Header Ads

ធ្វើ​តេស្តឈាម​ មើល​៥​យ៉ាង​នេះ​មុននឹងស​ម្រេចចិត្តរៀបការ

ការ​រៀប​អាពាហ៍ពិពាហ៍​ជា​ការ​ផ្សារ​ភ្ជាប់​ជីវិត​បុគ្គល​ពីរ​ផ្សេង​គ្នា​ដោយ​ស្ម័គ្រ​ចិត្ត​ ឲ្យ​រួម​រស់​ជា​មួយ​គ្នា​ក្នុង​នាម​ជា​គ្រួសារ​តែ​មួយ​ ហៅ​ថា​ជា​ប្ដី​ប្រពន្ធ។​ ប៉ុន្តែ​មុន​នឹង​សម្រេច​ចិត្ត​រៀបការ​ មាន​កត្តា​សំខាន់​ជា​ច្រើន​ដែល​គូ​ស្នេហ៍​ត្រូវ​ធ្វើ​ រួម​ទាំង​ការ​​ទៅ​ពិនិត្យ​ឈាម​​ផងដែរ។​
ការ​ពិនិត្យ​ឈាម​មាន​សារសំខាន់​ណាស់​ ព្រោះ​​​អ្នក​ទាំង​ពីរ​អាច​ដឹង​ពី​ស្ថានភាព​សុខភាព​របស់​ដៃ​គូ​ខ្លួន​មុន​នឹង​សម្រេច​ចិត្ត​រៀបការ។​ តើ​ជា​ទូទៅ​ពិនិត្យ​ឈាម​មុន​រៀប​ការ​ត្រូវ​មើល​អ្វី​ខ្លះ? យោង​តាម​កិច្ច​សម្ភាសន៍​របស់​កញ្ញា​ជា​មួយ​និង​ វេជ្ជបណ្ឌិត​ ផ្នែក​ទូទៅ​ និង​ជា​ម្ចាស់​ សេវាកម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​ Geriatric Service ​លោក​ លី​ ឬទ្ធិគុណ​ បាន​ពន្យល់​ថា​ ពិនិត្យ​ឈាម​មុន​នឹង​សម្រេច​ចិត្ត​រៀប​ការ​ គួរ​មើល​5យ៉ាង​នេះ៖
១.​ តេស្ត​ Complete Blood Count (CBC)
CBC គឺ​តេស្ត​ឈាម​ដែល​មើល​ទៅ​លើ​គ្រាប់​ឈាម​ក្រហម​ ឈាម​សរ​ និង ​ប្លាកែត​ ជា​ដើម​ តែ​ផ្ដោត​សំខាន់​ជាង​គេ​ទៅ​លើ​គ្រាប់​ឈាម​ក្រហម។​ លោក​ ឬទ្ធីគុណ​ពន្យល់​ថា​ "កង្វះ​ជាលិកា​ឈាម​ក្រហម​អាច​ធ្វើ​ឲ្យ​ដៃ​គូរ​ពិបាក​ក្នុង​ការ​មាន​កូន​ ហើយ​បើ​មាន​កូន​អាច​បណ្ដាល​ឲ្យ​សុខភាព​ម្ដាយ​ទ្រុឌ​ទ្រោម​ខ្លាំង​។
២.​ តេស្ត​ ក្រុមឈាម​ Blood Group (ABO & Rh typing)
(ABO & Rh typing) គឺ​តេស្ត​ឈាម​ដែល​មើល​ពី​ប្រភេទ​ឈាម​របស់​អ្នក​ទាំង​ពីរ​ស្រប​គ្នា​ឬ​អត់។​ ប្ដី​ប្រពន្ធ​ដែល​មាន​ក្រុម​ឈាម​ប្រឆាំង​គ្នា​ គឺ​ពិបាក​នឹង​មាន​កូន។​
៣.​ តេស្ត​Abnomal Haemoglobin Studies (Hb Variants)
តាម​សំដី​លោក​ វេជ្ជបណ្ឌិត​ ពិនិត្យ​ឈាម​ទី​៣​ គឺ​ រក​មើល​ជំងឺ​គ្រាប់​ឈាម​ Haemoglobin​ ដែល​ជា​ជំងឺ​ដំណ​ពូជ​។​ អ្នក​ជំងឺ​នេះ​មាន​គ្រាប់​ឈាម​រាង​កណ្ដៀវ​ដែល​បង្ក​ឲ្យ​ខ្វះ​ឈាម​ ហើយ​ពិបាក​មាន​កូន។​
៤.​ តេស្ត​អង់ស៊ីម​G6PD- quantitative
តេស្ត​នេះ​ធ្វើ​ឡើង​ដើម្បី​មើល​ថា​អ្នក​ជំងឺ​ខ្វះ​អង់ស៊ីម​ប្រភេទ​ G6PD​ នេះ​ឬ​យ៉ាង​ណា។​ ការ​ខ្វះ​អង់ស៊ីម​ G6PD ​នឹង​បង្ក​ឲ្យ​បែក​គ្រាប់​ឈាម​ក្រហម​ ដែល​បណ្ដាល​ឲ្យ​ពិបាក​មាន​កូន។​
៥.​ តេស្ត​មើល​ទៅ​លើ​ជំងឺ​ឆ្លង​តាម​ការ​រួម​ភេទ
ចុង​ក្រោយ​គេ​ គឺ​តេស្ត​មើល​ជំងឺ​ឆ្លង​តាម​ការ​រួម​ភេទ​ ដូចជា​ ជំងឺ​អេដស៍​ ស្វាយ​ ប្រមេះ​ និង​រលាក​ថ្លើម​ប្រភេទ​ B,C។​

No comments

Theme images by Nikada. Powered by Blogger.