ជំងឺគ្រុនពោះវៀន
តើជំងឺគ្រុនពោះវៀនឆ្លងរាលដាលពីកត្តាអ្វីខ្លះ?
ដើម្បីជាគន្លឹះក្នុងការការពារ និងព្យាបាលជំងឺនេះ លោកវេជ្ជបណ្ឌិត អ៊ុក សារ៉ម ឯកទេសផ្នែកជំងឺក្រពះ ពោះវៀន និងថ្លើម និងជាប្រធានផ្នែកជំងឺប្រដាប់រំលាយអាហារនៃមន្ទីរពេទ្យព្រះកុសុមៈ ផ្តល់ជាកិត្តិយសចូលរួមបកស្រាយពីស្ថានភាពទូទៅនៃជំងឺគ្រុនពោះវៀនដូចខាងក្រោម៖
អ្វីទៅជាជំងឺគ្រុនពោះវៀន?
ជំងឺគ្រុនពោះវៀន គឺជាជំងឺឆ្លងមួយប្រភេទ ដែលបណ្តាលមកពីមេរោគម៉្យាងឈ្មោះថា Salmonella Typhi ដែលស្ថិតនៅក្នុងក្រុមពពួក Enterobacterie ។
ការឆ្លងរាលដាល និងការរាតត្បាត
ជំងឺគ្រុនពោះវៀនឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដោយរបៀបពីរយ៉ាងគឺ៖
-ផ្ទាល់ ៖ គឺដោយសារដៃអ្នកជំងឺមិនស្អាតដែលមានមេរោគ
-មិនផ្ទាល់ ៖ គឺសំដៅទៅលើចំណីអាហារ និងទឹកបរិភោគ ដែលមានមេរោគ ហើយអត្រានៃការរាលត្បាតមេរោគគឺឃើញមាន ១៣-១៦លាននាក់ដែលកើតជំងឺគ្រុនពោះវៀនក្នុងមួយឆ្នាំ និងបណ្តាលឲ្យមនុស្សស្លាប់ ក្នុងអត្រា២០ម៉ឺននាក់ ក្នុងមួយឆ្នាំទូទាំងពិភពលោក។
រោគសញ្ញា
រោគសញ្ញានៃជំងឺគ្រុនពោះវៀនមានដូចជា៖
-អាការៈក្តៅខ្លួនថេរ ដែលអាចឡើងសល់ ៤០ដឺក្រេ
-ឈឺក្បាល
-អណ្តាតអ្នកជំងឺឡើងសផ្នែកកណ្តាល និងក្រហមជុំវិញ
-ជីពចរមិនស៊ីចង្វាក់ ជាមួយនឹងកម្តៅ
-មិនបត់ជើងធំ ហើយពោះអ្នកជំងឺចុចទៅឈឺ ភាគច្រើនឈឺនៅចំហៀងខាងស្តាំ ផ្នែកខាងក្រោមបន្តិច
-មានគ្រាប់ឈាមសចុះ។
ការធ្វើរោគវិនិច្ឆ័យ
ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺគ្រុនពោះវៀន គឺជាការស្មុគស្មាញបន្តិច ប៉ុន្តែត្រូវដឹងឲ្យច្បាស់ពីពេលវេលាដែលអ្នកជំងឺគ្រុនពោះវៀន។ ការធ្វើរោគវិនិច្ឆ័យជំងឺគ្រុនពោះវៀនមានដូចជា៖
-Hemocultures គឺជាយកឈាមទៅបណ្តុះ ហើយតេស្តក្នុងមួយសប្តាហ៍ទីមួយ គឺបានផលល្អណាស់ (៨០-៩០%) នៅសប្តាហ៍ទីពីរ ក៏យើងអាចបូមឈាមទៅបណ្តុះដែរ ប៉ុន្តែបានផលតែ ៤០% ទេ។
-Serologie de WIDAL et FEIIX ដែលតេស្តនេះផ្តល់ពុំសូវល្អទេ ហើយតេស្តនេះភាគច្រើនគេធ្វើនៅសប្តាហ៍ទី២ និងសប្តាហ៍ទី៣។
-Coproculture ដែកតេស្តនេះ គឺត្រូវយកឈាមទៅបណ្តុះ ហើយតេស្តនេះធ្វើឡើង ដើម្បីបញ្ចាក់ថាតើអ្នកជំងឺផ្ទុកមេរោគក្នុងពោះវៀនរ៉ាំរ៉ៃ ឬអត់ ដែរតេស្តនេះផ្តល់ផលបានត្រឹមតែ ៣០%ទេ។
ផលវិបាក
ប្រសិនបើយើង មិនបានទទួលបានការព្យាបាលត្រឹមត្រូវទេ ជំងឺគ្រុនពោះវៀននេះបានផ្តល់ផលវិបាកច្រើនយ៉ាងដូចជា៖
-អ្នកជំងឺអាចហូរឈាមនៅក្នុងចុងពោះវៀនតូច
-អ្នកជំងឺអាចធ្លាយចុងពោះវៀនតូច
-អាចបណ្តាលឲ្យអ្នកជំងឺម៉្យាងទៀត ឈ្មោះថា Choc endotoxinique គឺជាជំងឺរលាកស្រោមខួរ និងបណ្តាលឲ្យអ្នកជំងឺ កើតជំងឺរលាកស្រោមបេះដូង ប៉ុន្តែជំងឺទាំងពីរនេះ គេឃើញកើតមានក្នុងអត្រាតិចតួចទេ។
ការព្យាបាល
ការព្យាបាលទៅលើជំងឺគ្រុនពោះវៀននេះ បើយើងធ្វើរោគវិនិច្ឆ័យបានទាន់ពេលវេលា គឺអាចព្យាបាលឲ្យជាសះស្បើយបាន។ វិធីព្យាបាលនោះរួមមានដូចជា៖
-ត្រូវឲ្យអ្នកជំងឺបរិភោគអាហាររាវ ពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ
-ត្រូវប្រើថ្នាំ អង់ទីប៉ូទិក ដែលស្រុកខ្មែរយើងនិយមប្រើឱសថ Antibiotic នេះ ពីរប្រភេទ គឺ Flouroquinolones (Ofloxacine) និង Cephalosphorine de 3rd generation ដែលថ្នាំទាំងពីរប្រភេទនេះ អាចប្រើពី ៧ ទៅ១០ថ្ងៃ ដើម្បីព្យាបាលជំងឺនេះឲ្យជាសះស្បើយ។
ការការពារ
ដើម្បីចៀសផុតពីជំងឺគ្រុនពោះវៀន គឺមនុស្សយើងត្រូវអនុវត្តវិធីសាស្ត្រពីរយ៉ាងគឺ៖
-ត្រូវហូបចុកឲ្យបានស្អាត និងមានអនាម័យមានន័យថា ត្រូវសម្អាតដៃមុនញ៉ាំបាយ ហើយចំណីអាហារនិងទឹក ដែលមិនស្អាតយើងកុំបរិភោគ
-គួរចាក់វ៉ាក់សាំងការពារ ដែលអាចចាក់ចំពោះក្មេងអាយុចាប់ពី ២ឆ្នាំឡើងទៅ។
អនុសាសន៍របស់លោកវេជ្ជបណ្ឌិតជំនាញ
ជាចុងក្រោយ លោកវេជ្ជបណ្ឌិតបានផ្តល់អនុសាសន៍ថា «ប្រសិនបើយើងសង្ស័យថាខ្លួនឯងកើតជំងឺគ្រុនពោះវៀន យើងត្រូវទៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ និងទទួលការព្យាបាលឲ្យបានទាន់ពេលវេលា»៕
No comments