ជំងឺបូស
ជំងឺបូសជាអ្វី?
បូសជាជំងឺសើស្បែក ដែលបង្កឲ្យឡើងក្រហមឈឺ ហើម និងមានខ្ទុះ។ បូសកើតឡើងដោយសារបាក់តេរីដែលបង្កឲ្យមានខ្ទុះនៅស្បែកហៅថា staphylococcus ដែលវាជ្រៀតចូលរាងកាយតាមស្បែកដែលដាច់ ក្រពេញញើសស្ទះ ឬរោមដុះចូលក្នុងស្បែក។ បើតាមការបកស្រាយពីវេជ្ជបណ្ឌិត នៅលើគេហទំព័រសុខភាពយើង បូសអាចកើតលើមនុស្សគ្រប់វ័យ និងគ្រប់ទីកន្លែងទាំងអស់នៃរាងកាយមនុស្ស។ ដំបូងឡើយបូសចាប់ផ្តើមដោយការរលាកគល់រោមតូចៗ រួចបន្តស៊ីទៅខាងក្នុងហើយបង្កជាដុំតូចមួយមានខ្ទុះ។ បូសក៏អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតផងដែរ។ វាឆ្លងតាមរយៈការប៉ះពាល់ជាមួយទឹករងៃ ឬខ្ទុះដែលមានមេរោគនៅក្នុងនោះ។ ជាទូទៅបូសមានពីរប្រភេទគឺបូសមុខច្រើននឹងបូសមុខមួយ។
រោគសញ្ញាដំបូងដែលធ្វើឲ្យយើងដឹងថាជាបូស គឺស្តែងចេញជាអាការកន្ទួលក្រហមតូចនៅលើស្បែក រមាស់ហើយឈឺចាប់បន្តិចបន្តួច។ ជួនកាលយើងមិនចាប់អារម្មណ៍ថាវាជាបូសនោះទេ ព្រោះតែអាការកន្ទួល ក្រហមតូចនៅលើស្បែក មានអាការប្រហាក់ប្រហែលទៅនឹងជំងឺសើស្បែកផ្សេងៗ។ ប៉ុន្តែយើងអាចកត់សំគាល់បានថា ក្នុងរយៈពេល២ទៅ៣ថ្ងៃក្រោយ កន្ទួលក្រហមតូចៗនោះ បានប្រែប្រួលទៅជារីកធំបង្កឲ្យមានខ្ទុះ ហើយមានការឈឺចាប់ខ្លាំង។ ប្រសិនបើស្បែកលោកអ្នកមិនមានប្រព័ន្ធការពាររឹងមាំ ហើយផ្គួបផ្សំនិងការខ្វះអនាម័យទៀតនោះ មេរោគបូសអាចសាយភាយខ្លាំង បណ្តាលឲ្យកម្តៅក្នុងខ្លួនឡើងក្តៅខ្លាំងធ្វើឲ្យគ្រុនរងារ។ ការគ្រុនក្តៅផង និងរងារផង ដោយសារតែមេរោគបានជ្រៀតចូលទៅក្នុងសរសៃឈាម។
ចំណែកមូលហេតុដែលបណ្តាលឲ្យកើតបូស ដោយសារតែការអះរលាត់ស្បែក ឬមានរបួសតាមគល់រោម ដែលធ្វើឲ្យមេរោគជ្រៀតចូលបាន។ មូលហេតុមួយទៀតនោះគឺ បូសអាចបណ្តលមកពីកង្វះអនាម័យ ដោយការប៉ះពាល់នឹងមជ្ឈដ្ឋានដែលមានមេរោគ មេរោគនោះចូលទៅក្នុងស្បែកហើយបង្កជាជំងឺបូស។
ការព្យាបាល
បូសខ្លះវាអាចបាត់ទៅវិញដោយឯកឯង ដោយរាងកាយនឹងបឺតយកជាតិខ្ទុះនោះចេញ(ជាប្រភេទបូសមានស្ថានភាពស្រាល)។ លោកអ្នកអាចប្រើថ្នាំលាបសម្លាប់មេរោគ ហើយនៅពេលដែលខ្ទុះធ្លាយចេញមកនោះវានឹងជាសះស្បើយ។ ប៉ុន្តែប្រសិនបើក្នុងករណីធ្ងន់ធ្ងរ ដែលបូសរាលដាលខ្លាំង ទាមទារឲ្យលោកអ្នកទៅជួបគ្រូពេទ្យជំនាញ ដើម្បីពនិត្យធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យទាន់ពេលវេលា។ បើបូសនោះមានមុខក្រាស់ហើយធំ(ភាគច្រើនកើតនៅកន្លែងដែលមានស្បែកយារ) បូសមិនព្រមធ្លាយនោះទេ ទោះបីជាប្រើប្រាស់ថ្នាំហើយក៏ដោយ។ ក្នុងករណីនេះចាំបាច់ត្រូវធ្វើការវះកាត់ ដើម្បីយកខ្ទុះចេញ ជាការវះកាត់មួយធ្វើឡើងដោយគ្រូពេទ្យជំនាញ ទើបអាចចៀសផុតពីការកររោគផ្សេងៗទៀតបាន។
ព្យាបាលដោយខ្លួនឯង
បូសដែលមានស្ថានភាពស្រាលយើងអាចព្យាលបាលដោយខ្លួនឯងតាមរយៈ៖
ការប្រើកម្តៅ៖ កម្តៅនឹងធ្វើឲ្យបូសចេញមុខឆាប់អស់ជាតិខ្ទុះ និងជាសះស្បើយកាន់តែឆាប់។ ពេលបូសទើបតែចាប់ផ្តើមមានរូបរាងអាចយកក្រណាត់សើមឧណ្ហៗមកគ្របពីលើវាពី៣ទៅ៤ដងក្នុងមួយថ្ងៃ ដោយម្តងមានរយៈពេល២០ទៅ៣០នាទី។ អ្នកឧស្សាហ៍ផ្លាស់ប្តូរក្រណាត់ដើម្បីរក្សាភាពក្តៅ។
ប្រើបន្លែ៖អ្នកក៏អាចប្រើបន្លែជំនួសទឹកក្តៅឧណ្ហៗបានដែរ ប៉ុន្តែអ្នកត្រូវយកបន្លែទាំងនោះទៅខ្ចប់ក្នុងក្រណាត់ស្តើងហើយប្តូរចេញក្នុងរយៈពេល១ទៅ២ម៉ោងម្តង។ បន្លែទាំងនោះមាន ដូចជា៖
- ចំណិតបន្ទះប៉េងប៉ោះចម្អិនហើយ
- ចំណិតបន្ទះខ្ទឹមបារាំងឆៅ
- ខ្ទឹមសចិញ្ច្រាំ
- ស្រទាប់ខាងក្រៅរបស់ស្ពៃក្តោប
- និងតែខ្មៅ។
ចៀសវាងបូសកើតឡើងវិញ៖អ្នកគួរបន្តការប្រើក្រណាត់ឧណ្ហៗគ្របលើកន្លែងបូសនោះរយៈពេល៣ថ្ងៃក្រោយពេលជាសះស្បើយ។ អ្នកត្រូវយកជាតិខ្ទុះនោះចេញឲ្យអស់ហើយយកបង់រុំរបួសមកបិតពីលើ ដើម្បីរក្សាភាពស្អាតមិនឲ្យឆ្លងមេរោគ។
ចាក់បូសនោះឲ្យធ្លុះ៖ពេលបូសនោះមានខ្ទុះពេញ ហើយវាមានលក្ខណៈតូច និងមិនមានសញ្ញាថាវានឹងឆ្លងទៅកន្លែងផ្សេងអ្នកអាចទម្លុះបូសនោះដោយខ្លួនឯង ដោយគ្រាន់តែជ្រើសរើសពេលវេលានិងកន្លែងដែលត្រូវទម្លុះ ព្រោះបូសវាច្រើនតែបែកដោយខ្លួនឯងនៅពេលដែលអ្នកគេងលក់។ ដើម្បីទម្លុះបូស អ្នកគ្រាន់តែយកម្ជុលដែលសម្លាប់មេរោគហើយរោលជាមួយភ្លើងមកចាក់ត្រង់មុខបូសនោះ ហើយច្របាច់ថ្នមៗ។
រក្សាភាពស្អាត៖ពេលខ្ទុះត្រូវបានយកចេញអស់ហើយ អ្នកត្រូវរក្សាភាពស្អាតជុំវិញកន្លែងនោះ។ ពេលអ្នកព្យាបាលបូសនោះហើយអ្នកត្រូវលាងសម្អាតដៃឲ្យស្អាតមុននឹងរៀបចំអាហារ ព្រោះបាក់តេរីរបស់បូសនេះអាចបង្ករឲ្យពុលអាហារ។
ផលវិបាកនៃការកើតបូស
ប្រសិនបើមិនទៅទទួលការព្យាបាលឲ្យបានទាន់ពេលវេលាទេ អាចបង្កជាផលវិបាកមួយចំនួនក្រោយពេលជាសះស្បើយ ដូចជាធ្វើឲ្យខូចស្បែកទៅជាក្រហូង និងសម្លាក។ បើបូសនោះកើតនៅលើក្បាលវិញ ធ្វើឲ្យបរិវេណដែលកើតបូសជ្រុះសក់អស់ ធ្វើឲ្យលែងដុះ ដែលយើងតែងតែហៅថា<<ក្បាលទំពែក>>។ ក្នុងករណីធ្ងន់ធ្ងរដែលបូសរីកធំហើយមេរោគសាយភាយចូលទៅក្នុងចរន្តឈាម ដែលប្រជាជនខ្មែរយើងតែងតែនិយមហៅតៗគ្នាថា <<កើតពិស>> នាំឲ្យលោកអ្នកមានអាការគ្រុនញាក់ហើយមានគ្រោះថ្នាក់។
វិធីបង្កា
វិធីបង្កាកុំឲ្យកើតបូសក៏ដូចជាវិធីបង្កាជំងឺសើស្បែកដ៏ទៃទៀតដែរ គឺត្រូវមានអនាម័យខ្លួនប្រាណឲ្យបានត្រឹមត្រូវ។ ប្រសិនបើស្បែករបស់អ្នកងាយនឹងកើតបូសអ្នកអាចលាងសម្អាតស្បែករបស់អ្នកដោយប្រើថ្នាំសម្លាប់មេរោគ ដើម្បីកាត់បន្ថយការកកើតនៃបាក់តេរីនេះ។ ដោយឡែកសម្រាប់អ្នកដែលតែងតែកើតបូសជាញឹកញាប់ត្រូវអនាម័យខ្លូនប្រាណ ដោយប្រើប្រាស់សាប៊ូដែលមានសារធាតុសម្លាប់មេរោគជាដើម។
No comments