ជំងឺខ្លាចគឺជាអ្វី?(Understanding What Are Phobias)
អ្វីទៅជាជំងឺខ្លាច?
ជំងឺខ្លាចគឺជាអារម្មណ៍នៅមិនសុខចេះតែរកកល់ភិតភ័យមិនទំនងទៅនឹងវត្ថុអ្វីមួយដែលមិនមានអ្វីគ្រោះថ្នាក់ទាល់តែសោះ។ ជំងឺនេះមិនដូចទៅនឹងជំងឺថប់បារម្ភដែលអាចកើតមាននៅពេលយើងនិយាយក្នុងទីសាធារណៈ ឬពេលប្រឡងនោះទេ ប៉ុន្តែផ្ទុយទៅវិញចំពោះអ្នកដែលមានជំងឺខ្លាចនេះវិញគឺមានរយៈពេលយូរហើយអាចបង្កសញ្ញាលើរូបរាងកាយនិងផ្លូវអារម្មណ៍ផងដែរ។ពេលជួបបញ្ហានេះហើយយើងមិនអាចទៅធ្វើការ និងចុះសម្រុងក្នុងមជ្ឈដ្ឋានសង្គមមួយចំនួន។ ជំងឺខ្លាចដែលឧស្សាហ៍ជួបជាងគេគឺខ្លាចពេលជិះយន្តហោះ ខ្លាចខ្ពស់ ជិះជណ្ដើរយោង ខ្លាចពីងពាង ខ្លាចជនមិនស្គាល់មុខ ខ្លាចការចាក់ថ្នាំ ខ្លាចឈាម និងទីកន្លែងដែលបិទជិតជាដើម។
រោគសញ្ញា
តើជំងឺខ្លាចមានសញ្ញាអ្វីខ្លះ?
ជំងឺខ្លាចជាទូទៅមានសញ្ញាដូចជា ដង្ហើមនិងចង្វាក់បេះដូងញាប់ មានអារម្មណ៍ស្ទះ ណែនទ្រូង បែកញើសនិងរាកជាដើម។ បញ្ហាទាំងនេះអាចឈានទៅដល់ការថប់បារម្ភធ្ងន់ធ្ងរ និងស្លន់ទៀតផង។ ជាទូទៅបញ្ហានេះច្រើនជួបលើមនុស្សដែលមិនអាចទប់អារម្មណ៍ខ្លួនឯងបាន។ ការណ៍នេះអាចចោទជាបញ្ហាពេលដែលយើងមានអាការៈចេះតែខ្លាចបែបនេះនៅកន្លែងធ្វើការ។ក្រៅពីរោគសញ្ញាខាងលើ នៅអាចមានសញ្ញាផ្សេងទៀតដែលអ្នកជំងឺអាចជួបប្រទះ។ បើចង់ដឹងច្បាស់ និងលម្អិតថែមទៀតសូមពិគ្រោះជាមួយគ្រូពេទ្យជំនាញ។
តើត្រូវទៅជួបគ្រូពេទ្យនៅពេលណា?
ការភ័យខ្លាចបែបនេះគឺអាចផ្ដល់ការរំខានដូចជាត្រូវឡើងជណ្ដើរជើងច្រើនជាន់ជំនួសការជិះជណ្ដើរយោង។ប៉ុន្តែនេះមិនមែនបានន័យថាជាការបារម្ភខ្លាំងពេកនោះទេ។ ប្រសិនបើការថប់បារម្ភបែបនេះបង្កបញ្ហាទៅលើការងារប្រចាំថ្ងៃទាំងនៅសាលា និងតាមមជ្ឈដ្ឋានទូទៅ នោះគួរតែទៅរកគ្រូពេទ្យផ្នែកចិត្តសាស្ត្រដើម្បីពិគ្រោះយោបល់ ព្រោះថាបញ្ហាទាំងនេះអាចនឹងជៀសវាងបានបើប្រើថ្នាំបានត្រឹមត្រូវ។មូលហេតុ
តើជំងឺនេះបណ្ដាលមកពីមូលហេតុអ្វី?
ក្នុងពេលឥលូវនេះមិនទាន់មានការសិក្សាណាបង្ហាញពីមូលហេតុច្បាស់នៅឡើយ។ ប៉ុន្តែអ្នកវិទ្យាសាស្ត្រគិតថាជំងឺខ្លាចអាចបណ្ដាលមកពីតំណពូជ ឬធ្លាប់មានការបំពានណាមួយពីមុនមក។កត្តាប្រឈម
តើជំងឺខ្លាចច្រើនជួបលើមនុស្សប្រភេទណា?
ភាគច្រើនជួបប្រទះលើមនុស្សទើបឈានដល់វ័យជំទង់ហើយទម្រង់នៃការខ្លាចមានដូចជា ខ្លាចសត្វមួយចំនួន ខ្លាចឈាម ខ្យល់ រន្ទះ និងអ្នកខ្លះទៀតខ្លាចទឹកក៏មាន។ ជំងឺនេះច្រើនកើតលើមនុស្សស្រីជាងមនុស្សប្រុស។តើកត្តាអ្វីខ្លះដែលអាចបង្កើនជំងឺខ្លាចនេះ?
អាចមានកត្តាជាច្រើនចូលរួមក្នុងការធ្វើឲ្យមានជំងឺខ្លាចនេះដូចជា៖- អាយុ៖ ខ្លាចសង្គម (វិបត្តិថប់បារម្ភចូលសង្គមគេមិនចុះ)អាចកើតឡើងលើកុមារនិងក្មេងដែលមានអាយុជាទូទៅ១៣ឆ្នាំ។ ការខ្លាចលើវត្ថុច្បាស់លាស់គឺចាប់ផ្ដើមពេលអាយុ១០ឆ្នាំ។ ជំងឺខ្លាចខ្ពស់អាចកើតមានក្រោយពេលពេញវ័យ ឬមុនពេលឈានចូលមជ្ឈិមវ័យ។
- បងប្អូន៖ ប្រសិនបើសមាជិកគ្រួសារមានជំងឺនេះហើយ យើងក៏អាចនឹងប្រឈមនឹងការកើតជំងឺនេះដែរ។ អាចនិយាយបានម្យ៉ាងទៀតថានេះជាទំនោរតំណពូជ ឬក៏កុមារអាចឆ្លងការខ្លាចរបស់អ្វីមួយជាក់លាក់តាមសមាជិកដែលរស់នៅជុំវិញខ្លួនដោយគ្រាន់តែមើលវត្ថុនោះក្នុងស្ថានភាពណាមួយក៏ថាបាន។
- ឆាប់មួម៉ៅ៖ ជំងឺខ្លាចអាចនឹងងាយកើតចំពោះមនុស្សដែលឆាប់ខឹង ច្រើនកើតលើទម្រង់អវិជ្ជមាននិងតំណពូជច្រើន។
- បទពិសោធភ័យខ្លាច៖ នៅពេលយើងធ្លាប់មានការប៉ះទង្គិចផ្លូវអារម្មណ៍ណាមួយ ជាប់ឃុំឃាំង ឬបំពានដោយសត្វសាហាវក៏អាចធ្វើឲ្យមានជំងឺខ្លាចនេះបានដែរ។
រោគវិនិច្ឆ័យនិងការព្យាបាល
ព័ត៌មានដែលផ្ដល់ជូនខាងក្រោមនេះមិនមែនជាការណែនាំបែបវេជ្ជសាស្ត្រនោះទេ។ គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីទទួលបានការប្រឹក្សាត្រឹមត្រូវ។រោគវិនិច្ឆ័យ
គ្មានតេស្តពិសេសសម្រាប់ធ្វើការកំណត់ជំងឺនេះបានទេ។ រោគវិនិច្ឆ័យគឺធ្វើឡើងអាស្រ័យលើសញ្ញាគ្លីនិក ការសម្ភាសន៍ និងតាមគោលការណ៍កំណត់ដែលមានស្រាប់។ អ្នកជំងឺអាចនឹងត្រូវសួរសំនួរជាច្រើនពីអាការៈនិងប្រវត្តិជំងឺដើម្បីឲ្យគ្រូពេទ្យសំយោគនិងធ្វើការកំណត់ឲ្យបានត្រឹមត្រូវ។ការព្យាបាល
គោលបំណងក្នុងការព្យាបាលគឺបង្កើនសុខុមាលភាពជីវិតដើម្បីកុំឲ្យមានការភ័យខ្លាចកើតឡើង។ជាទូទៅគឺត្រូវការពេលច្រើនខែដែរដើម្បីព្យាបាលជំងឺខ្លាចសង្គមនេះ ហើយការព្យាបាលទៀតសោតគឺត្រូវការភាពត្រឹមត្រូវនិងរយៈពេលសមរម្យ។ ប្រសិនបើជំងឺខ្លាចលើសត្វ ម្ជុលឬគ្រោះថ្នាក់វិញ អាចទទួលបានភាពប្រសើរឡើងនៃអាការៈជំងឺនេះក្រោយពេលទទួលការព្យាបាលដោយចិត្តសាស្ត្រ។
ទាំងការព្យាបាលដោយថ្នាំនិងចិត្តសាស្ត្រគឺត្រូវប្រើរួមគ្នា។ ចំពោះថ្នាំគឺអាចជួយបន្ថយអាការៈដូចជាថប់បារម្ភ បេះដូងដើរញាប់និងញ័រទ្រូងជាដើម។ ថ្នាំមួយចំនួនអាចមានប្រយោជន៍ចំពោះជំងឺខ្លាចសង្គមច្រើនជាងជំងឺខ្លាចប្រភេទផ្សេងៗទៀត។
ការព្យាបាលលើរូបភាពស្រម៉ៃ ឬការប្រឈមទៅនឹងភាពភ័យខ្លាចគឺជាវិធីដែលមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺខ្លាច។ ការព្យាបាលដោយឲ្យប្រឈមទៅនឹងអ្វីដែលខ្លាចនេះភាគច្រើនបានផលល្អប្រសិនបើការប្រឈមនោះញឹកញាប់។ ចំណែកការព្យាបាលផ្សេងទៀតដូចជាសណ្ដំ និងការបកស្រាយគឺអាចជួយអ្នកជំងឺឲ្យបន្ថយការថប់បារម្ភ និងគ្រប់គ្រងចង្វាក់បេះដូងបាន។
ការការពារ និង វិធីខ្លះៗដែលអាចជួយយើងបាន
តើមានវិធីអ្វីខ្លះដែលអាចអនុវត្តបានដើម្បីជួយដោះស្រាយជំងឺភ័យខ្លាចនេះ?
ដើម្បីគ្រប់គ្រងជំងឺនេះបានយើងគួរ៖- មិនត្រូវភ័យខ្លាចក្នុងការស្វែងរកជំនួយ ប្រាប់ទៅគ្រូពេទ្យដោយមិនខ្មាសអៀន
- ត្រូវចាំថាការភ័យខ្លាចវត្ថុជាក់លាក់អាចព្យាបាលបានគ្រាន់តែទៅជួបពេទ្យប៉ុន្មានដងប៉ុណ្ណោះ
- ជៀសវាងស្ត្រេស
- ហាត់ប្រាណជាប្រចាំ
- ត្រូវជៀសវាងវត្ថុ ឬស្ថានភាពដែលធ្វើឲ្យយើងភ័យខ្លាច
- ស្វែងរកគ្រូពេទ្យបើសញ្ញាកាន់តែធ្ងន់ធ្ងរឬជួបបញ្ហាវិបាកលើរាងកាយដោយសារតែការថប់បារម្ភឬបាក់ទឹកចិត្តនិងពេលមានអារម្មណ៍ថាចង់សម្លាប់ខ្លួន។
No comments