Header Ads

ជំងឺរលាកទ្វារមាស(Vulvovaginitis)

១- អ្វី​ទៅ​ជាជំងឺ​រលាក​ទ្វារមាស?

ជំងឺ​រលាក​ទ្វារមាស​​ ជា​ការ​រលាក​មាត់ទ្វារ​មាស​និង​ទ្វារមាស។ ជំងឺរលាក​ទ្វារមាសកើត​ឡើង​ញឹកញាប់លើ​ស្ត្រី ដោយ​មាន​​ម្នាក់​ក្នុង​ចំណោម​បីនាក់អាចកើត​វា​ម្តងក្នុង​មួយ​ជីវិត ដែល​ជាទូទៅកើត​នៅអំឡុង​វ័យ​បន្តពូជ។

២- តើ​ជំងឺ​រលាកទ្វារមាស​​កើត​ឡើង​ញឹក​ញាប់​ដែរឬទេ?

ជំងឺរលាកទ្វារមាស​​ជា​ជំងឺ​ដែល​គេ​ជួប​ញឹក​ញាប់លើ​ស្ត្រី​ទាំង​ក្មេង​ទាំង​ចាស់។ ការ​រលាក​ទ្វារមាស​បង្ក​ដោយ​បាក់តេរីមាន​ដល់ទៅ​ជិត ៣០% បើយោងតាម​មជ្ឈមណ្ឌល​ប្រយុទ្ធប្រឆាំង​ និង​បង្ការ​ជំងឺ។ ឯ​ការ​រលាក​បង្ក​ដោយ​ផ្សិត​វិញ​មាន​កាន់តែ​ញឹកញាប់​ទៀត​ដោយ​ប៉ះពាល់​ស្រ្តី ៣ នាក់ ក្នុង​ចំណោម ៤ នាក់

រោគសញ្ញា

៣- តើ​ជំងឺរលាកទ្វារមាស​មាន​រោគ​សញ្ញា​អ្វី​ខ្លះ?

រោគ​សញ្ញា​ដែល​គេ​ជួប​ញឹក​ញាប់​មាន៖
  • មាន​អារម្មណ៍​រំខាន​និង​រមាស់​នៅ​បរិវេណ​ប្រដាប់ភេទ
  • រលាក (​រមាស់ ក្រហម ហើម) ប្រដាប់ភេទ
  • ធ្លាក់ស
  • ប្រដាប់​ភេទ​ធុំ​ក្លិន​មិន​ល្អ
  • ពិបាក ​ឬក្រហាយ​ពេល​បត់ជើងតូច។
​នៅ​មាន​សញ្ញា​ផ្សេង​ទៀត​ដែល​មិន​បាន​រៀបរាប់​នៅ​ខាង​លើ វិធី​ដែល​ល្អ​គឺ​ត្រូវ​ជួប​ពិភាក្សាជាមួយ​គ្រូពេទ្យ​ចំពោះ​បញ្ហា​នេះ។

៤- ពេលណា​ត្រូវ​ជួប​ពេទ្យ?

បើ​ស្រីៗយើង​មាន​សញ្ញា​ដូច​បាន​រៀបរាប់​ខាង​លើ ឬ​មាន​ចម្ងល់​​បន្ថែម ​សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ម្យ៉ាង​ទៀត មនុស្ស​គ្រប់​រូប​ពុំ​មាន​រោគ​សញ្ញា​ដូចៗ​គ្នា​ទេ វិធី​ដែល​ល្អគឺត្រូវ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។

មូលហេតុ

៥- តើ​ជំងឺ​រលាក​ទ្វារ​មាស​បណ្តាល​មក​ពី​មូលហេតុ​អ្វី​ខ្លះ?

មាន​កត្តា​បង្ក​ជាច្រើន​ដែល​នាំ​ឲ្យ​មាន​ជំងឺរលាកទ្វារមាស​ ហើយ​មូលហេតុ​ដែលកង្ក​ញឹក​ញាប់​ជាង​គេ​គឺ​បាក់តេរី។
បាក់តេរី
បាក់តេរី​មួយ​ចំនួន​អាចបំបែកខ្លួន​បង្ក​ជា​ជំងឺ​ ដូចជា បាក់តេរី Streptococcus, Gardnerella និង Staphylococcus។ ការ​ចម្លង​ដោយ​បាក់តេរី​ធ្វើ​ឲ្យ​មាន​ធ្លាក់ស​ពណ៌រាង​ប្រផេះ និង​ធុំ​ក្លិន​ឆ្អាប​ដូច​ត្រី។
ផ្សិត
មួយ​ក្នុង​ចំណោម​មូលហេតុ​ចម្បង ​គឺ​មេរោគ​ផ្សិត Candida albicans។ មេរោគ​ផ្សិត​នេះ​ធ្វើ​ឲ្យ​រមាស់​ទ្វារមាស ​និង​ធ្លាក់ស​ខាប់ មាន​ក្លិន​ស្រដៀង​ហ្វ្រូម៉ា។ ជាញឹកញាប់​ វា​កើត​ឡើង​ដោយ​ការ​ប្រើ​ប្រាស់​ថ្នាំ​ផ្សះព្រោះ​ថ្នាំ​ទៅ​សម្លាប់​បាក់តេរី​ប្រឆាំង​មេរោគ​ផ្សិត​នៅក្នុង​ទ្វារ​មាស​ដែល​បណ្តាល​ឲ្យ​ផ្សិត​ធ្វើ​ការ​បង្ក​រោគ​បាន។
វីរុស
វីរុស​ដែល​បង្ក​ជំងឺ គឺ​វីរុស​ឆ្លងតាម​ការ​រួម​ភេទមាន​ដូចជា រើម និង Human papillomavirus (HPV)។
ប៉ារ៉ាស៊ីត
អៀន រោគ​រមាស់ និង​ចៃ។
កត្តា​បរិស្ថាន
កង្វះ​អនាម័យ​ និង​របស់​មាន​ប្រតិកម្ម ​ក៏​បង្ក​ឲ្យ​មាន​ជំងឺ​រលាកទ្វារមាស​ដែរ។ សម្លៀកបំពាក់​តឹងៗ​ពេក កកិត​ជាមួយ​ស្បែក ​នាំឲ្យ​ងាយ​រង​ប្រតិកម្មដែល​ប្រឈម​នឹង​ជំងឺ​រលាក​ទ្វារមាស​ជាង​ស្បែក​ធម្មតា។ មិនតែ​ប៉ុណ្ណោះ ស្បែក​ងាយ​ប្រតិកម្ម​ធ្វើ​ឲ្យ​ការ​ជា​សះ​ស្បើយ​យឺតយ៉ាវ​ទៀត​ផង។
ការ​ឆ្លង​មេរោគ​តាម​រយៈការ​រួម​ភេទ
មេរោគ trichomonas vaginitis ក៏​ជា​មូលហេតុ​ដែរ វា​ធ្វើ​ឲ្យ​រមាស់ទ្វារមាស ធ្លាក់ស​ខ្លាំង (ពណ៌លឿង បៃតង ឬ​ប្រផេះ) និង​មាន​ក្លិន​ស្អុយ។ ស្វាយ ប្រមេះ រើម សុទ្ធ​តែ​ជា​ភ្នាក់ងារ​បង្កជំងឺរលាកទ្វារមាស​។ បើ​សិន​ជា​ក្មេង​កើត​ជំងឺ​នេះ​ អាច​បញ្ជាក់​ថា​ក្មេង​នោះ​ត្រូវ​បាន​គេរំលោភ​បំពាន។
សារធាតុ​គីមី
ជាទូទៅ ​វា​ស្ថិត​នៅតាម​សាប៊ូ ទឹក​អនាម័យស្ត្រី ទឹក​អប់ ឧបករណ៍​ពន្យារ​កំណើត​ជាដើម។ សារធាតុ​ដែល​បង្ក​ជំងឺ​ញឹកញាប់​មាន៖
  • Parabens
  • Sodium sulfate
  • Triclosan
  • Dioxane
ប្រសិន​ជា​ស្រីៗយើង​ឃើញ​សារធាតុ​ទាំង​នេះ​នៅក្នុង​សាប៊ូ​ ឬ​ទឹក​បោកខោអាវ ​គួរតែ​ប្តូរ​ចេញ។

កត្តា​ប្រឈម

៦- តើ​អ្វី​ជា​កត្តា​ប្រឈម​ឲ្យ​កើត​ជំងឺរលាកទ្វារមាស?

ការ​ប្រឈម​កើន​ឡើង​តាម​រយៈ​សកម្មភាព​ដែល​អាច​ឲ្យ​មេរោគ​ឆ្លង​តាម​ទ្វារ​មាស​បាន ដូចជា ការរួមភេទ​ជាមួយ​ដៃ​គូ​ច្រើន (ជាពិសេស​ពេលដែល​ដៃ​គូ​ធ្លាប់​មាន​ជំងឺឆ្លងតាម​ការរួម​ភេទ​ពីមុន​មក) ឬ​រួមភេទ​មិន​ប្រើ​ប្រាស់​ស្រោម​អនាម័យ។
មួយ​វិញទៀត​ កត្តា​កង្វះ​អនាម័យ ដូចជា ​មិន​លាង​ដៃ​ក្រោយ​បន្ទោបង់ ឬ​មុន​យក​ដៃ​មក​ប៉ះ​ប្រដាប់ភេទ។ ជូត​សម្អាត​ពី​ក្រោយ​មក​មុខ ​ក្រោយ​បន្ទោបង់ ព្រោះ​វា​នាំបាក់តេរី​ពី​រន្ធ​លាមក​មក​កាន់​ទ្វារមាស។
កត្តា​មួយ​ទៀត ​គឺ​អាយុ ដោយសារកង្វះ​អ័រម៉ូនអឺស្ត្រូសែន estrogen ចំពោះ​ស្ត្រី​អស់​រដូវ និង​ក្មេង​ស្រីដែល​ពុំទាន់​មាន​រដូវ ព្រោះ​ជញ្ជាំង​ទ្វារមាស​នៅ​ស្តើងហើយ​ងាយ​បង្ក​រោគ។ ម្យ៉ាងទៀត ​ការ​ស្លៀកពាក់តឹងៗក៏​បង្កើត​ភាព​ងាយ​ស្រួល​ដល់​មេរោគ​​ ​និង​ផ្សិត​មក​រស់នៅ​ដែរ។ ក្រៅពី​នោះ​ មាន​ការ​មាន​ផ្ទៃពោះ​ និង​ប្រវត្តិ​ធ្លាប់​ឆ្លង​មេរោគ​តាម​ទ្វារមាស​ពី​មុន​មក។
អត្ថបទពាក់ព័ន្ធ៖ ប្រយ័ត្នផង! ជំងឺទាំងនេះ ឧស្សាហ៍កើតមានលើប្រដាប់ភេទស្រីៗណាស់

ការ​ធ្វើ​រោគ​វិនិច្ឆ័យ​និង​ព្យាបាល

ព័ត៌មាន​ទាំង​នេះ​មិន​អាច​ប្រើ​ជំនួស​ដំបូន្មាន​ផ្នែក​វេជ្ជសាស្ត្រ​បាន​ទេ។ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ព័ត៌មាន​លម្អិត។

៧- តើគេ​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺរលាកទ្វារមាសតាម​របៀបណា?

បើស្រីៗយើង​​ធ្លាប់​កើត​ជំងឺ​បង្ក​ដោយ​ផ្សិត​ពី​មុន​មក​ ហើយ​ដឹង​ពី​រោគ​សញ្ញា​ខ្លួន​ឯង យើង​អាច​ទៅ​ទិញ​ថ្នាំ​នៅ​ឱសថស្ថាន​ដោយ​ខ្លួន​ឯង​បាន។ តែ​បើ​សញ្ញា​មិន​បាត់​ទាំង​ស្រុង​ក្នុង​ពេល​មួយ​សប្តាហ៍ទេ សូមទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ ព្រោះ​ការ​ឆ្លង​មេរោគ​ដទៃ​ទៀត​មាន​សញ្ញា​ប្រហាក់​ប្រហែល​គ្នា។ គ្រូពេទ្យ​នឹង​ពិនិត្យប្រដាប់ភេទដើម្បី​រក​មើល​កន្លែង​ក្រហម ងាយ​ឈឺនៅ​ទ្វារមាស​។
គ្រូពេទ្យ​នឹង​ពិនិត្យ​ទឹក​ធ្លាក់ស​ដោយ​មីក្រូស្កូបដើម្បី​រក​មើល​ការ​បង្ក​រោគ​ដោយ​ផ្សិត ឬ​បាក់តេរី។ នៅ​ករណី​ខ្លះគេ​បណ្តុះ (Culture) ដើម្បី​ដឹង​ថា​មេរោគ​ណា​ដែល​បង្ក​ជំងឺ។ គេ​ក៏​អាច​ច្រឹបសាច់​ទៅ​ពិនិត្យ​ដែរ​ប្រសិន​ជា​គ្មាន​សញ្ញា​នៃការឆ្លងមេរោគ។

៨- តើគេព្យាបាលជំងឺរលាកទ្វារមាស​តាមរបៀបណា?

ថ្នាំ​ប្រភេទ​ក្រែម​ និង​ថ្នាំ​សុល ​អាច​ព្យាបាល​ការ​បង្ក​រោគ​ដោយផ្សិតក្នុងទ្វារមាស​បាន។ យើង​​អាច​រក​ទិញ​បាន​នៅ​តាម​ឱសថស្ថាន​នានា​ដោយ​ពុំ​ចាំ​បាច់​មាន​វេជ្ជបញ្ជា។ សូម​អាន​ពាក្យ​ណែនាំ​មុន​នឹង​ប្រើប្រាស់។
ក៏មាន​ការ​ព្យបាល​ផ្សេងទៀត​សម្រាប់​ទ្វារមាស​ដែល​ស្ងួត មុន​នឹង​ទិញ​ថ្នាំ​ខ្លួនឯង យើង​​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន។
បើ​ឆ្លង​មេរោគ​ដោយសារ​បាក់តេរី​ឬ​ទ្រីតូម៉ូណាស គ្រូពេទ្យ​អាច​ឲ្យ៖
  • ថ្នាំ​ផ្សះ​សម្រាប់​លេប
  • ថ្នាំ​ផ្សះ​សម្រាប់​សុល​ក្នុង​ទ្វារមាស
ថ្នាំ​ផ្សេងទៀត​មាន៖
  • ក្រែម Cortisone
  • ថ្នាំ​អាលែកហ្ស៊ី​ Antihistamine ដើម្បី​កុំ​ឲ្យ​រមាស់

ការ​ប្ដូរ​របៀប​រស់នៅនិង​ការ​ព្យាបាលនៅ​ផ្ទះ

៩- តើការ​ប្ដូរ​របៀប​រស់នៅ និង​ការ​ព្យាបាលនៅ​ផ្ទះ​អ្វី​ខ្លះដែល​អាច​គ្រប់​គ្រង​ជំងឺរលាកទ្វារមាស​​បាន?

វិធី​ខាង​ក្រោមនេះ​អាច​ជួយ​ស្រីៗយើង​បង្ការ​រឿង​នេះ​បាន៖
  • កុំ​ពាក់​ខោអាវ​តឹង​ពេក​ដែល​ផ្អាប់​ញើស​ និង​សំណើម
  • កុំ​ប្រើសាប៊ូ​មាន​ជាតិ​ទឹកអប់លើ ​ឬ​ក្នុង​ប្រដាប់ភេទ
  • កុំ​បាញ់ទឹក​ចូល​ប្រដាប់ភេទ
  • ប្រើ​ស្រោម​អនាម័យ​ពេល​រួម​ភេទ
  • សូម​ទៅ​ជួប​គ្រូពេទ្យ​ពេល​អស់​រដូវ​ ដើម្បី​ដឹង​ថា​គួរ​ប្រើ​ថ្នាំ ​ឬ​ក្រែម​កុំ​ឲ្យ​ស្ងួត​ទ្វារមាស​ឬអត់។

No comments

Theme images by Nikada. Powered by Blogger.