Header Ads

វ៉ាក់សាំង៧មុខសំខាន់សម្រាប់កុមារ

ជាធម្មតាកុមារតែងនឹងទទួលបានការចាក់ថ្នាំបង្ការដែលធ្វើឡើងស្របទៅនឹងកម្មវិធីជាតិផ្ដល់ថ្នាំបង្ការដល់កុមារ ដោយក្នុងនោះ រួមមានវ៉ាក់សាំង៧មុខតំណាងដោយអក្សរកាត់ដូចជា BCG, HBV, OPV, DTP-Hib, PCV, MRនិង JE ដូចខាងក្រោម៖


១.  BCG Vaccine គឺជាវ៉ាក់សាំងបង្ការជំងឺរបេងដែលមានពាក្យកាត់ថា“BCG” ត្រូវបានឲ្យទៅទារកនៅថ្ងៃដំបូងបន្ទាប់ពីកើតក្នុងគោលបំណងបង្ការការចម្លងនៃមេរោគMycobacterium tuberculosis (TB) ទៅលើទារកដែលទើបនឹងកើត។ វ៉ាក់សាំងនេះ មានផ្ទុកនូវបាក់តេរីដែលមានជីវិត តែមានភាពទន់ខ្សោយ (attenuated)ដែលចូលទៅភ្ញោចប្រព័ន្ធការពារឲ្យផលិតអង់ទីក័រ និងមិនបង្កទៅជាជំងឺទៅលើកុមារដែលមានសុខភាពល្អនោះទេ។ Mycobacterium bovis  ដែលជាប្រភេទបាក់តេរីបង្កជាជំងឺរបេងទៅលើតែសត្វប៉ុណ្ណោះ។ ចំពោះផលរំខាន 
គឺច្រើនឃើញមានជាការឡើងរឹង និងអាចមានពងទឹកនៅជុំវិញបរិ-វេណដែលចាក់ថ្នាំបង្ការ។ 
 


២.​​ HB Vaccine វ៉ាក់សាំងនេះត្រូវបានដាក់ឲ្យប្រើប្រាស់ ដើម្បីការពារប្រឆាំងទៅនឹងវីរុសរលាកថ្លើមប្រភេទB ដែលជាមូលហេតុចម្បងនៃជំងឺរលាកថ្លើម និងអាចវិវឌ្ឍទៅជាជំងឺមហារីកឬជំងឺក្រិនថ្លើមជាដើម។ វ៉ាក់សាំងនេះមានផ្ទុកនូវប្រូតេអុីនមួយប្រភេទ ដែលស្ថិតនៅផ្ទៃខាងលើនៃវីរុសរលាកថ្លើមប្រភេទB ឬហៅថា“HBsAg” ដែលផលិតឡើងតាមវិធីសាស្រ្ដ Recombinant DNA Technology ដោយធ្វើការចាក់បញ្ចូលនូវDNAរបស់វីរុសចូលទៅក្នុងកោសិកាមេរោគដទៃទៀត ដែលការធ្វើបែបនេះនាំឲ្យវីរុសបាត់បង់នូវឥទ្ធិពលដែលអាចបង្កទៅជាជំងឺ។យើងក៏អាចឃើញមានផលរំខានតិចតួចបន្ទាប់ពីកុមារចាក់វ៉ាក់សាំងនេះរួចដោយឃើញមានការឡើងក្រហមនិងឈឺនូវត្រង់កន្លែងដែលចាក់ផងដែរ។


៣.  OPV គឺជាវ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើងដែលមានទម្រង់ជាថ្នាំបន្តក់តាមមាត់ ហើយវាជាប្រភេទវ៉ាក់សាំងដែលមានផ្ទុកនូវមេរោគមានជីវិត (alive vaccine)តែពុំមានលទ្ធភាពបង្កជាជំងឺឡើយ។វ៉ាក់សាំងនេះក៏ត្រូវបានហាមប្រាមមិនឲ្យប្រើប្រាស់ទៅលើអ្នកជំងឺដែលមានប្រព័ន្ធការពារចុះខ្សោយ ដោយត្រូវប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើងដែលមានទម្រង់ជាថ្នាំចាក់(IPV)ជំនួសវិញ ព្រោះថាវ៉ាក់សាំងដែលមានទម្រង់ ជាថ្នាំចាក់ត្រូវបានផលិតឡើងដោយមេរោគដែលត្រូវបានបង្អាក់សកម្មភាព (inactivated vaccine) រួចទៅហើយ។
 

៤.  DTP-Hib ជាប្រភេទវ៉ាក់សាំងដែលរួមបញ្ចូលគ្នា ដែលអក្សរកាត់ទាំងនោះសំដៅទៅលើ៖
•  Diphtheria (ជំងឺខាន់ស្លាក់)
•  Tetanus (ជំងឺតេតាណុស)
•  Pertussis (ជំងឺក្អកមាន់)
•  Hemophilus influenza B
វ៉ាក់សាំងទាំងបួនប្រភេទនេះត្រូវបានផលិតឡើងក្រោមវិធីសាស្រ្តតែមួយដោយធ្វើការដកយកនូវប្រូតេអុីន ឬសារជាតិពុល(Toxin)របស់បាក់តេរី រួចបង្អាក់សកម្មភាពរបស់វាដោយសារធាតុគីមី ដែលត្រូវបានគេហៅថា “Toxoid”។Toxoid អាចធ្វើឲ្យរាងកាយមនុស្សផលិតប្រព័ន្ធការពារប្រឆាំងនឹងមេរោគតែមិនអាចបង្កជាជំងឺនោះទេ ហើយជាទូទៅបន្ទាប់ពីចាក់វ៉ាក់សាំងនេះរួចក្មេងអាចមានអាការៈក្ដៅខ្លួនកម្រិតស្រាល ដែលវាមិនបង្កទៅជាគ្រោះថ្នាក់ទេ។

 


៥.  PCV គឺជាវ៉ាក់សាំងដែលផលិតឡើងដោយការសំយោគនៃស្ករ (Polysaccharides) ដែលបានមកពីផ្ទៃខាងលើនៃបាក់តេរី PneumoccocalPneumonia រួមជាមួយនឹងប្រូតេអុីន (nontoxic protein) ដែលបានមកពីបាក់តេរីដទៃទៀត ដើម្បីជម្រុញនូវការផលិតប្រព័ន្ធការពារប្រឆាំងទៅនឹងមេរោគ Pneumoccocus ដែលបង្កទៅជាជំងឺរលាកសួត។ យើងអាចឃើញមានផលរំខានដូចជា ការឡើងក្រហម ឈឺ ហើម ឬរមាស់តិចតួច រួចវានឹងបាត់ទៅវិញនៅ២ទៅ៣ថ្ងៃបន្ទាប់។
 


៦.  MR ជាវ៉ាក់សាំងពីរដែលរួមបញ្ចូលគ្នាដោយប្រើប្រាស់ក្នុងការបង្ការជំងឺកញ្រ្ជឹល (Measles) និងជំងឺស្អូច (Rubella) ។ វាមានផ្ទុកនូវវីរុសស្អូច និងកញ្រ្ជឹលដែលមានភាពទន់ខ្សោយមិនអាចបង្កជាជំងឺបាន តែវាអាចចូលទៅភ្ញោចប្រព័ន្ធការពារមនុស្សឲ្យផលិតអង់ទីក័រ។ ដោយសារតែវ៉ាក់សាំងនេះជាប្រភេទវ៉ាក់សាំង ដែលមានផ្ទុកនូវវីរុសមានជីវិតដូច្នេះវាត្រូវបានហាមឃាត់ មិនឲ្យប្រើប្រាស់ទៅលើអ្នកជំងឺដែលមានប្រព័ន្ធការពារចុះខ្សោយនោះទេ។
 


៧.  វ៉ាក់សាំងបង្ការជំងឺរលាកស្រោមខួរ JE ត្រូវបានណែនាំឲ្យប្រើប្រាស់ចាប់តាំងពីឆ្នាំ១៩៣០មកម្ល៉េះ ដើម្បីប្រឆាំងការចម្លងនៃវីរុស Japanese encephalitis ដែលបង្កទៅជាជំងឺរលាកស្រោមខួរយ៉ាងធ្ងន់ធ្ងរ។ វ៉ាក់សាំងនេះត្រូវបានបង្កើតឡើងដោយមានផ្ទុកនូវវីរុសដែលមានជីវិត (alive vaccine) និងអនុញ្ញាតឲ្យប្រើប្រាស់ទៅលើក្មេងដែលមានអាយុយ៉ាងតិចពីរខែ។ វ៉ាក់សាំងនេះក៏ពុំមានភាពខុសគ្នាជាមួយនឹងវ៉ាក់សាំងផ្សេងទៀតដែរ ដោយវាអាចនឹងបង្កជាផលរំខានតិចតួចដូចជាក្ដៅខ្លួន ឈឺសាច់ដុំ ឬឈឺក្បាលជាដើម។ចំពោះការប្រើប្រាស់វ៉ាក់សាំងទាំង៧មុខនេះគឺត្រូវគោរពតាមប្រតិទិនកម្មវិធីជាតិសម្រាប់ផ្ដល់ថ្នាំបង្ការដល់កុមារ

No comments

Theme images by Nikada. Powered by Blogger.