឿងម៉ាស៊ីនបន្ទាប់ពីលេបថ្នាំរួចទេ។
មិនត្រូវពិសារគ្រឿងស្រវឹង
ឬប្រើថ្នាំបង្អាក់មុខងាររបស់ប្រព័ន្ធប្រសាទ (CNS) ឡើយ
ព្រោះអាចបណ្តាលឲ្យការប្រុងប្រយ័ត្នរបស់យើងកាន់តែធ្លាក់ចុះ។
ត្រូវលេបថ្នាំចូលទាំងមូល មិនត្រូវទំពារ ឬកិនបំបែកថ្នាំ។
សម្រាប់អ្នកជំងឺលាងឈាម
កម្រិតថ្នាំសម្រាប់អ្នកជំងឺលាងឈាម កម្រិត CrCL តិចជាង ៧មិល្លីលីត្រ/នាទី ត្រូវលេប ១គ្រាប់ រៀងរាល់ ២៤ ម៉ោងម្ដង។
១១- ក្មេងត្រូវប្រើកម្រិតណា?
កម្រិតព្យាបាលជំងឺអាលែកហ្ស៊ីច្រមុះ
– ក្មេងអាយុលើសពី ១២ ឆ្នាំ៖ លេបថ្នាំ ១គ្រាប់ (៥-១២០ មិល្លីក្រាម) លេប ២ ដង/ថ្ងៃ។
១២- មានទម្រង់បែបណាខ្លះ?
ថ្នាំ Cetirizine + Pseudoephedrine មានក្នុងកម្រិត និងទម្រង់ជាថ្នាំគ្រាប់។
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចប្រើថ្នាំ
បើភ្លេចប្រើថ្នាំ សូមប្រើភ្លាម
ប៉ុន្តែបើកៀកពេលត្រូវប្រើថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ
ប្រើថ្នាំតាមពេលត្រូវប្រើបន្តបានហើយ
កុំប្រើថ្នាំពីរកម្រិតក្នុងពេលតែមួយ។
No comments