ជំងឺគាំងបេះដូង(Heart attack)
១- អ្វីជាជំងឺគាំងបេះដូង?
គាំងបេះដូង សំដៅលើស្ថានភាពស្ទះសសៃរឈាមបេះដូង ជាជំងឺធ្ងន់ធ្ងរ កើតឡើងពេលលំហូរឈាមទៅកាន់បេះដូងត្រូវស្ទះ ក្រោយសារជាតិខ្លាញ់ក្នុងសរសៃឈាម និងសារធាតុផ្សេងទៀត បង្កើតជាកំណកក្នុងសរសៃអាក់ទែដែលមាននាទីផ្គត់ផ្គង់ឈាមទៅបេះដូង។
ពេលលំហូរឈាមត្រូវស្ទះ នាំឲ្យបំផ្លាញ ឬខូចខាតផ្នែកនៃសាច់ដុំបេះដូង ជំងឺនេះអាចហៅថាស្ទះសរសៃឈាមបេះដូងដូចគ្នា ងាយឆក់យកជីវិតយើងគ្រប់វិនាទី។ ប៉ុន្តែការព្យាបាលអាចត្រឹមធ្វើឲ្យប្រសើរមួយរយៈពេល ប៉ុន្តែទាមទារការពិនិត្យ និងព្យាបាលបន្តបន្ទាប់។ កុំអែអង់ទូរស័ព្ទទៅ ១១៩ សុំជំនួយបន្ទាន់ ឬផ្នែកសង្រ្គោះបន្ទាន់ណាមួយនៅជិតយើងបំផុត ប្រសិនយើងមានអារម្មណ៍បេះដូងចង់គាំង។
២- កើតញឺកញាប់ដែរទេ?
ផ្អែកលើមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងការពារ នៅអាមេរិក រៀងរាល់ឆ្នាំពលរដ្ឋអាមេរិក៖
៧៣៥.០០០នាក់ ជួបបញ្ហាគាំងបេះដូង
៥២៥.០០០នាក់ ជាករណីគាំងលើកដំបូង និង
២១០.០០០នាក់ ធ្លាប់គាំងបេះដូងពីមុន។
ទោះជាយ៉ាងណា យើងអាចត្រឹមតែអាចគ្រប់គ្រង និងកាត់បន្ថយអត្រាប្រឈមជំងឺនេះបាន គួរពិភាក្សាជាមួយគ្រូពេទ្យ។
រោគសញ្ញា
៣- រោគសញ្ញាមានអ្វីខ្លះ?រោគសញ្ញា និងអាការៈជំងឺគាំងបេះដូងមានដូចជា៖
– មានសម្ពាធក្នុងទ្រូង តឹង ចុក ណែន ឈឺចាប់ក្នុងទ្រូង ឬដៃ ហើយរាលដាលទៅក ថ្គាម និងខ្នង។
– ចង្អោរ មិនរំលាយអាហារ ក្រហាយទ្រូង ឬឈឺពោះ
– ហត់
– បែកញើសខ្លាំង ដោយមិនដឹងមូលហេតុ (Cold sweat)
– ហត់
– អស់កម្លាំង
– ធេងធោង ឬវិលមុខ
ចាំថាមិនមែនមនុស្សទាំងអស់កើតជំងឺនេះសុទ្ធតែមានរោគសញ្ញាដូចគ្នាទេ។ អ្នកខ្លះចុកតិចតួចតែអ្នកផ្សេងទៀតចុកខ្លាំង ខ្លះមិនមានរោគសញ្ញា ខណៈខ្លះទៀតមានសញ្ញាដំបូងដូចជាបេះដូងឈប់ដើរមួយរំពេច។ យ៉ាងណា មានសញ្ញា និងអាការៈផ្សេងទៀត អ្នកជំងឺគាំងបេះដូងអាចជួបប្រទះគ្រប់ពេល។
គាំងបេះដូងមួយចំនួនកើតឡើងភ្លាមៗ ប៉ុន្តែយើងអាចមានអារម្មណ៍ដឹងមុន។ អាការៈនេះមានដូចជា ឈឺទ្រូង (Angina) កើតឡើងដោយសារប្រឹងខ្លាំង ហើយធូរស្រាលទៅវិញក្រោយសម្រាក។
គាំងបេះដូង ខុសពីបេះដូងឈប់ដើរភ្លាមៗ អាចកើតឡើងពេលចរន្តត្រូវរំខាន ប៉ះពាល់លំហូរឈាមពេញតួរខ្លួន។ ជំងឺនេះអាចធ្វើឲ្យបេះដូងឈប់ដើរ ប៉ុន្តែមិនមែនមានតែហេតុផលមួយនេះទេ។
៤- ពេលណាគួរទៅជួបគ្រូពេទ្យ?
ត្រូវរកជំនួយឲ្យលឿនបំផុតតាមអាចធ្វើទៅបាន ព្រោះករណីខ្លះយើងមិនដឹងពីរោគសញ្ញាសំខាន់ៗនៃជំងឺគាំងបេះដូង។ បើមានជំងឺនេះ គួរធ្វើតាមជំហានដូចខាងក្រោម៖
– បើសង្ស័យមានជំងឺនេះ ឬប្រទះរោគសញ្ញាអ្វីមួយកុំស្ទាក់ស្ទើរ ឆាប់ទូរស័ព្ទទៅភ្នាក់ងារសង្គ្រោះបន្ទាន់ ១១៩ ឬអាចស្វែងរកជំនួយពីមណ្ឌលសុខភាព គ្លីនិកនៅជិតយើងបំផុត។ ក្នុងករណីមិនមានសមាជិកគ្រួសារ ឬនរណាម្នាក់នៅក្បែរខ្លួន ព្យាយាមទៅដោយខ្លួនឯងជាអាចកុំរង់ចាំស្ថានភាពកាន់តែធ្ងន់ធ្ងរ។
– លេបថ្នាំ នីត្រូគ្លីសេរីន (Nitroglycerin) បើមានវេជ្ជបញ្ជាពីគ្រូពេទ្យ អំឡុងពេលរង់ចាំភ្នាក់ងារសង្គ្រោះ។
– លេបថ្នាំ អាស្ពីរីន (Aspirin) បើសិនមានជំងឺនេះ ព្រោះជួយកាត់ការខូចបេះដូង ការពារឈាមកុំឲ្យកក។ អាស្ពីរីន ក៏លេបជាមួយថ្នាំផ្សេងទៀត ប៉ុន្តែបើសិនគ្រូពេទ្យ ឬភ្នាក់ងារសង្គ្រោះមិនបានណែនាំ កុំព្យាយាមលេបឲ្យសោះ។
មូលហេតុបង្ក
៥- អ្វីខ្លះជាមូលហេតុបង្ក?ដោយសារសរសៃអាក់ទែ កូរូណែ (coronary acteries) មួយ ឬច្រើនត្រូវស្ទះ តូចចង្អៀតដោយសារកំណើនសារធាតុខ្លាញ់។ ស្ថានភាពនេះហៅថា ជំងឺអាក់ទែកូរូណែ ដែលជាកត្តាចម្បងមួយនាំឲ្យគាំងបេះដូង។
ពេលគាំងបេះដូង កំណកទាំងនេះអាចធ្វើឲ្យដាច់ ធ្វើឲ្យសារធាតុខ្លាញ់ និងសារធាតុផ្សេងទៀតធ្លាក់ចូលចរន្តឈាម។ កំណកឈាមនឹងកើតឡើងនៅកន្លែងដាច់ ប្រសិនដុំកកនោះធំល្មម វាអាចធ្វើឲ្យស្ទះឈាមហូរកាត់អាក់ទែកូរូណែ។
ក្រៅពីជំងឺអាក់ទែកូរូណែ ហេតុផលផ្សេងទៀតនៃជំងឺគាំងបេះដូង គឺករណីរួញអាក់ទែកូរូណែ ធ្វើឲ្យបិទឈាមហូរទៅកាន់សាច់ដុំបេះដូង។ ជក់បារី និងប្រើថ្នាំញៀន ដូចជា កូកាអ៊ីន អាចធ្វើឲ្យប៉ះពាល់ដល់ជីវិតដូចគ្នា។
កត្តាប្រឈម
៦- កត្តាប្រឈមមានអ្វីខ្លះ?មានមូលហេតុជាច្រើននាំឲ្យកើតជំងឺនេះ ហើយកត្តាប្រឈមច្រើនកើតឡើងជាញឹកញាប់មានដូចជា៖
– កត្តាអាយុ៖ បុរសអាយុ ៤៥ ឆ្នាំឡើង និងស្រ្តីអាយុ ៥៥ ឆ្នាំឡើង ប្រឈមខ្ពស់កើតជំងឺនេះ។
– ជក់បារី៖ ជក់ ឬស្រូបផ្សែងបារីយូរទៅ ធ្វើឲ្យកើនឡើងហានិភ័យគាំងបេះដូង។
– លើសឈាម៖ នាំឲ្យខូចសរសៃឈាម ដែលមានតួនាទីដឹកនាំឈាមទៅបេះដូង ធ្វើឲ្យកកខ្លាញ់ក្នុងសរសៃឈាម។
– លើសជាតិខ្លាញ់៖ ខ្លាញ់ក្នុងឈាមខ្ពស់ (ជាតិខ្លាញ់អាក្រក់) ឬ ទ្រីគ្លីសេរីត (triglyceride) ច្រើន ធ្វើឲ្យសរសៃឈាមតូចចង្អៀត។ កម្រិតខ្ពស់នៃសារធាតុ ទ្រីគ្លីសេរីត ដែលជាប្រភេទខ្លាញ់ក្នុងឈាម ជាប់ទាក់ទងរបបអាហារប្រចាំថ្ងៃ ធ្វើឲ្យប្រឈមខ្ពស់ដូចគ្នា។
– ជំងឺទឹកនោមផ្អែម៖ អាំងស៊ុយលីន ជាអ័រម៉ូនផលិតដោយលំពែង អនុញ្ញាតឲ្យយើងប្រើគ្លុយកូស ជាទម្រង់ស្ករ ដើម្បីទៅចិញ្ចឹមកោសិកាឈាម។ កើតជំងឺទឹកនោមផ្អែម ដោយសារលំពែងមិនអាចផលិត អាំងស៊ុយលីន គ្រប់គ្រាន់ ឬមិនអាចឆ្លើយតបត្រឹមត្រូវ ជាហេតុបណ្ដាលឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់។
– គ្រួរសារមានប្រវត្តិកើតជំងឺគាំងបេះដូង៖ បើមានបងប្អូន ឪពុកម្ដាយ ឬយាយតា កើតជំងឺនេះ អាចជាកត្តាប្រឈមខ្ពស់ផងដែរ។
– មិនហាត់ប្រាណ៖ អសកម្មក្នុងជីវិតរស់នៅ នាំឲ្យមានជាតិខ្លាញ់ក្នុងឈាមឡើងកាន់តែខ្ពស់ និងឡើងទម្ងន់។ ហាត់ប្រាណទៀងទាត់ នាំឲ្យប្រព័ន្ធចិញ្ចឹមបេះដូងបានល្អ ធ្វើឲ្យកាត់បន្ថយគ្រោះថ្នាក់។
– ឡើងទម្ងន់៖ ករណីឡើងទម្ងន់ មានទំនាក់ទំនងជាមួយជាតិខ្លាញ់ខ្ពស់ក្នុងឈាម ខ្លាញ់ទ្រីគ្លីសេរីតខ្ពស់ សម្ពាធឈាមខ្ពស់ និងទឹកនោមផ្អែម។
– ធុញថប់៖ ភាពតានតឹងអាចបង្កើនហានិភ័យគាំងបេះដូង។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ករណីស្ថិតក្នុងស្ថានភាពសង្រ្គោះបន្ទាន់ គ្រូពេទ្យនឹងពិនិត្យរោគសញ្ញា សម្ពាធឈាម ជីពចរ និងសីតុណ្ហភាពក្នុងខ្លួនយើង។ ឧបករណ៍តេស្តបេះដូងមួយចំនួន ត្រូវប្រើប្រាស់ បើយើងពិតជាមានជំងឺគាំងបេះដូងមែននោះ។
ដើម្បីរកមើលសញ្ញាបង្កឲ្យឈឺទ្រូង គាំងបេះដូង ជំងឺផ្សេងទៀត គ្រូពេទ្យនឹងចាប់ផ្តើមធ្វើតេស្តតាមវិធីមួយចំនួនដូចជា៖
– តេស្តដោយម៉ាស៊ីនវាស់បេះដូង អេឡិចត្រូកាឌីយ៉ូក្រាម (Electrocardiogram) ដើម្បីថតសកម្មភាពបេះដូង តាមរយៈអេឡិចត្រូតភ្ជាប់ជាមួយស្បែក។ កម្លាំងញោចបានថតរលកនៅលើឧបករណ៍ និងផ្ដិតជារូបភាព ព្រោះពេលសាច់ដុំបេះដូងមានរបួស នឹងមិនរំញោចអគ្គិសនីនោះទេ ហេតុនេះម៉ាស៊ីនអាចឲ្យគ្រូពេទ្យដឹងថាបេះដូងគាំង ឬដំណើរការ។
– ធ្វើតេស្តឈាម រកមើលកម្រិត អង់ស៊ីម នៅក្នុងបេះដូង មានការថយចុះ ឬយ៉ាងណា ព្រោះបើករណីបេះដូងរងការខូចខាត អង់ស៊ីម នឹងមានក្នុងកម្រិតទាប។ ក្នុងករណីយើងមានជំងឺបេះដូងស្រាប់ ឬទើបគាំងបេះដូងលើកដំបូង គ្រូពេទ្យនឹងរៀបចំវិធីព្យាបាលបន្ទាន់ តាមរយៈជំហានធ្វើតេស្តដូចខាងក្រោម៖
– ថតកាំរស្មីអុិចនៅទ្រូង៖ រូបភាពកាំរស្មី ធ្វើឲ្យគ្រូពេទ្យឃើញទំហំបេះដូង និងសសៃរឈាម អាចមើលលំហូរឈាមទៅកាន់សួត។
– អេកូបេះដូង៖ អំឡុងពេលធ្វើតេស្ត រលកសំឡេងបេះដូង នឹងបញ្ជូនផ្ទាល់ទៅកាន់ឧបករណ៍ Wandlike នៅលើទ្រូង ដំណើរការអេឡិចត្រូនិក ដើម្បីផ្ដល់រូបភាពវីដេអូពីទម្រង់បេះដូង។
– ដាក់ កាតេទែ នៅក្នុងអាក់ទែកូរូណែ (Angiogram)៖ សារធាតុពណ៌ត្រូវចាក់ចូលក្នុងសរសៃឈាមបេះដូង តាមរយៈបំពង់ស្ដើងឆ្លងកាត់សរសៃឈាមក្នុងជើង និងក្រលៀន ឆ្ពោះទៅកាន់សរសៃឈាមបេះដូង។ សារធាតុនេះធ្វើអោយសរសៃឈាមមើលឃើញនៅលើកាំរស្មី បង្ហាញតំបន់កកស្ទះ។
– ស្កេនបេះដូង (CT) ឬ (MRI)៖ តេស្តទាំងនេះដើម្បីរកពីមូលហេតុនាំឲ្យខូចបេះដូង រាប់បញ្ចូលទាំងទំហំខូចខាតផងដែរ ។
៨- ព្យាលដោយវិធីណា?
វិធីចម្បងការពារ និងព្យាបាលគាំងបេះដូង គឺធ្វើឲ្យលំហូរឈាមត្រឡប់ដូចដើមឲ្យលឿនបំផុត ខណៈការព្យាបាលអាស្រ័យលើស្ថានភាពជំងឺ ក្នុងករណីខ្លះគ្រូពេទ្យអាចប្រើថ្នាំដើម្បីព្យាបាលដូចជា៖
– អាស្ពីរីន៖ ជួយកាត់បន្ថយកំណកឈាម ជួសជុលឈាមឲ្យហូរកាត់សរសៃឈាមតូចចង្អៀត។
– ថ្នាំរំលាយកំណកឈាម៖ ហៅថា Clotbusters អាចជួយដោះស្រាយបញ្ហាឈាមកក។
– ថ្នាំ Antiplatelet agents៖ ក៏ដូចជាថ្នំ Clopidogrel និងថ្នាំផ្សេងទៀតដែរ។
– ថ្នាំ Blood-thinning ៖ ជាថ្នាំកាត់បន្ថយកំណកឈាមដូច អេប៉ារីន។
– ថ្នាំកាត់បន្ថយការឈឺចាប់៖ មានដូចជា Morphine។
– នីត្រូគ្លីសេរីន៖ ព្យាបាលឈឺទ្រូង ជួយឲ្យសរសៃឈាមរីក។
– Beta blockers៖ ជួយសម្រួលសាច់ដុំបេះដូង ធ្វើឲ្យបេះដូងដើរយឺត បន្ថយសម្ពាធឈាម និងជួយបេះដូងដំណើរការស្រួល។
ក្នុងករណីស្ថានភាពធ្ងន់ធ្ងរ គ្រូពេទ្យនឹងសម្រេចជ្រើសវិធីវះកាត់មួយចំនួនដូចជា៖
– វះកាត់ជួសជុលអាក់ទែកូរូណែ៖ ដោយបញ្ចូលបំពង់ស្ដើង ឆ្លងកាត់សរសៃឈាមក្នុងជើង ឬក្រលៀន ទៅកាន់សរសៃឈាមស្ទះក្នុងបេះដូង។
– វះកាត់ផ្លូវវាងអាក់ទែកូរូណែ (Coronary bypass surgery)៖ ក្នុងករណីខ្លះ គ្រូពេទ្យនឹងធ្វើការវះកាត់នេះបន្ទាន់ភ្លាមៗនៅពេលដែលគាំងបេះដូងតែម្ដង។ ប្រសិនបើអាច គ្រូពេទ្យអាចនឹងណែនាំអ្នកឲ្យធ្វើ ការវះកាត់នេះនៅពេលដែលបេះដូងនៅមានពេល ប្រហែលពី ៣-៧ ថ្ងៃក្រោយធូរស្រាលពីគាំងបេះដូង។
No comments