Header Ads

ជំងឺ​ស្លេក​ស្លាំង​ ដោយសារ​ខ្វះ​វីតាមីន​ B12(Vitamin B12 Deficiency Anemia)

១- ​អ្វី​ទៅ​ជា​ជំងឺ​ស្លេក​ស្លាំង​ដោយ​ការ​ខ្វះ​វីតាមីន B12?​
ជំងឺ​នេះ គឺ​សំដៅ​នៅពេល​រាង​កាយ​យើង​ខ្វះ​វីតាមីន​ B12 ទើប​បណ្តាល​ឲ្យ​ស្លេក​ស្លាំង ដោយសារ​វីតាមីន B12 មាន​នាទី​ផលិត​គ្រាប់​ឈាម​ក្រហម ហេតុ​នេះ​បើ​យើង​​ខ្វះ​វីតាមីន B12 មាន​ន័យ​ថា​ រាងកាយ​មាន​អុកស៊ីហ្សែន និង​សារធាតុ​ចិញ្ចឹម​មិន​គ្រប់គ្រាន់​ទេ ធ្វើ​ឲ្យយើងឆាប់​នឿយ​ហត់​ អស់​កម្លាំង។ លើស​ពី​នេះទៀត​ ក៏​បណ្តាល​ឲ្យ​ខូច​សរសៃ​ប្រសាទ​ ​អាច​​ប៉ះពាល់​ដល់​ការ​ចងចាំ និង​ការ​គិតផង​ដែរ។
២- ​ជំងឺ​នេះ​កើត​ឡើង​ញឹកញាប់​ប៉ុនណា?    
ភាគ​ច្រើន​ជំងឺ​នេះ ​ច្រើន​កើត​មាន​ក្នុង​ប្រទេស​អភិវឌ្ឍន៍​ ពិសេស​ចំពោះ​មនុស្ស​ចាស់។ យ៉ាង​ណា​មិញ យើង​នៅ​តែ​​អាច​គ្រប់គ្រង​ជំងឺនេះ​បាន​ ដោយ​កាត់​បន្ថយ​នូវ​កត្តា​ប្រឈម។ បើ​មាន​ចម្ងល់​ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។

រោគសញ្ញា

៣- រោគ​សញ្ញា​ជំងឺឲមាន​អ្វីខ្លះ?
​បើ​យើង​​បាត់​បង់​វីតាមីន​ B12 ​ក្នុង​កម្រិត​តិច​តួច នោះ​នឹង​គ្មានលេច​​រោគ​សញ្ញា​អ្វី​ធ្ងន់​ធ្ងរទេ ខណៈ​រោគ​សញ្ញា​ជំងឺ​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ភាព​ចាស់​ជរា​ដែរ។
ក្នុង​ករណី​ស្ថាន​ភាព​ជំងឺ​ធ្ងន់​ធ្ងរ​ជាង​មុន រោគ​សញ្ញា​អាច​នឹង​មាន​ដូច​ជា៖
– មាន​អារម្មណ៍​ខ្សោយ ហត់​ និង​ធេងធោង
– ​ស្បែក​ស្លេក
– ឈឺ​អណ្តាត ហើយ​ក្រហម ឬ​មាន​ហូរ​ឈាម​តាម​អញ្ចាញ
– ឈឺ​ក្រពះ​ និង​ស្រក​គីឡូ
– រាក ឬ​ទល់​លាមក
​បើ​កម្រិត​​វីតាមីន B12 ចុះ​ទាប​ក្នុង​រយៈពេល​យូរ ​អាច​ធ្វើ​ឲ្យ​សរសៃ​ប្រសាទ​ខូចខាត ក្នុង​​ករណី​នេះ​ អាច​មាន​រោគ​សញ្ញា​មួយ​ចំនួន​ដូចជា៖
– ស្ពឹកចុង​ដៃ​ ចុង​ជើង
– បាត់​បង់​លំនឹង
– ​បាក់​ទឹក​ចិត្ត
– បាត់​បង់​ការ​ចងចាំ បាត់​បង់​សមត្ថ​ភាព​ខួរ​ក្បាល
៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ?
វា​អាច​មាន​រោគ​សញ្ញា​​ដទៃ​ទៀត​ ​មិន​បាន​រៀប​រាប់​ខាង​លើ​ ដូចនេះគួរ​សួរ​គ្រូ​ពេទ្យ​ចំពោះ​រោគ​សញ្ញា​ផ្សេងៗ ​បើ​មាន​ការ​ក្តីបារម្ភ​។ រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​លក្ខណៈ​ខុសៗ​គ្នា អ្វី​ល្អ​បំផុត​ត្រូវ​ជួបគ្រូ​ពេទ្យ​ដើម្បី​ប្រឹក្សា និង​ពិនិត្យ​ឲ្យ​បាន​ទាន់​ពេល។

មូលហេតុបង្ក

៥- ​មូលហេតុ​បង្ក​ឲ្យ​កើត​ជំងឺ​ស្លេក​ស្លាំង​ដោយ​សារ​ខ្វះ​វីតាមីន B12 មាន​អ្វី​ខ្លះ?​
តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ មនុស្ស​ភាគ​ច្រើនបាន​ទទួល​វីតាមីន ​B12 គ្រប់​គ្រាន់​តាម​រយៈរបប​អាហារប្រចាំ​ថ្ងៃដូចជា​ សាច់ ស៊ុត ទឹកដោះគោ និង​ឈីស។ អ្នក​ខ្វះ​វីតាមីន​ B12 ច្រើន​តែ​បណ្តាល​មក​ពី​ប្រព័ន្ធ​រំលាយ​អាហារ​ មិន​អាច​ស្រូបបាន​ល្អ។ ជំងឺ​នេះ​អាច​កើត​​ឡើង បើ​យើង៖
– ​មាន​ជំងឺ Pernicious Anemia៖ ជំងឺ​ស្លេក​ស្លាំង​ប្រភេទ​នេះ អាច​បំផ្លាញ​កោសិកា​នៅ​ក្នុង​ក្រពះ​ ​ដែល​មាន​នាទី​ជួយ​ស្រូប​យក​វីតាមីន ​B12 ចូល​រាង​កាយ។
– ធ្លាប់​វះ​កាត់៖ ​ធ្លាប់​ធ្វើ​ការ​វះកាត់​យក​ផ្នែក​ណា​មួយ​នៃ​ក្រពះ ឬ​ផ្នែក​ខាង​ក្រោម​ពោះវៀន​តូច​ចេញ រួម​បញ្ចូល​ទាំងការ​វះកាត់​សម្រាប់អ្នក​​លើស​គីឡូ។
– មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ៖ មាន​បញ្ហា​ជាមួយ​ការ​រំលាយ​អាហារ ​ជំងឺ Sprue ឬ​ហៅ​ថា Celiac Disease ជំងឹ Crohn’s disease បាក់តេរី​ ឬ​ប៉ារាស៊ីតនៅ​ក្នុង​ពោះ​វៀន​តូច។

កត្តា​ប្រឈម

៦- អ្វី​ខ្លះកត្តា​ប្រឈម​ងាយ​ជំងឺ​នេះ?​
ជាទូទៅ កត្តា​ប្រឈម​​ធ្វើ​ឲ្យ​​ខ្វះ​វីតាមីន​ B12 កាន់​តែ​ខ្ពស់​មាន​ដូច​ជា៖
– អាហារ​​វីតាមីន​ពី​ធម្មជាតិតិច​តួច ឬ​គ្មាន​ទាល់​តែ​សោះ ​ដូចជា សាច់ អាហារ​ទឹក​ដោះគោ ផ្លែឈើ និង​បន្លែ
– ​មាន​បញ្ហា​ពោះវៀន ឬ​បញ្ហា​ផ្សេងៗ​ទៀត​ ប៉ះពាល់​ដល់​ការ​ស្រូប​វីតាមីន
– ​ផឹក​ស្រា​ច្រើន
– ​ប្រើ​ប្រាស់​ថ្នាំ​មួយ​ចំនួន ​រារាំង​ដល់​ការ​ស្រូប​វីតាមីន។

រោគវិនិច្ឆ័យ និងការព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
គ្រូពេទ្យ​នឹងសួរនាំទាក់​ទងបញ្ហា​​សុខ​ភាព​ពី​មុន ក៏​ដូច​ជា​អាការៈ​បច្ចុប្បន្ន​ ហើយ​បើ​ពេទ្យសង្ស័យ​យើងមាន​ជំងឺ​នេះ  ពេទ្យ​​អាចនឹង​ស្នើ​​ធ្វើ​តេស្តឈាម​ខ្លះ​ ដើម្បី​ពិនិត្យ​មើល​ចំនួន​គ្រាប់​ឈាម​ក្រហម និង​រក​មើល​ថា យើង​​មាន​វីតាមីន​ B12 គ្រប់​គ្រាន់ដែរ​ទេ។ ពេទ្យ​ក៏​ពិនិត្យ​រក​មើល​កម្រិត​​អាស៊ីដ​ហ្វូលិក ដែល​ជា​ពពួក​វីតាមីន​ B ព្រោះអ្នកមាន​​ជំងឺនេះ​មួយ​ចំនួន​ ពេល​ខ្វះវីតាមីន​ B12 ក៏​មាន​ការ​ថយ​ចុះ​កម្រិត​អាស៊ីដ​ហ្វូលិក​ដូច​គ្នា។ បញ្ហា​ទាំង​ពី​រ​នេះ​ មាន​រោគសញ្ញា​ស្រដៀង​គ្នា​ ប៉ុន្តែ​វិធី​ព្យាបាល គឺ​ខុស​គ្នា។
៨- ព្យាបាល​ដោយ​វិធី​ណា?
ជំងឺ​ស្លេក​ស្លាំង​ដោយសារ​ខ្វះ​វីតាមីន ​B12 អាច​ព្យាបាលបាន​ ​ដោយ​ត្រូវ​លេប​ថ្នាំ​បំប៉ន​វីតាមីន​ B12។ ការ​លេប​ថ្នាំ​នេះ ជា​វិធី​​ព្យាបាល​ចម្បង ​អាច​ធ្វើ​ឲ្យ​កម្រិត​វីតាមីន ​B12 មក​ធម្មតា​វិញ និង​បន្ថយ​រោគសញ្ញា​ផ្សេងៗ។ ​យ៉ាង​ណា អ្នកជំងឺ ត្រូវ​លេប​ថ្នាំ​បែប​នេះ​អស់​មួយ​ជីវិត ដើម្បី​រក្សា​កម្រិត​វីតាមីន​ B12 ឲ្យ​នៅ​​ធម្មតា ព្រោះ​បើ​​ឈប់​លេប​ពេល​ណា​ ជំងឺ​ស្លេក​ស្លាំង​នឹង​វិល​ត្រលប់​មក​វិញ។

ផ្លាស់​ប្តូរទម្លាប់រស់នៅ

៩- ទម្លាប់​រស់​នៅ
នៅ​ផ្ទះ​អាច​ញ៉ាំ​អាហារ​ឲ្យ​បាន​គ្រប់​មុខ ​ជាពិសេស​ សាច់ ទឹកដោះគោ ឈីស និង​ស៊ុត ដែល​សម្បូរវីតាមីន ​B12។ យើង​ក៏​គួរ​តែ​ញ៉ាំ​អាហារ​សម្បូរ​អាស៊ីដ​ហ្វូលិកផង​ដែរ រួម​មាន បន្លែ​ស្លឹក​ពណ៌​បៃតង ផ្លែ​ឈើ​រសជាតិ​ជូរ នំប័ុង​ និង​គ្រាប់​ធញ្ញជាតិ។

No comments

Theme images by Nikada. Powered by Blogger.