Header Ads

ថ្នាំ Augmentin

 💊💊យល់ដឹងពីការប្រើប្រាស់ ថ្នាំ Augmentin សវាងគ្រោះថ្នាក់💊💊
ថ្នាំ Augmentin ផ្សំពី Amoxicillin និង Clavulanic acid។ Amoxicillin គឺជាថ្នាំសម្លាប់បាក់តេរីមួយប្រភេទក្នុងក្រុម Penicillin។ វាមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងទៅនឹងបាក់តេរីមួយចំនួន ដូចជា H. influenza, N. gonorrhea, E. Coli, Pneumococci, Streptococci និងពពួក Staphylococci។ Amoxicillin បញ្ឈប់បាក់តេរីពីការរីកដុះដាលកូនចៅ ដោយការពារបាក់តេរីពីការបង្កើតជញ្ជាំងដែលរុំព័ទ្ធវា។ ជញ្ជាំងនោះ គឺសំខាន់សម្រាប់ការពារបាក់តេរីពីមជ្ឈដ្ឋានរបស់វា និងដើម្បីរក្សាសមាសធាតុនៃកោសិកាបាក់តេរីអោយនៅជាមួយគ្នា។ បាក់តេរីមិនអាចរស់នៅដោយមិនមានជញ្ជាំងកោសិកានោះទេ។ Clavulanic acid ជម្រុញប្រសិទ្ធភាពនៃ Amoxicillin បន្ថែមប្រឆាំងនឹងបាក់តេរីដែលស៊ាំទៅនឹងថ្នាំ Amoxicillin តែឯង។
តើថ្នាំ Augmentin អាចត្រូវបានប្រើលើជំងឺអ្វីខ្លះ?
ថ្នាំ Augmentin មានប្រសិទ្ធភាពខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគបាក់តេរី ដែលបង្កអោយមានជាការឆ្លងមេរោគនៅនឹងជំងឺត្រចៀក ជំងឺរលាកសាច់បំពង់ក ជំងឺរលាកបំពង់ក ជំងឺរលាកទងសួត ជំងឺរលាកឆ្អឹងស៊ីនុស និងជំងឺរលាកសួត។ វាក៏ត្រូវបានប្រើក្នុងការព្យាបាលការឆ្លងមេរោគលើផ្លូវបង្ហូរទឹកម៉ូត្រ និងការឆ្លងមេរោគនៅនឹងស្បែកផងដែរ។
តើគេប្រើវាយ៉ាងដូចម្តេច?
ថ្នាំ Augmentin គួរតែត្រូវបានប្រើក្រោយញ៉ាំអាហាររួច ដើម្បីបន្ថយការឈឺក្រពះ។ ពេលប្រើម្តង មិនអោយលើសពីមួយគ្រាប់ឡើយ ព្រោះ Clavulanic acid អាចបណ្តាលអោយឈឺក្រពះខ្លាំង។ កម្រិតដែលត្រូវបានគេណែនាំអោយប្រើចំពោះមនុស្សពេញវ័យ គឺ ៥០០ មីលីក្រាមរៀងរាល់ ៨ ទៅ ១២ ម៉ោងម្តង, ២៥០ មីលីក្រាមរៀងរាល់ ៨ ម៉ោងម្តង, ៨៧៥ មីលីក្រាមរៀងរាល់ ១២ ម៉ោងម្តង ឬ ២.០០០ មីលីក្រាមរៀងរាល់ ១២ ម៉ោងម្តង។ កម្រិតនៃការប្រើអាស្រ័យលើធាតុផ្សំនៃ Amoxicillin។ ចំពោះកុមារវិញ ទម្ងន់លើសពី ៤០ គីឡូក្រាម គួរតែទទួលកម្រិតថ្នាំដូចនឹងមនុស្សពេញវ័យដែរ។ ចំពោះកុមារដែលមានទម្ងន់តិចជាង ៤០ គីឡូក្រាម គួរតែទទួលទាន ២០ ទៅ ៤៥ មីលីក្រាមក្នុងមួយគីឡូក្រាមរៀងរាល់ ៨ ទៅ ១២ ម៉ោងម្តង។
ចំពោះស្ត្រីមានផ្ទៃពោះវិញ ការប្រើថ្នាំ Augmentin មិនត្រូវបានគេសិក្សាបានច្បាស់លាស់នោះទេ។ ថ្នាំ Penicillin ជាទូទៅ ត្រូវបានគេចាត់ទុកថា មានសុវត្ថិភាពចំពោះស្ត្រីមានផ្ទៃពោះ ដែលមិនមានអាលែកស៊ីទៅនឹង Penicillin៕
🚫មុននិងប្រើប្រាស់ថ្នាំសូមពិគ្រោះជាមួយអ្នកជំនាញខាងឱសថជាមុនសិន ព្រោះការប្រើប្រាស់ថ្នាំខុសអាចអោយគ្រោះថ្នាក់🚫  




No comments

Theme images by Nikada. Powered by Blogger.